ធនាគារ ខេប៊ីប្រាសាក់ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដោយចូលរួមឧបត្ថម្ភកម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ 2025

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី «នវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ 2025» (Finclusion Innovate 2025) ក្នុងនាមជាអ្នកឧបត្ថម្ភ Diamond Sponsor ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ដែលប្រារព្ធឡើងពីថ្ងៃទី 29 ដល់ថ្ងៃទី 30 ខែសីហា ឆ្នាំ 2025 នៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ត្រូវបានសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។

កម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ គឺជាកម្មវិធីប្រកួតប្រជែងតស៊ូមតិប្រកបដោយភាពច្នៃប្រឌិតរបស់យុវជន ដែលផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យនានា បង្កើតជាដំណោះស្រាយដោយភាពច្នៃប្រឌិត និងដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកបរិយាបន្នហិរញ្ញវត្ថុក្នុងជីវិតជាក់ស្ដែង។ នៅឆ្នាំនេះ ក្រុមនិស្សិតឆ្នើមចំនួន 14 ក្រុម មកពីទូទាំងរាជធានីភ្នំពេញបានបង្ហាញគំនិតដ៏ក្លាហាននិងមានឥទ្ធិពលរបស់ពួកគេនៅថ្ងៃប្រកួត។

ក្រៅពីការឧបត្ថម្ភនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានដើរតួនាទីយ៉ាងសកម្មនៅក្នុងព្រឹត្តិការណ៍នេះ ដោយមានតំណាងរបស់ធនាគារបានចូលរួមជាគណៈកម្មការដើម្បីវាយតម្លៃសំណើដ៏ច្នៃប្រឌិតរបស់ក្រុមនិស្សិតផងដែរ។ កម្មវិធីប្រកួតប្រជែងនេះក៏បានទទួលការចូលរួមរបស់ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដោយបានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់រង្វាន់ដល់ក្រុមនិស្សិតដែលទទួលបានជ័យលាភី។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «កម្មវិធីនវានុវត្តន៍បរិយាបន្នហិរញ្ញវត្ថុ បង្ហាញពីថាមពលដ៏ក្លៀវក្លារបស់យុវជន ភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ក្នុងការរៀបចំអនាគតនៃហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន។ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងឡាយ ដែលមិនត្រឹមតែបំផុសឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវឥទ្ធិពលពិតប្រាកដដល់ប្រព័ន្ធអេកូឡូស៊ីផ្នែកហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាផងដែរ»

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។

បន្ថែមពីលើនេះ ធនាគារ ខេប៊ីប្រាសាក់ បានជំរុញយ៉ាងសកម្មនូវការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយវត្ថុជាតិ ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។ ខេប៊ីប្រាសាក់ បានគាំទ្រកម្មវិធីប្តូរប្រាក់ចាស់ ទក់ រហែករបស់ធនាគារជាតិនៃកម្ពុជា និងការផ្តល់កម្ចីជាប្រាក់រៀល។ ធនាគារ ក៏បានសហការ និងគាំទ្រដល់គំនិតផ្តួចផ្តើមផ្នែកចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុជាច្រើន រួមមានកម្មវិធីទិវាសុវត្ថិភាពតាមអ៊ីនធឺណិតជាមួយសមាគមធនាគារនៅកម្ពុជា ទិវាសន្សំអាស៊ាន និងគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ”  ដែលបានចែកចាយសៀវភៅសិក្សាផ្នែកចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងប្រទេស។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានឧបត្ថម្ភថវិកាដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ការបោះពុម្ពផ្សាយសៀវភៅចំណេះដឹងហិរញ្ញវត្ថុ «តស់! និយាយពីលុយ» ផងដែរ។

តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ។