ធនាគារ ​ខេប៊ី​ប្រាសាក់ ឧបត្ថម្ភ​កម្មវិធីវិថីហិរញ្ញវត្ថុ​រដូវកាល​ទី 3 ដើម្បី​ជំរុញ​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការ​ឧបត្ថម្ភ​កម្មវិធី វិថី​ហិរញ្ញវត្ថុ​ រដូវកាល​ទី 3 ដែលជា​យុទ្ធនាការ​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយនៅ​ប្រទេស​​កម្ពុជា។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ដំណើរការដំបូង​ក្នុង​ឆ្នាំ 2023 ដោយមាន​ការ​គាំទ្រ​​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា «វិថីហិរញ្ញវត្ថុ» ​ជាកម្មវិធី​អប់រំ​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុថ្នាក់ជាតិ  ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC), សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA), ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC), និង ក្រុមហ៊ុន​ អប្សរា មេឌា សឺវីស (AMS)។

យុទ្ធនាការនៃកម្មវិធី​នេះ​ប្រើប្រាស់​កិច្ច​ពិភាក្សា វីដេអូ​ខ្លីៗ ព្រឹត្តិការណ៍​សាធារណៈ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល ដើម្បី​ធ្វើឱ្យ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​គ្រប់រូប។ កម្មវិធីនេះ​ផ្តោត​សំខាន់​គឺ​ទៅលើជំនាញ​ជាក់ស្តែងដូចជា ការ​សន្សំ ការគ្រប់គ្រងនិង​រៀបចំ​ផែនការថវិកា ការ​ខ្ចីប្រាក់​ដោយឆ្លាតវៃ និង​ការ​គ្រប់គ្រង​បំណុល ក្នុងគោលបំណងជួយ​ដល់​យុវជន ម្ចាស់​អាជីវកម្ម និង​ក្រុមគ្រួសារ​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​យល់ដឹង និង​កសាង​អនាគត​ដ៏​រឹងមាំ។

ក្រៅពីឧបត្ថម្ភកម្មវិធី ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិតកម្មវិធីនេះ ដោយតំណាងរបស់​ធនាគារ​បាន​ចូលរួម​ក្នុងកិច្ច​ពិភាក្សា និង​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពីសារៈសំខាន់​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល ​របស់​ធនាគារ ខេប៊ី​ប្រាសាក់ មានប្រសាសន៍ថា៖ «ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មាន​កិត្តិយស​ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី វិថី​ហិរញ្ញវត្ថុ ​រដូវកាល​ទី 3។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺពិតជាមានសាៈសំខាន់​សម្រាប់​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​និរន្តរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។ ការប្តេជ្ញាចិត្ត​របស់​យើង​​លើស​ពី​វិស័យ​ធនាគារ នោះគឺយើង​ជួយដល់ការរីកចម្រើនរបស់អតិថិជន គាំទ្រ​អាជីវកម្ម​ និង​រួមចំណែក​​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ»

ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។

តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងមានភាពធន់ផ្នែកហិរញ្ញវត្ថុ។