ក្រុមប្រឹក្សាភិបាល
លោក Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល
លោក Nam Che KANG
ប្រធានក្រុមប្រឹក្សាភិបាល
លោក Nam Che KANG បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Southern California នៅសហរដ្ឋអាមេរិក។ លោកមានអាជីពការងារដែលប្រកបដោយបទពិសោធន៍ល្អៗនៅក្នុងវិស័យធនាគារ ដោយបម្រើការក្នុងតួនាទីដឹកនាំសំខាន់ៗ និងចក្ខុវិស័យយុទ្ធសាស្ត្រ។
ចាប់ផ្តើមអាជីពនៅ ធនាគារ KB Kookmin Bank លោក KANG មានតួនាទីជាអនុប្រធានគ្រប់គ្រងទូទៅសាខាក្រុងញូវយ៉កពីឆ្នាំ 2007 ដល់ឆ្នាំ 2012 ជាទីដែលលោកបានសម្រួចជំនាញរបស់ខ្លួនក្នុងផ្នែកហិរញ្ញវត្ថុអន្តរជាតិ និងការគ្រប់គ្រងប្រតិបត្តិការ។ បន្ទាប់មក លោកត្រូវបានដំឡើងតួនាទីជាប្រធានក្រុមនៃនាយកដ្ឋានរតនាភិបាលពីឆ្នាំ 2012 ដល់ 2016 ដោយបង្ហាញពីជំនាញដ៏ប៉ិនប្រសប់ក្នុងយុទ្ធសាស្ត្រហិរញ្ញវត្ថុ និងគ្រប់គ្រងហានិភ័យ។ បន្ទាប់មក លោកត្រូវបានតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគាំទ្រកំណើនសាកលពីឆ្នាំ 2022 ដល់ឆ្នាំ 2023 ដោយលោកបានគាំទ្រជាយុទ្ធសាស្រ្តដល់កម្មវិធីពង្រឹងកំណើន និងប្រតិបត្តិការអន្តរជាតិរបស់ធនាគារ។
បច្ចុប្បន្ន លោកជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកផ្នែកធុរកិច្ចសកល ដែលក្នុងកិច្ចការនេះលោកទទួលខុសត្រូវលើយុទ្ធសាស្រ្តសាកល និងការអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ក្នុងគោលបំណងពង្រឹងជំហររបស់ ធនាគារ KB Kookmin Bank នៅក្នុងផ្នែកធនាគារអន្តរជាតិដែលពោរពេញដោយការប្រកួតប្រជែង។
លោកស្រី Sun Min LEE, esq
អភិបាលឯករាជ្យ
លោកស្រី Sun Min LEE, esq
អភិបាលឯករាជ្យ
លោកស្រី Sun Min LEE, esq គឺជាមេធាវីអន្តរជាតិដែលមានអាជ្ញាបណ្ណពី New York និងមានសញ្ញាបត្របណ្ឌិតផ្នែក Common Law ពី University of Victoria បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញនីតិរដ្ឋប្បវេណី និងច្បាប់ស្តីពីការវិនិយោគអន្តរជាតិ ពី Peking University និងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ជំនាញដោះស្រាយវិវាទអន្តរជាតិសាធារណៈ និងឯកជន (មជ្ឈត្តការ និងសន្ធានកម្មអន្តរជាតិ) ពី Graduate Institute Geneva។ លោកស្រីក៏មានវិញ្ញាបនបត្រស្ដីពីការរួមបញ្ចូល និងការទិញយកក្រុមហ៊ុនអន្តរជាតិ ពី International IMMA Institute និងជាបុគ្គលទទួលស្គាល់គុណវុឌ្ឍិ ក្នុងវិស័យបរធនបាលកិច្ច ពីនិយ័តករបរធនបាលកិច្ចនៅកម្ពុជា។
លោកស្រី LEE ក៏ធ្លាប់មានតួនាទីជាប្រធានគណៈកម្មការប្រឆាំងការសម្អាតប្រាក់នៅធនាគារគូកមីនកម្ពុជា ហើយបច្ចុប្បន្នលោកស្រីមានតួនាទីជាប្រធានគណៈកម្មការសវនកម្ម ក្នុងនាមជាអភិបាលឯករាជ្យនៅធនាគារ ខេប៊ីប្រាសាក់, ជាប្រធានគណៈកម្មការច្បាប់នៅសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាស្ថាបនិកនៅវិទ្យាស្ថានអភិបាលកម្ពុជា។ បច្ចុប្បន្នលោកស្រីមានតួនាទីជាប្រធានផ្នែកសេវាកម្មកូរ៉េនៅ Bun & Associates, ជាទីប្រឹក្សាច្បាប់ប្រចាំស្ថានទូតកូរ៉េ, ជាអ្នកជំនាញសកលប្រចាំតំបន់ក្នុងការវិនិយោគ សម្រាប់ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-វិនិយោគកូរ៉េ និងជាសាស្ត្រាចារ្យ ផ្នែកការរួមបញ្ចូល និងការទិញយកក្រុមហ៊ុន នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ក្នុងនាមជាអតីតមេធាវីវិនិយោគ ជាមនុស្សលេចធ្លោក្នុង “Business Women to Watch” , “Tatler’s Top 8” , “Top 100 Business Influencers” និងជាសហគ្រិន លោកស្រីក៏បានផ្តល់ការពិគ្រោះយោបល់ដល់យីហោប្រណីតៗរបស់ក្រុមហ៊ុនពហុជាតិជាច្រើនលើយុទ្ធសាស្ត្រឈានជើងចូល និងពង្រីកទីផ្សារប្រទេសចិន។ បទពិសោធន៍ចម្រុះយុត្តាធិការ ចម្រុះវប្បធម៌ និងចម្រុះវិស័យរបស់លោកស្រី Lee អនុញ្ញាតឱ្យលោកស្រីស្វែងរកជារួមនូវលក្ខខណ្ឌ និងអចលនទ្រព្យរបស់ក្រុមហ៊ុននៅក្នុងទីផ្សារដែលកំពុងលូតលាស់ដោយផ្តល់ជំនួយ ផ្តល់ការប្រឹក្សា និងតស៊ូមតិលើទំនាក់ទំនងភាគីពាក់ព័ន្ធសាធារណៈ និងឯកជន ជាមួយនឹងវិធីសាស្រ្តដែលសមស្របតាមច្បាប់ និងពាណិជ្ជកម្ម។
