Menu
តាមដានយើងខ្ញុំំ:

ពិធីសម្ពោធជាផ្លូវការធនាគារពាណិជ្ជថ្មី “ធនាគារ ខេប៊ីប្រាសាក់ ម.ក”

ពិធីសម្ពោធជាផ្លូវការធនាគារពាណិជ្ជថ្មី “ធនាគារ ខេប៊ីប្រាសាក់ ម.ក”

ភ្នំពេញ – ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីមួយនៅកម្ពុជា ប្រសូតឡើងពីការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី 23 ខែកុម្ភៈ ឆ្នាំ 2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើជាដៃគូហិរញ្ញវត្ថុពេញមួយជីវិតរបស់គ្រប់អតិថិជន។

នៅក្នុងឱកាសនោះ លោកជំទាវ បណ្ឌិត ជា សិរី បានអបអរសាទរចំពោះការរួមបញ្ចូលគ្នារវាងគ្រឹះស្ថានទាំងពីរ បង្កើតជាធនាគារពាណិជ្ជថ្មីមួយដ៏ធំ ដោយមានប្រសាសន៍សង្កត់ធ្ងន់លើសារៈសំខាន់នៃការរួមបញ្ចូលគ្នា ដែលនឹងជួយពង្រឹងស្ថិរភាពនិងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្មនិងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផលនិងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

លោកជំទាវ បណ្ឌិត ក៏បានលើកទឹកចិត្តដល់ ធនាគារ ខេប៊ីប្រាសាក់ 1).បន្តនូវស្មារតីរួមចំណែកគាំទ្រ និងអភិវឌ្ឍសហគមន៍ ព្រមទាំងបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត ជាពិសេសការធ្វើនវានុវត្ដន៍សេវាហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យម 2).បន្តយកចិត្តទុកដាក់លើកិច្ចការពារអតិថិជន និងតម្លាភាពក្នុងការផ្ដល់សេវាហិរញ្ញវត្ថុ ក៏ដូចជាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសង្គម 3).ផ្ដល់ជូនអតិថិជននូវកម្ចីជាមួយអត្រាសមរម្យ និង 4).ជំរុញការទទួលបានហិរញ្ញប្បទានរបស់ស្ត្រី និងឥណទានបៃតង ស្របតាមតម្រូវការរបស់អតិថិជន។

ថ្លែងក្នុងពិធីនេះ លោក Yang Jong Hee ប្រធាននាយកប្រតិបត្តិ KB Financial Group Inc. បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេសកូរ៉េ និងកម្ពុជា ក្នុងភាពជាដៃគូសេដ្ឋកិច្ច ក្នុងរយៈកាលជាង 25 ឆ្នាំមកនេះ ដែលសម្រេចបានផ្លែផ្កាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅឆ្នាំ 2022 ការកើនឡើងនៃការវិនិយោគ ឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងការពង្រឹងធនធានមនុស្សតាមរយៈការទទួលនិស្សិតឱ្យទៅធ្វើការ និងសិក្សានៅប្រទេសកូរ៉េ។

លោកបានបន្ថែមថា ស្របតាមយុទ្ធសាស្ត្រពង្រីកទីផ្សារនៅក្រៅប្រទេស និងដោយមើលឃើញពីសក្ដានុពលនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់កម្ពុជា, KB Financial Group បានឈានជើងចូលទីផ្សារកម្ពុជាដោយបានបង្កើត ធនាគារ គូកមីន កម្ពុជា (Kookmin Bank Cambodia) ក្នុងឆ្នាំ 2009 និងធនាគារឯកទេស ខេប៊ី ដេហាន (KDSB) នៅឆ្នាំ 2018 បន្ទាប់មកនៅឆ្នាំ 2021 KB Financial Group ក៏បានទទួល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ជាសមាជិកថ្មីរបស់ខ្លួន។ ហើយនៅក្នុងខែសីហា ឆ្នាំ 2023 ធនាគារ គូកមីន កម្ពុជា និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានរួមបញ្ចូលគ្នាជាធនាគារពាណិជ្ជក្រោមឈ្មោះថ្មីថា «ធនាគារ ខេប៊ីប្រាសាក់ ម.ក» ដែលនាំឱ្យមានពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ។

លោក Yang បានបន្តទៀតថា KB Financial Group, ជាបណ្តុំក្រុមហ៊ុនហិរញ្ញវត្ថុលំដាប់លេខមួយនៅប្រទេសកូរ៉េ ចំណែកឯ ធនាគារ គូកមីន ក៏ជាធនាគារពាណិជ្ជធំជាងគេនៅកូរ៉េដែរ, គឺជាក្រុមហ៊ុនមេរបស់ ធនាគារ ខេប៊ីប្រាសាក់ ដែលនឹងនាំយកនូវបទពិសោធន៍ធនាគារ បច្ចេកវិទ្យាព័ត៌មាន សមត្ថភាពផ្នែកឌីជីថល និងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា តាមរយៈធនាគាររួមបញ្ចូលគ្នានេះ។

ធនាគារ ខេប៊ីប្រាសាក់ មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ តែក៏ជួយដល់រាល់ការផ្តល់ការប្រឹក្សា និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជនផងដែរ។ លោក Yang បានបន្ថែមថា៖ «អតិថិជនរបស់យើង គឺតែងតែជាអាទិភាពទីមួយ ហើយ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសេវាហិញ្ញវត្ថុដ៏ប្រសើរដែលសមស្រប និងត្រូវតាមដំណើរជីវិតរបស់អតិថិជន និងប្រាថ្នាក្លាយជាដៃគូហិរញ្ញវត្ថុដែលជាទីទុកចិត្តពេញមួយជីវិតរបស់អតិថិជន»។

ជាមួយគ្នានេះដែរ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះដំណើរឆ្ពោះទៅមុខនេះ ដោយមានប្រសាសន៍ថា៖ «យើងខ្ញុំមានសេចក្តីរំភើបយ៉ាងក្រៃលែង ដោយបានរួមបញ្ចូលគ្នាតែមួយ ជា ធនាគារ ខេប៊ីប្រាសាក់ ដែលជួយឱ្យយើងនឹងកាន់តែរឹងមាំដើម្បីបន្តបំពេញនូវបេសកកម្មពោរពេញដោយអត្ថន័យក្នុងការជំរុញលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន។ យើងនឹងមានលទ្ធភាពកាន់តែច្រើនជាងមុនក្នុងការផ្ដល់ជូនសេវាប្រកបដោយភាពច្នៃប្រឌិត ជូនអតិថិជនគ្រប់ជំនាន់ តាមរយៈការរួមបញ្ចូលនូវបទពិសោធន៍ ជំនាញបច្ចេកទេស និងប្រភពធនធាននានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាឯកត្តជន ជាក្រុមហ៊ុន និងជាសហគ្រាសធុនតូចនិងមធ្យម»។

លោកបន្តថា ធនាគារ ខេប៊ីប្រាសាក់ បានប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តយុទ្ធសាស្ត្រស្នូលរបស់ខ្លួន ដោយផ្ដោតជាសំខាន់លើអតិថិជន ដើម្បីប្រាកដថារាល់ការសម្រេចចិត្តរបស់យើង គឺត្រូវតែចាត់ទុកផលប្រយោជន៍អតិថិជនជាធំ។ ធនាគារ ខេប៊ីប្រាសាក់ នឹងក្លាយទៅជាធនាគារសម្រាប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយរាប់ចាប់ពីអាជីវកម្មខ្នាតតូចនៅតាមតំបន់ជនបទ រហូតដល់សហគ្រាសធំៗលំដាប់អន្តរជាតិ។ យើងក៏តាំងចិត្តយ៉ាងមុតមាំក្នុងផ្ដល់ជូននូវសេវាហិរញ្ញវត្ថុកាន់តែទូលំទូលាយសម្រាប់អតិថិជនគ្រប់ជំនាន់។

ជាចុងក្រោយ លោក អ៊ុំ សមអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និយ័តករពាក់ព័ន្ធ អាជ្ញាធរដែនដី ចំពោះការផ្តល់ឱវាទ និងជាពិសេសអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងជ្រើសរើសយក ធនាគារ ខេប៊ីប្រាសាក់ ជាដៃគូហិរញ្ញវត្ថុពេញមួយជីវិត។

