ធនាគារ ខេប៊ីប្រាសាក់ ​បន្តបង្កើន​បទ​ពិសោធន៍ការធ្វើប្រតិបត្តិការ​ធនាគារជាមួយបច្ចេកវិទ្យាទំនើប

ភ្នំពេញ – ថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ​រួមបញ្ចូល​គ្នា​រវាងធនាគារ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក បានដំណើរការប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធ Oracle FLEXCUBE 14.7 ជំនាន់ចុងក្រោយបំផុត។ ធនាគារ ខេប៊ីប្រាសាក់ ក្លាយជាធនាគារពាណិជ្ជដំបូងគេដែលប្រើប្រាស់ជំនាន់ចុងក្រោយបំផុតនៃប្រពន័្ធធនាគារស្នូលនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពជាយុទ្ធសាស្រ្តនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើទំនើបកម្ម ដែលអនុញ្ញាតឱ្យធនាគារផ្តល់នូវសេវាធនាគារយ៉ាងទូលំទូលាយ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃប្រសិទ្ធភាព សុក្រឹតភាព និងសុវត្ថិភាព។

            ការធ្វើទំនើបកម្មនៃ Oracle FLEXCUBE ផ្ដល់លទ្ធភាពដល់ ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងមុខងារសេវាធនាគារមួយដ៏ពេញលេញ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតផលិតផលនិងសេវាប្រកបដោយភាពច្នៃប្រឌិត។ ការប្រើប្រាស់ដំណោះស្រាយស្វ័យប្រវត្តិនិងគ្មានក្រដាសនេះ នឹងបង្កើនផលិតភាព និងលើកកម្ពស់សុវត្ថិភាព ដែលរួមមានការធ្វើឌីជីថលូបនីយកម្មនៃប្រព័ន្ធ ដូចជាកម្មវិធីសេវាធនាគារចល័ត កម្មវិធីពាណិជ្ជករ សេវាធនាគារតាមអ៊ីនធឺណិតសាជីវកម្ម ប្រព័ន្ធគាំទ្រប្រាក់កម្ចី (LSS) ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការប្រឆាំងការលាងសម្អាតប្រាក់។

          គណៈគ្រប់គ្រង់ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការពេញចិត្តចំពោះធនាគារស្នូល ការធ្វើទំនើបកម្មសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រផ្សេងៗទៀត។ លោក​បាន​កត់​សម្គាល់​ថា «ការធ្វើទំនើបកម្ម​នៃ​បច្ចេកវិទ្យា​នេះ​អាចឱ្យ​យើង​បម្រើ​​អតិថិជនគ្រប់ប្រភេទ​កាន់តែ​មាន​ប្រសិទ្ធភាព។ យើងមានសេចក្ដីរំភើបចំពោះសក្តានុពលក្នុងការពង្រីកការផ្តល់សេវារបស់យើង និងលើកកំពស់សមត្ថភាពរបស់យើងជា​ធនាគារ​ពាណិជ្ជ​ដ៏​លេញលេញផង​ដែរ​»។

            លោកបានបន្តទៀតថា ធនាគារ ខេប៊ីប្រាសាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាធនាគារឌីជីថលនៅកម្ពុជា ដោយប្តេជ្ញាផ្តល់ដំណោះស្រាយឌីជីថលដ៏ទំនើបជូនដល់អតិថិជន។ ប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី គឺស្របតាមចក្ខុវិស័យនេះ ដោយធ្វើឱ្យធនាគារ មានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការផ្ដល់សេវាធនាគារឌីជីថល។ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទប្រកបដោយភាពច្នៃប្រឌិត ចំនួន 3 ផ្សេងគ្នា ដើម្បីបម្រើអតិថិជនប្រភេទផ្សេងៗគ្នា៖

  1. កម្មវិធី KB PRASAC Mobile ៖ ជាកម្មវិធីធនាគារចល័តដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយផ្តល់នូវបទពិសោធន៍ប្រតិបត្តិការ និងសុវត្ថិភាពក្នុងការចូលប្រើប្រាស់សេវាធនាគារ ។
  2. កម្មវិធី KB PRASAC Merchant ៖ ជាកម្មវិធីជំនួយដល់ការលក់សម្រាប់អាជីវកម្ម និងពាណិជ្ជករ ដែលជួយសម្រួលដល់ការទទួលយកការទូទាត់យ៉ាងងាយស្រួល និងមានសុវត្ថិភាព។
  3. កម្មវិធី ខបភើរេតប៊ែងឃីង៖ រចនាឡើងសម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់នូវសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់និងទំនើប។