លោក Jaehong PAK
អភិបាលឯករាជ្យ
លោក Jaehong PAK
អភិបាលឯករាជ្យ
លោក Jaehong PAK ជាអភិបាលឯករាជ្យនៃក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ម.ក។ គាត់កំពុងបំពេញការងារជា ជាសវនករ និងទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុនគណនេយ្យកូរ៉េមួយក្នុងប្រទេសកម្ពុជា។ លោកនឹងចែករំលែកជំនាញរបស់ខ្លួនក្នុងការងារសវនកម្ម និងប្រឹក្សាជាមួយចំណេះដឹង និងបទពិសោធន៍របស់លោកដែលទទួលបានពីការងារក្នុងវិស័យផ្សេងៗ។
លោកបានសិក្សានៅសហរដ្ឋអាមេរិកតាំងពីវ័យក្មេង ដោយទទួលបានការអប់រំកម្រិតវិទ្យាល័យនៅតំបន់ Western New York State និងកម្រិតឧត្តមសិក្សានៅទីនោះនៅក្នុង Rensselaer Polytechnic Institute ក្នុងតំបន់រដ្ឋធានី New York State ។ លោកមានបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Charles Sturt University រដ្ឋ New South Wales ប្រទេសអូស្ត្រាលី។
លោកបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 13 ឆ្នាំមកហើយ។ ជាមួយនឹងបទពិសោធន៍និងការយល់ដឹងអំពីប្រទេសកម្ពុជានឹងជួយធ្វើឱ្យ ធនាគារ ខេប៊ីប្រាសាក់ មានលក្ខណៈកាន់តែប្រសើរឡើង។
លោក ច័ន្ទ សុផល
អភិបាលឯករាជ្យ
លោក ច័ន្ទ សុផល
អភិបាលឯករាជ្យ
លោក ច័ន្ទ សុផល បច្ចុប្បន្នជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលជាស្ថាប័នប្រជុំដោយអ្នកវិភាគកម្ពុជា ដែលផ្តល់សេវាស្រាវជ្រាវ និងប្រឹក្សាយោបល់លើផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្ដោតជាចម្បងលើបញ្ហាវិស័យកសិកម្ម ដីធ្លី និងពលកម្ម។
ដោយមានអាជីពរីកចម្រើនក្នុងរយៈពេល 28 ឆ្នាំកន្លងមកនេះ លោកគឺជាអ្នកស្រាវជ្រាវ និងជាអ្នកគ្រប់គ្រងនៅក្នុងស្ថាប័នផ្សេងៗ រួមមាន ធនាគារពិភពលោក Leopard Capital គម្រោងផ្តល់មូលនិធិដោយ USAID ហៅថា HARVEST កម្មវិធីស្បៀងអាហារពិភពលោក វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ច័ន្ទ សុផល បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចកសិកម្មពីសាកលវិទ្យាល័យ University of London, Imperial College នៅ Wye ចក្រភពអង់គ្លេស បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិពាណិជ្ជកម្ម University Queensland, Gatton College ប្រទេសអូស្ត្រាលី និងសញ្ញាបត្រផ្នែកធារាសាស្ត្រពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។
លោក Hyunrae KIM
អភិបាល
លោក Hyunrae KIM
អភិបាល
លោក Hyunrae KIM ជាធនាគារិកដែលមានបទពិសោធន៍ក្នុងវិស័យធនាគារ និងបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Sejong ប្រទេសកូរ៉េ ។ លោកមានជំនាញក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ ការសម្របសម្រួលធុរកិច្ច និងសេវាធនាគារអន្តរជាតិ ជិត 3 ទសវត្សរ៍។
លោកបានចាប់ផ្តើមអាជីពនៅធនាគារ Kookmin Bank ហើយជាបន្តបន្ទាប់បានកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗ។ ពីឆ្នាំ 2015 ដល់ ឆ្នាំ 2016 លោកបានបម្រើការជាប្រធានក្រុមនៃនាយកដ្ឋានយុទ្ធសាស្ត្រ និងផែនការ នៅ Kookmin Bank ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។ បន្ទាប់មក លោកត្រូវបានដំឡើងឋានៈជាអ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានផែនការ និងសម្របសម្រួល ចាប់ពីឆ្នាំ 2017 មក ហើយលោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យស្របគ្នារវាងគោលដៅសាជីវកម្មជាមួយនឹងដំណើការធុរកិច្ច។