អំពីធនាគារ ខេប៊ីប្រាសាក់

ធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។ ការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងបទពិសោធជិត 30 ឆ្នាំរបស់ប្រាសាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងនវានុវត្តន៍ហិរញ្ញវត្ថុលំដាប់ពិភពលោករបស់ធនាគារ KB Kookmin Bank ក្នុងវិស័យធនាគារ ធ្វើឱ្យ ខេប៊ីប្រាសាក់ អាចផ្តល់នូវសេវានិងផលិតផលធនាគារប្រកបដោយនវានុវត្តន៍កាន់តែទូលំទូលាយជូនដល់អតិថិជននៅក្នុងទីផ្សារធនាគារកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ មានទ្រព្យសកម្មសរុបចំនួន 5.7 ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំចំនួន 3.1 ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបចំនួន 5.0 ប៊ីលានដុល្លារអាមរិក ការិយាល័យសាខាចំនួន 192 និងបុគ្គលិកជាង 10,000  នាក់ គិតត្រឹមដំណាច់ឆ្នាំ 2023 ។ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។

ធនាគារ ខេប៊ីប្រាសាក់ ​បន្តបង្កើន​បទ​ពិសោធន៍ការធ្វើប្រតិបត្តិការ​ធនាគារជាមួយបច្ចេកវិទ្យាទំនើប

ភ្នំពេញ – ថ្ងៃទី 1 ខែ កុម្ភៈ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជថ្មីនៅកម្ពុជា ត្រូវបានបង្កើតឡើងដោយ​រួមបញ្ចូល​គ្នា​រវាងធនាគារ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក បានដំណើរការប្រព័ន្ធធនាគារស្នូលរបស់ខ្លួនដោយប្រើប្រាស់ប្រព័ន្ធ Oracle FLEXCUBE 14.7 ជំនាន់ចុងក្រោយបំផុត។ ធនាគារ ខេប៊ីប្រាសាក់ ក្លាយជាធនាគារពាណិជ្ជដំបូងគេដែលប្រើប្រាស់ជំនាន់ចុងក្រោយបំផុតនៃប្រពន័្ធធនាគារស្នូលនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពជាយុទ្ធសាស្រ្តនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការធ្វើទំនើបកម្ម ដែលអនុញ្ញាតឱ្យធនាគារផ្តល់នូវសេវាធនាគារយ៉ាងទូលំទូលាយ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនៃប្រសិទ្ធភាព សុក្រឹតភាព និងសុវត្ថិភាព។

            ការធ្វើទំនើបកម្មនៃ Oracle FLEXCUBE ផ្ដល់លទ្ធភាពដល់ ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងមុខងារសេវាធនាគារមួយដ៏ពេញលេញ ដែលជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតផលិតផលនិងសេវាប្រកបដោយភាពច្នៃប្រឌិត។ ការប្រើប្រាស់ដំណោះស្រាយស្វ័យប្រវត្តិនិងគ្មានក្រដាសនេះ នឹងបង្កើនផលិតភាព និងលើកកម្ពស់សុវត្ថិភាព ដែលរួមមានការធ្វើឌីជីថលូបនីយកម្មនៃប្រព័ន្ធ ដូចជាកម្មវិធីសេវាធនាគារចល័ត កម្មវិធីពាណិជ្ជករ សេវាធនាគារតាមអ៊ីនធឺណិតសាជីវកម្ម ប្រព័ន្ធគាំទ្រប្រាក់កម្ចី (LSS) ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងការប្រឆាំងការលាងសម្អាតប្រាក់។

          គណៈគ្រប់គ្រង់ ធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការពេញចិត្តចំពោះធនាគារស្នូល ការធ្វើទំនើបកម្មសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រផ្សេងៗទៀត។ លោក​បាន​កត់​សម្គាល់​ថា «ការធ្វើទំនើបកម្ម​នៃ​បច្ចេកវិទ្យា​នេះ​អាចឱ្យ​យើង​បម្រើ​​អតិថិជនគ្រប់ប្រភេទ​កាន់តែ​មាន​ប្រសិទ្ធភាព។ យើងមានសេចក្ដីរំភើបចំពោះសក្តានុពលក្នុងការពង្រីកការផ្តល់សេវារបស់យើង និងលើកកំពស់សមត្ថភាពរបស់យើងជា​ធនាគារ​ពាណិជ្ជ​ដ៏​លេញលេញផង​ដែរ​»។

