ធនាគារ ខេប៊ីប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណទានវីសា

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៦ 6 ខែមេសា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារធំៗចំនួន 5 នៅកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីក្រុមហ៊ុនដៃគូ ពាណិជ្ជករ និងអតិថិជនជាច្រើនកុះករ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទានវីសាជាផ្លូវការនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងដំណើរការបរិវត្តកម្មឌីជីថលរបស់ខេប៊ីប្រាសាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងបន្តវិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។

ប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជាបុគ្គល និងអតិថិជនជាក្រុមហ៊ុនដោយក្នុងនោះសម្រាប់អតិថិជនជាបុគ្គល គឺមានប័ណ្ណ 3 ប្រភេទ គឺ ប័ណ្ណក្លាស៊ិក ប័ណ្ណហ្គោល និងប័ណ្ណផ្លាទីនីម ចំណែកឯសម្រាប់អតិថិជនជាក្រុមហ៊ុន មានប័ណ្ណ 2 ប្រភេទ គឺ ប័ណ្ណអាជីវកម្ម និងប័ណ្ណផ្លាទីនីមអាជីវកម្ម។ ប័ណ្ណឥណទានវីសាទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់ការចំណាយរបស់អតិថិជនកាន់តែឆ្លាតវៃ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យកាន់តែរលូន ជាមួយរយៈពេលមិនគិតការប្រាក់រហូតដល់ 47 ថ្ងៃ។  អ្វីដែលពិសេសនោះគឺប័ណ្ណទាំងនេះផ្ដល់ជូនអតិថិជន ដោយមិនគិតកម្រៃសេវាក្នុងការចេញប័ណ្ណថ្មីលើកដំបូង និងមិនគិតកម្រៃសេវាប័ណ្ណប្រចាំឆ្នាំនៅឆ្នាំដំបូង។

ប័ណ្ណឥណទានខេប៊ីប្រាសាក់ស័ក្ដិសមសម្រាប់ប្រើប្រាស់ក្នុងសម័យឌីជីថលដ៏ជឿនលឿន ដែលជួយឱ្យការបញ្ជាទិញទំនិញតាមអនឡាញ ការទូទាត់ថ្លៃទំនិញនិងសេវានៅតាមបណ្ដាហាងពាណិជ្ជករ និងការដកប្រាក់នៅជុំវិញពិភពលោកកាន់តែមានភាពងាយស្រួល រហ័ស ប្រកបដោយទំនុកចិត្ត។

លើសពីនេះ អតិថិជនដែលជាម្ចាស់ប័ណ្ណវីសាផ្លាទីនីម នឹងរីករាយជាមួយអត្ថប្រយោជន៍ធ្វើដំណើរលំដាប់វីអាយភីជាច្រើន ដោយអាចចូលរង់ចាំក្នុងបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋាន Plaza Premium Lounge រហូតដល់ទៅ 5 ដងក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ។

លោក វី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់យើងខ្ញុំ ដើម្បីក្លាយជាធនាគារពាណិជ្ជយ៉ាងពេញលេញ ដែលប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលជូនដល់អតិថិជន។ ប័ណ្ណឥណទានទាំងនេះត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីបង្កើនបទពិសោធន៍ទូទាត់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពជូនដល់អតិថិជនទាំងបុគ្គល និងអាជីវកម្មជាមួយនឹងភាពបត់បែនផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែប្រសើរឡើង និងការចូលទៅកាន់បណ្តាញទូទាត់សកល»។

លោកបានបន្ថែមថា «ខណៈពេលដែលប្រទេសកម្ពុជាចាប់យកឌីជីថលូបនីយកម្ម ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាចិត្តគាំទ្របរិវត្តកម្មឌីជីថល ដោយដាក់ឱ្យដំណើរការផលិតផលនិងសេវាដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងផ្តោតលើអតិថិជន។ ការដាក់ឱ្យដំណើរការប័ណ្ណឥណទានវីសារបស់យើងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារក្នុងការបំពេញតម្រូវការបែបផែនរស់នៅ និងអាជីវកម្មរបស់អតិថិជន ទន្ទឹមនឹងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចទំនើប និងមិនប្រើប្រាស់សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា»។

លោកស្រី នី ដាលីន នាយិកាផ្នែកទំនាក់ទំនងអតិថិជន ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Visa សូមអបអរសាទរចំពោះធនាគារ ខេប៊ីប្រាសាក់ ចំពោះការបើកដំណើរការជាផ្លូវការប័ណ្ណឥណទានវីសារបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាង Visa និងធនាគារខេប៊ីប្រាសាក់ ដែលនាំមកនូវគុណតម្លៃដ៏ប្រណីតជូនដល់អតិថិជន ខណៈពេលដែលរក្សាបានស្តង់ដារអន្តរជាតិក្នុងការទូទាត់បែបឌីជីថល។ លើសពីឧបករណ៍ទូទាត់ ប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ អនុញ្ញាតឱ្យអតិថិជនរីករាយនឹងភាពងាយស្រួល សុវត្ថិភាព និងភាពបត់បែនកាន់តែច្រើននៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ទាំងក្នុង និងក្រៅប្រទេស»។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា «ការដាក់ឱ្យដំណើរការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការទូទាត់បែបឌីជីថលរបស់ប្រទេសកម្ពុជា ដែលជួយដល់អ្នកប្រើប្រាស់ និងអាជីវកម្មបានចូលរួមយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចមិនប្រើសាច់ប្រាក់។ តាមរយៈបណ្តាញសកលរបស់ Visa អ្នកកាន់ប័ណ្ណខេប៊ីប្រាសាក់អាចធ្វើប្រតិបត្តិការបានយ៉ាងរលូននៅបណ្ដាហាងរបស់អាជីវកររាប់លាននៅទូទាំងពិភពលោក ដោយពង្រឹងទំនុកចិត្តលើដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ជឿទុកចិត្ត និងទំនើប ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អាជីវកម្ម និងសេដ្ឋកិច្ចជារួម»។

បង្កើនឧត្តមភាពនៃជីវិត បន្ថែមភាពរីករាយ ជាមួយប័ណ្ណឥណទានវីសា ខេប៊ីប្រាសាក់ ចាប់ពីថ្ងៃនេះតទៅ។ លោកអ្នកអាចមកស្នើសុំនៅសាខាធនាគារខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត ឬ តាមបុគ្គលិកផ្នែកលក់ ឬ តាមកម្មវិធី KB PRASAC Mobile ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ប័ណ្ណឥណទានវីសា ឬទាក់ទងមកកាន់លេខទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ។