ធនាគារ ខេប៊ីប្រាសាក់ ចូលរួម «កម្មវិធីសន្សំប្រាក់ដោយភាពវៃឆ្លាតសន្សំប្រាក់ដោយក្តីស្រឡាញ់​​»

ខេត្តកំពត៖ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសន្សំប្រាក់ នៅក្នុងទិវាសន្សំអាស៊ាន ឆ្នាំ 2025 នាថ្ងៃទី 31 ខែតុលា ឆ្នាំ 2025 នៅក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងដោយមានការចូលរួមពីតំណាងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

កម្មវិធីដ៏មានអត្ថន័យនេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមធនគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុភមង្គល និងការរីកចម្រើនក្នុងគ្រួសារ។ នៅក្នុងកម្មវិធីនេះដែរ វាគ្មិនជំនាញផ្នែកចំណេះដឹងហិរញ្ញវត្ថុ ត្រូវបានអញ្ជើញដើម្បីចែករំលែកពីផលប្រយោជន៍ក្នុងការសន្សំប្រាក់ វិធីសាស្ត្រងាយៗក្នុងការសន្សំប្រាក់ និងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ លើសពីនេះផងដែរ ក៏មានកម្មវិធីប្រកួតប្រជែងរបស់សិស្សានុ សិស្សលើប្រធានបទនៃការសន្សំប្រាក់នេះផងដែរ។

ទម្លាប់សន្សំបានដុះឡើងក្នុងសង្គមកម្ពុជាជាយូរលង់មកហើយ ប៉ុន្តែការសន្សំដ៏មានប្រសិទ្ធភាព គឺត្រូវដកចំណែកនៃចំណូលដែលរកបាន សម្រាប់ដាក់ជាប្រាក់សន្សំសិន បន្ទាប់មកប្រាក់ដែលនៅសល់ គឺទុកសម្រាប់ការចាត់ចែងលើការចំណាយនានា។ វិធីនេះនឹងជួយយើងឱ្យរក្សាបាននូវប្រាក់សម្រាប់សន្សំ និងមិនចំណាយប្រាក់ដោយខ្ជះខ្ជាយ។ ការសន្សំប្រាក់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនដូចជា ការចំណាយបន្ទាន់ ចំណាយសម្រាប់សុខភាព ការសម្រេចផែនការតាមគោលបំណង ឬ អាចជាទ្រព្យសម្រាប់ដាក់ធានាដើម្បីទទួលបានកម្ចីផងដែរ។ មួយផ្នែកធំនោះ គឺការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចាត់ចែងឱ្យមានលំហូរសាច់ប្រាក់ពីអ្នកដែលសល់សាច់ប្រាក់ទំនេរ ជូនដល់វិនិយោគិនដែលត្រូវការដើមទុនតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។

ទន្ទឹមនឹងនេះដែរ ធនាគារ ខេប៊ីប្រាសាក់ បានខិតខំចូលរួមបង្កើនការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីការសន្សំប្រាក់ដល់អតិថិជន និងសាធារណជន តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដូចជា យុទ្ធនាការអប់រំ កម្មវិធីផ្សព្វផ្សាយតាមសហគមន៍ និងការចែករំលែកមាតិការលើបណ្ដាញសង្គមឌីជីថល។ បន្ថែមលើសពីនេះ គឺយើងបានផ្ដល់អត្រាការប្រាក់ខ្ពស់រហូតដល់ 6% ក្នុង 1 ឆ្នាំ សម្រាប់អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលនេះជាការផ្ដល់ជូនដើម្បីភាពរីកចម្រើនរបស់អតិថិជនតាមរយៈចំណូលការប្រាក់។

នៅក្នុងកម្មវិធីនេះផងដែរ ខេប៊ីប្រាសាក់ ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសគឺ បើកគណនី បានលុយ ជូនដល់អតិថិជនដែលមិនទាន់មានគណនីនៅខេប៊ីប្រាសាក់ ដោយការបង្វិលកងផ្សងសំណាងនៅនឹងទីតាំងប្រារព្ធពិធីផ្ទាល់។ នេះជាការលើកទឹកចិត្តឱ្យសាធារណជនបង្កើតទម្លាប់សន្សំកាន់ច្រើននៅគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណស្របច្បាប់។