ខេត្តកំពង់ធំ៖ អគារសិក្សាថ្មីមួយខ្នង ដែលមាន 5 បន្ទប់ បានធ្វើពិធីប្រគល់ជូនដល់សាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតក្នុងភូមិទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃចន្ទ ទី 22 ខែមេសា ឆ្នាំ 2024 ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ។
![](https://www.kbprasacbank.com.kh/wp-content/uploads/2024/04/1-New-School-Building.jpg)
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា, លោក ឡង គីសឹង អភិបាលនៃគណៈអភិបាលស្រុកសន្ទុក, និងលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ នៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក។ ពិធីនេះក៏មានការចូលរួមផងដែរពីអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
![](https://www.kbprasacbank.com.kh/wp-content/uploads/2024/04/2-Ribbon-Cutting-by-Provincial.jpg)
ថ្លែងក្នុងពិធីនោះ លោក អ៊ុំ សមអឿន បានមានប្រសាសន៍ថា ទ្រព្យសម្បត្តិដ៏មហាសាលរបស់ប្រទេសជាតិ គឺធនធានមនុស្ស។ ស្របតាមបេសកកម្មសង្គម ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកម្ពស់វិស័យអប់រំ។ រហូតមកដល់ពេលនេះ ខេប៊ីប្រាសាក់បានផ្តល់អគារបណ្ណាល័យចំនួន 45 ខ្នង ជូនវិទ្យាល័យ អនុវិទ្យាល័យ និងសាលាបឋមសិក្សានានានៅក្នុងខេត្តផ្សេងៗទូទាំងប្រទេស ដោយមានបំពាក់ទៅដោយសម្ភារៈបរិក្ខារ សៀវភៅនិងឯកសារ ព្រមទាំងផ្តល់ការបណ្តុះបណ្តាល បណ្ណារក្ស ស្របតាមបទដ្ឋានបណ្ណាល័យក្រសួងអប់រំ យុវជន និងកីឡា។
![](https://www.kbprasacbank.com.kh/wp-content/uploads/2024/04/3-Ribbon-Cutting-by-CEO-of-KB-PRASAC-Bank.jpg)
ដោយឡែកសម្រាប់សាលាបឋមសិក្សាអូរទឹកថ្លា ធនាគារបានសាងសង់អគារសិក្សាមួយខ្នង ដែលមាន 5 បន្ទប់ ដែលមានបំពាក់សម្ភារៈបរិក្ខារយ៉ាងពេញលេញ ដើម្បីផ្តល់នូវបន្ទប់រៀន ក៏ដូចជាបរិយាកាសក្នុងការបង្រៀននិងរៀន កាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ។ ធនាគារ ខេប៊ីប្រាសាក់ ពិតជាមានមោទនភាពក្រៃលែងដែលបានចូលរួមជាមួយគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើឱ្យអគារសិក្សានេះលេចចេញជារូបរាងនៅក្នុងសាលារៀនដាច់ស្រយាលនិងជួបការលំបាកនៃសហគមន៍អូរទឹកថ្លានេះ។ លោកក៏បានសំណូមពរដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសហគមន៍ទាំងមូលមេត្តាចូលរួមថែរក្សាសមិទ្ធផលអគារសិក្សានេះ ឱ្យបានល្អគង់វង្ស ដើម្បីអាចប្រើប្រាស់រាប់ជំនាន់យូរអង្វែងទៅមុខទៀត និងសូមជំរុញកូនចៅរបស់យើងឱ្យបានចូលសាលាគ្រប់ៗគ្នា។
ចំណែកឯ ឯកឧត្ដម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា ពិតជាមានមោទនភាពដែលបានផ្ដួចផ្ដើមកសាងអគារសិក្សានេះ ដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សនៅសាលានេះដែលគ្មានអគារសិក្សាសមរម្យ។ ក្នុងនាមឪពុកម្ដាយ និងអាណាព្យាបាលសិស្ស ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ខេប៊ីប្រាសាក់ ដែលចំណាយថវិកាទាំងស្រុងកសាងអគារសិក្សាដែលមានប 5 បន្ទប់នេះ។ អគារសិក្សាដ៏ស្រស់ស្អាតនិងរឹងមាំនេះ នឹងជំរុញសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ និងមករៀនទៀងទាត់ ទាន់កម្មវិធីសិក្សា មិនបារម្ភរឿងភ្លៀងខ្យល់ ក្ដៅ ត្រជាក់នោះទេ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដមក៏បានសំណូមពរដល់មាតាបិតា និងអាណាព្យាបាលសិស្ស ត្រូវបញ្ជូនកូនមករៀនឱ្យបានគ្រប់គ្នា មិនថាប្រុស ឬ ស្រី ឡើយ ដោយបានលើកឡើងពីសារៈសំខាន់នៃការសិក្សាសម្រាប់ការកសាងជីវភាពគ្រួសារ។ ការបញ្ជូនកូនទៅសាលា គឺប្រៀបដូចជាការសន្សំទ្រព្យឱ្យកូន ការវិនិយោគលើអនាគតកូន ដើម្បីក្លាយជាធនធានដ៏ល្អក្នុងការកសាងសង្គមជាតិ។ ឯកឧត្ដមក៏បានសង្កត់ធ្ងន់ក្នុងការបញ្ជូនកូនស្រីឱ្យទៅសិក្សាឱ្យវែងឆ្ងាយ ឱ្យបានខ្ពស់ ព្រោះថាមិនថាប្រុសឬស្រី សុទ្ធតែមានសមត្ថភាពដូចគ្នា ឱ្យតែខិតខំប្រឹងប្រែង។
![](https://www.kbprasacbank.com.kh/wp-content/uploads/2024/04/Open-Ceremony.jpg)
![](https://www.kbprasacbank.com.kh/wp-content/uploads/2024/04/Student-Activities.jpg)
អំពី ធនាគារខេប៊ីប្រាសាក់
ធនាគារ ខេប៊ីប្រាសាក់ ម.ក ជាធនាគារពាណិជ្ជដ៏ធំថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។ ធនាគារ ខេប៊ីប្រាសាក់ ជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងតាំងចិត្តយ៉ាងមុតមាំក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់ និងក្លាយជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់អ្នក។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh