ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការ ឥណទានសូឡា (Solar Loan) ដែលជាដំណោះស្រាយហិរញ្ញប្បទានថ្មីមួយ ដើម្បីជួយដល់គ្រួសារ ក្រុមហ៊ុន ស្ថាប័ន រោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងការវិនិយោគលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ កាត់បន្ថយចំណាយថ្លៃប្រើប្រាស់ថាមពលអគ្គិសនី និងចូលរួមគាំទ្រអនាគតប្រកបដោយនិរន្តរភាព។

ឥណទានសូឡា ធនាគារ ខេប៊ីប្រាសាក់ សមស្របសម្រាប់អតិថិជនដែលមានបំណងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន ឬ អាជីវកម្ម ព្រមទាំងអាជីវកម្មដែលមានបំណងចង់ពង្រីកសកម្មភាពលក់ដុំ ឬ លក់រាយឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មដំឡើងប្រព័ន្ធសូឡា។ ទំហំឥណទានត្រូវបានផ្ដល់ជូនស្របតាមទំហំអាជីវកម្ម តាមតម្រូវការថាមពលជាក់ស្តែង និងស្របតាមលទ្ធភាពសងរបស់អតិថិជន ដើម្បីធានាថាអតិថិជនទទួលបានហិរញ្ញប្បទានដែលសមស្របទៅនឹងតម្រូវការរបស់ខ្លួន។ អតិថិជនអាចខ្ចីជាប្រាក់រៀល ឬ ប្រាក់ដុល្លារអាមេរិក ជាមួយនឹងរយៈពេលខ្ចីរហូតដល់ 10 ឆ្នាំ និងរបៀបសងប្រាក់មានភាពបត់បែន។
ថ្នាក់ដឹកនាំធនាគា រខេប៊ីប្រាសាក់ បានលើកឡើងថា៖ «តាមរយៈឥណទានសូឡា យើងកំពុងធ្វើឱ្យការវិនិយោគលើថាមពលស្អាតកាន់តែងាយស្រួលសម្រាប់គ្រួសារ និងអាជីវកម្ម ដើម្បីកាត់បន្ថយចំណាយលើអគ្គិសនី បង្កើនសមត្ថភាពប្រកួតប្រជែង និងប្រសិទ្ធភាពប្រតិបត្តិការរបស់អាជីវកម្ម ព្រមទាំងចូលរួមជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ គំនិតផ្តួចផ្តើមនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងការពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងប្រកបដោយនិរន្តរភាព»។
តាមរយៈការវិនិយោគលើថាមពលពន្លឺព្រះអាទិត្យ អតិថិជនអាចកាត់បន្ថយចំណាយលើអគ្គិសនី បង្កើនប្រសិទ្ធផលនៃការប្រើប្រាស់ថាមពល ពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលបែបប្រពៃណី ទន្ទឹមនឹងនេះក៏រួមចំណែកកាត់បន្ថយការបញ្ចេញកាបូន និងការពារបរិស្ថានផងដែរ។
ឥណទានសូឡា ក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច និងការផ្តល់សេវាធនាគារប្រកបដោយការទទួលខុសត្រូវ។ ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការការពារបរិស្ថាន គាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកដល់ការប្រើប្រាស់ថាមពលកកើតឡើងវិញកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។