ចាប់ពីឆ្នាំ 2021 លោក Kim ត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅនៃធនាគារ Kookmin Bank នៅទីក្រុងហាណូយ ប្រទេសវៀតណាម ហើយលោកបានដឹកនាំការពង្រីកអាជីវកម្មក្នុងតំបន់របស់ធនាគារ និងការពង្រឹងវត្តមាននៅទីផ្សារអាស៊ីអាគ្នេយ៍បានដោយជោគជ័យ។
នៅក្នុងខែកុម្ភៈ ឆ្នាំ 2025 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក នៅប្រទេសកម្ពុជា ព្រមជាមួយនឹងការពាំនាំមកនូវបទពិសោធន៍ដ៏ប៉ិនប្រសប់ ដើម្បីរួមចំណែកជំរុញកំណើន និងឧត្តមភាពប្រតិបត្តិការរបស់ធនាគារ។
លោក រី វណ្ណា
អភិបាល
លោក រី វណ្ណា
អភិបាល
លោក រី វណ្ណា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម ជំនាញហិរញ្ញវត្ថុនិងធនាគារ ព្រមទាំងថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម និងនីតិសាស្ត្រ។ លោកបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាជាច្រើន ទាំងក្នុងនិងក្រៅប្រទេសទាក់ទងនឹងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ ភាពជាដឹកនាំ និងការគ្រប់គ្រង។
លោកមានបទពិសោធន៍ជាង 20 ឆ្នាំ ក្នុងផ្នែកលក់ និងការគ្រប់គ្រងសាខា ដោយបានចាប់ផ្តើមអាជីពនៅឆ្នាំ 1999 ក្នុងតួនាទីជាមន្ត្រីឥណទាន។ អស់រយៈពេលជាច្រើនឆ្នាំ អាជីពការងាររបស់លោកបានការរីកចម្រើនជាបន្តបន្ទាប់ ដោយទទួលបានតួនាទីជាន់ខ្ពស់ រួមមាន ប្រធានមន្ត្រីឥណទាន នាយកសាខា នាយកភូមិភាគ អ្នកសម្របសម្រួលបរិស្ថាននិងសង្គម និងជាសមាជិកក្រុមប្រឹក្សាភិបាលនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ។
នៅឆ្នាំ 2011 លោកបានចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ក្នុងតួនាទីជា នាយកគាំទ្រការលក់ ហើយក្នុងឆ្នាំ 2012 លោកត្រូវបានតែងតាំងជានាយកនាយកដ្ឋានឥណទាន។ នៅឆ្នាំ 2021 លោកត្រូវបានតែងតាំងជា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម នៃធនាគារ ខេប៊ីប្រាសាក់ ម.ក ។
ដោយទទួលស្គាល់នូវភាពជាអ្នកដឹកនាំ និងការចូលរួមចំណែកជាសារវន្តរបស់លោកចំពោះការរីកចម្រើននិងអភិវឌ្ឍស្ថាប័ន លោក វណ្ណា ត្រូវបានតែងតាំងជា ប្រធាននាយកប្រតិបត្តិ នៅក្នុងខែមករា ឆ្នាំ 2026 ។
លោក អ៊ុំ សមអឿន
អភិបាល
លោក អ៊ុំ សមអឿន
អភិបាល
លោក អ៊ុំ សមអឿន បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបញ្ចប់ការសិក្សាផ្នែកគណនេយ្យ និងពាណិជ្ជកម្មក្នុងឆ្នាំ 1988 និងថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្មក្នុងឆ្នាំ 1995 ។ លោកបានចូលរួមក្នុងកម្មវិធីបណ្ដុះបណ្ដាលជាច្រើនទាក់ទងនឹងការគ្រប់គ្រង និងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុ និងធនាគារ។
ចាប់តាំងពីឆ្នាំ 1995 មក លោកបានបម្រើការនៅកម្មវិធីឥណទានប្រាសាក់ ហើយលោកត្រូវបានដំឡើងតួនាទីជាអគ្គនាយករងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ពីដើមឆ្នាំ 2007 ។ លោកក៏ជាអភិបាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ចាប់ឆ្នាំ 2004 ដល់ឆ្នាំ 2017 ផងដែរ។ ចាប់ពីឆ្នាំ 2011 មក លោកបំពេញតួនាទីជាអនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកប្រតិបត្តិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់។ ពីឆ្នាំ 2021 ដល់ឆ្នាំ 2025 លោកមានតំណែងជា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក ។