លោក Byoung-Joon Choi ប្រធានគម្រោង LG CNS មានប្រសាសន៍ថា យើងមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដែលបានធ្វើលើការងាររួមបញ្ចូលប្រព័ន្ធ ក្នុងការជួយឱ្យធនាគារ ខេប៊ីប្រាសាក់ អនុវត្តគម្រោងការរួមបញ្ចូលប្រព័ន្ធព័ត៌មានវិទ្យា និងឌីជីថល រវាង ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក។ ធនាគារ ខេប៊ីប្រាសាក់ បានរក្សាភាពខ្លាំងរបស់ខ្លួន ខណៈពេលដែលបានដាក់ឱ្យដំណើរការយ៉ាងសកម្មនូវបច្ចេកវិជ្ជាព័ត៌មានវិទ្យាថ្មីៗ ដើម្បីមានឧត្ដមភាពប្រកួតប្រជែងក្នុងនាមជាធនាគារពាណិជ្ជ។ ការប្រើប្រាស់ប្រព័ន្ធ Oracle Flexcube ជំនាន់ចុងក្រោយបំផុត ប្រព័ន្ធសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រប្រាក់កម្ចី នឹងជ្រោមជ្រែងដល់សមត្ថភាពប្រកួតប្រជែងក្នុងផ្នែកលក់។

            លោកបានបន្ថែមថា ខេប៊ីប្រាសាក់ បានធ្វើទំនើបកម្មកម្មវិធីទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកគណនីតាមទូរស័ព្ទ ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមុខងារផ្តល់ប្រាក់កម្ចីតាមទូរស័ព្ទ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សេវាសេវាធនាគារតាម អ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម និងកម្មវិធីពាណិជ្ជករសម្រាប់ពាណិជ្ជករ។ ធនាគារខេប៊ីប្រាសាក់ មានប្រព័ន្ធធនាគារដ៏ជាទីទុកចិត្តបាន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធប្រឆាំងការលាងសម្អាតប្រាក់។

លោក Vinayak Hampihalikar នាយករងនៃ Oracle Financial Services បានប្រសាសន៍ថា «ដោយប្រើប្រាស់ Oracle Banking Suite ជាប្រព័ន្ធធនាគារស្នូល ធនាគារខេប៊ីប្រាសាក់អាចពង្រីកទំហំអាជីវកម្មរបស់ខ្លួន ផ្តល់សេវាថ្មីៗជូនដល់អតិថិជន និងជំរុញសេវាទាំងនោះឱ្យកាន់តែលឿន និងសន្សំសំចៃ។ សម្រាប់ Oracle, ធនាគារ ខេប៊ីប្រាសាក់ មានដៃគូដ៏គួរឱ្យទុកចិត្ត និងរយៈពេលវែង ដែលអាចផ្តល់នូវកម្មវិធីផ្លាស់ប្តូរ ដែលនាំឱ្យការរួមបញ្ចូលគ្នាសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ពោលគឺមួយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមួយទៀតធនាគារពាណិជ្ជ។ ភាពជោគជ័យរបស់គម្រោងគឺអាចសម្រេចទៅបានដោយការខិតខំប្រឹងប្រែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្រុមហ៊ុន LG CNS និង Oracle ដែលបានរួមសាមគ្គីគ្នាជាក្រុមមួយ ដើម្បីផ្តល់នូវការលទ្ធផលផ្លាស់ប្តូរប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។ ការដាក់ឱ្យដំណើរការជាផ្លូវការទាន់ពេលវេលា បានធ្វើឱ្យមានលទ្ធផលផ្លាស់ប្តូរប្រកបដោយចំណាយតិច ដែលអនុញ្ញាតឱ្យធនាគារបម្រើអតិថិជនបានលឿនជាងមុន និងនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា»។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។​ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh

អំពី LG CNS
ដោយបង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន LG CNS គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកសេវាព័ត៌មានវិទ្យារបស់ LG Group ដែលផ្តល់សេវាបច្ចេកវិទ្យាសម្រាប់បរិវត្តកម្មឌីជីថលដល់អតិថិជនជាច្រើនក្នុង 14 ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ LG CNS ផ្តល់សេវាអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធសម្រាប់ស្ថាប័នសាធារណៈ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុ។ LG CNS មានគោលបំណងពង្រីកសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្តោតលើប្រព័ន្ធស្នូល និងការបរិវត្តកម្មឌីជីថលនៃសេវាធនាគារ កាត ការធានារ៉ាប់រង និងមូលបត្របំណុល។

អំពី Oracle
Oracle ផ្តល់ជូននូវការរួមបញ្ចូលគ្នានៃកម្មវិធី រួមទាំងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធស្វយ័តនៅក្នុង Oracle Cloud ។ សម្រាប់ព័ត៌មានបន្ថែមអំពី Oracle (NYSE: ORCL) សូមចូលទៅកាន់ www.oracle.com