            លោកបានបន្តទៀតថា ធនាគារ ខេប៊ីប្រាសាក់ ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាធនាគារឌីជីថលនៅកម្ពុជា ដោយប្តេជ្ញាផ្តល់ដំណោះស្រាយឌីជីថលដ៏ទំនើបជូនដល់អតិថិជន។ ប្រព័ន្ធធនាគារស្នូលជំនាន់ថ្មី គឺស្របតាមចក្ខុវិស័យនេះ ដោយធ្វើឱ្យធនាគារ មានលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការផ្ដល់សេវាធនាគារឌីជីថល។ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធធនាគារស្នូល ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទប្រកបដោយភាពច្នៃប្រឌិត ចំនួន 3 ផ្សេងគ្នា ដើម្បីបម្រើអតិថិជនប្រភេទផ្សេងៗគ្នា៖

  1. កម្មវិធី KB PRASAC Mobile ៖ ជាកម្មវិធីធនាគារចល័តដែលរចនាឡើងសម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយផ្តល់នូវបទពិសោធន៍ប្រតិបត្តិការ និងសុវត្ថិភាពក្នុងការចូលប្រើប្រាស់សេវាធនាគារ ។
  2. កម្មវិធី KB PRASAC Merchant ៖ ជាកម្មវិធីជំនួយដល់ការលក់សម្រាប់អាជីវកម្ម និងពាណិជ្ជករ ដែលជួយសម្រួលដល់ការទទួលយកការទូទាត់យ៉ាងងាយស្រួល និងមានសុវត្ថិភាព។
  3. កម្មវិធី ខបភើរេតប៊ែងឃីង៖ រចនាឡើងសម្រាប់អតិថិជនជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុន ដែលផ្តល់នូវសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុកម្រិតខ្ពស់និងទំនើប។

លោក Byoung-Joon Choi ប្រធានគម្រោង LG CNS មានប្រសាសន៍ថា យើងមានមោទនភាពដែលបានក្លាយជាក្រុមហ៊ុនដែលបានធ្វើលើការងាររួមបញ្ចូលប្រព័ន្ធ ក្នុងការជួយឱ្យធនាគារ ខេប៊ីប្រាសាក់ អនុវត្តគម្រោងការរួមបញ្ចូលប្រព័ន្ធព័ត៌មានវិទ្យា និងឌីជីថល រវាង ធនាគារ​ ​គូក​មីន​ កម្ពុជា​ ​ភី​អិ​ល​ស៊ី និង ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក។ ធនាគារ ខេប៊ីប្រាសាក់ បានរក្សាភាពខ្លាំងរបស់ខ្លួន ខណៈពេលដែលបានដាក់ឱ្យដំណើរការយ៉ាងសកម្មនូវបច្ចេកវិជ្ជាព័ត៌មានវិទ្យាថ្មីៗ ដើម្បីមានឧត្ដមភាពប្រកួតប្រជែងក្នុងនាមជាធនាគារពាណិជ្ជ។ ការប្រើប្រាស់ប្រព័ន្ធ Oracle Flexcube ជំនាន់ចុងក្រោយបំផុត ប្រព័ន្ធសេវាធនាគារឌីជីថល និងប្រព័ន្ធគាំទ្រប្រាក់កម្ចី នឹងជ្រោមជ្រែងដល់សមត្ថភាពប្រកួតប្រជែងក្នុងផ្នែកលក់។

            លោកបានបន្ថែមថា ខេប៊ីប្រាសាក់ បានធ្វើទំនើបកម្មកម្មវិធីទូរស័ព្ទ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកគណនីតាមទូរស័ព្ទ ការផ្ទេរប្រាក់ទៅក្រៅប្រទេស និងមុខងារផ្តល់ប្រាក់កម្ចីតាមទូរស័ព្ទ ព្រមទាំងបានដាក់ឱ្យប្រើប្រាស់សេវាសេវាធនាគារតាម អ៊ីនធឺណិតសម្រាប់អតិថិជនសាជីវកម្ម និងកម្មវិធីពាណិជ្ជករសម្រាប់ពាណិជ្ជករ។ ធនាគារខេប៊ីប្រាសាក់ មានប្រព័ន្ធធនាគារដ៏ជាទីទុកចិត្តបាន ជាមួយនឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រព័ន្ធប្រឆាំងការលាងសម្អាតប្រាក់។

