ធនាគារ ខេប៊ីប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 100 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជាក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារ​ពាណិជ្ជធំៗនៅ​កម្ពុជា​ បានឧបត្ថម្ភថវិកា​ចំនួន​ 100​ លាន​រៀល​ ជូន​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា​ ក្នុង​ឱកាស​ពិធី​អបអរ​សាទរ​ខួប​លើក​ 161​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8​ ខែ​ឧសភា​ ឆ្នាំ​ 2024 ក្រោម​ប្រធាន​បទ​ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយស​ដែលបានរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ដ៏មានសារៈសំខាន់របស់កាកបាទក្រហមកម្ពុជា។ ការបរិច្ចាគនេះ​បញ្ជាក់ពីការប្ដេជ្ញាចិត្ត​យ៉ាងមោះមុតក្នុងការគាំទ្រសហគមន៍”។

ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ចូលរួមឧបត្ថម្ភដល់សិស្សពូកែ ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ យុទ្ធនាការ “ខ្ញុំស្រលាញ់ប្រាក់រៀល” និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។

​​​ការឧបត្ថម្ភថវិកានេះ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រា​សាក់​ ក្នុងការ​គាំទ្រ​ដល់​សកម្មភាព​សង្គម​​របស់​កាកបាទក្រហម​កម្ពុជា​។​ ខេប៊ី​ប្រា​សាក់​សង្ឃឹមថា​ ​ការ​បរិច្ចាគ​ថវិកា​នា​ពេលនេះ​ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការគាំទ្រកាកបាទក្រហម​កម្ពុជា​កាន់តែ​មានលទ្ធភាព​ទូលំទូលាយពង្រីកកម្មវិធី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​។