ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» សម្រាប់ឆ្នាំ 2026-2027 ពីអគ្គនាយកដ្ឋានពន្ធដារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល 2 ឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ វិញ្ញាបនបត្រនេះឆ្លុះបញ្ចំាងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ធនាគារចំពោះអនុលោមភាពសារពើពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។

លោក​ អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ការទទួលបានវិញ្ញាបនបត្រប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ។ វិញ្ញាបនបត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះតម្លាភាព និងការគ្រប់គ្រងហិរញ្ញវត្ថុដ៏រឹងមាំក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធចំពោះប្រទេសជាតិ»

លោកបានបន្តថា ការបង់ពន្ធ​ដោយ​វិស័យ​ឯកជន​បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ ហើយធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​​ដល់​ការរីក​ចម្រើន​​របស់​​ប្រទេសជាតិ​។