លោក Vinayak Hampihalikar នាយករងនៃ Oracle Financial Services បានប្រសាសន៍ថា «ដោយប្រើប្រាស់ Oracle Banking Suite ជាប្រព័ន្ធធនាគារស្នូល ធនាគារខេប៊ីប្រាសាក់អាចពង្រីកទំហំអាជីវកម្មរបស់ខ្លួន ផ្តល់សេវាថ្មីៗជូនដល់អតិថិជន និងជំរុញសេវាទាំងនោះឱ្យកាន់តែលឿន និងសន្សំសំចៃ។ សម្រាប់ Oracle, ធនាគារ ខេប៊ីប្រាសាក់ មានដៃគូដ៏គួរឱ្យទុកចិត្ត និងរយៈពេលវែង ដែលអាចផ្តល់នូវកម្មវិធីផ្លាស់ប្តូរ ដែលនាំឱ្យការរួមបញ្ចូលគ្នាសម្រាប់ស្ថាប័នហិរញ្ញវត្ថុចំនួនពីរ ពោលគឺមួយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងមួយទៀតធនាគារពាណិជ្ជ។ ភាពជោគជ័យរបស់គម្រោងគឺអាចសម្រេចទៅបានដោយការខិតខំប្រឹងប្រែងរបស់ធនាគារ ខេប៊ីប្រាសាក់ ក្រុមហ៊ុន LG CNS និង Oracle ដែលបានរួមសាមគ្គីគ្នាជាក្រុមមួយ ដើម្បីផ្តល់នូវការលទ្ធផលផ្លាស់ប្តូរប្រកបដោយគុណភាពខ្ពស់ និងទាន់ពេលវេលា។ ការដាក់ឱ្យដំណើរការជាផ្លូវការទាន់ពេលវេលា បានធ្វើឱ្យមានលទ្ធផលផ្លាស់ប្តូរប្រកបដោយចំណាយតិច ដែលអនុញ្ញាតឱ្យធនាគារបម្រើអតិថិជនបានលឿនជាងមុន និងនាំមកនូវដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា»។

អំពី ធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ មានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការនៅខែសីហា ឆ្នាំ 2023 និងជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ។​ ធនាគារ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ជំរុញកំណើនសេដ្ឋកិច្ច និងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ជូនដល់គ្រប់អតិថិជន។ ព័ត៌មានបន្ថែម www.kbprasacbank.com.kh

អំពី LG CNS
ដោយបង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន LG CNS គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកសេវាព័ត៌មានវិទ្យារបស់ LG Group ដែលផ្តល់សេវាបច្ចេកវិទ្យាសម្រាប់បរិវត្តកម្មឌីជីថលដល់អតិថិជនជាច្រើនក្នុង 14 ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ LG CNS ផ្តល់សេវាអភិវឌ្ឍនិងប្រតិបត្តិការប្រព័ន្ធសម្រាប់ស្ថាប័នសាធារណៈ ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នហិរញ្ញវត្ថុ។ LG CNS មានគោលបំណងពង្រីកសេវាកម្មរបស់ខ្លួនមកកាន់ប្រទេសកម្ពុជាដោយផ្តោតលើប្រព័ន្ធស្នូល និងការបរិវត្តកម្មឌីជីថលនៃសេវាធនាគារ កាត ការធានារ៉ាប់រង និងមូលបត្របំណុល។

អំពី Oracle
Oracle ផ្តល់ជូននូវការរួមបញ្ចូលគ្នានៃកម្មវិធី រួមទាំងសុវត្ថិភាព និងហេដ្ឋារចនាសម្ព័ន្ធស្វយ័តនៅក្នុង Oracle Cloud ។ សម្រាប់ព័ត៌មានបន្ថែមអំពី Oracle (NYSE: ORCL) សូមចូលទៅកាន់ www.oracle.com