ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខសម្រាប់អតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខអតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025 (SWIFT Customer Security Controls Framework v2025) ដែលជាក្របខ័ណ្ឌដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីការពារអតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិតាម SWIFT ពីការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

វិញ្ញាបនបត្រដ៏វិសេសនេះត្រូវបានវាយតម្លៃ និងប្រគល់ជូនដោយ SISA Information Security Worldwide ដែលមានសុពលភាពចាប់ពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ។ សមិទ្ធផលដ៏សំខាន់នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពល្អប្រសើររបស់ធនាគារក្នុងការការពារព័ត៌មានសំខាន់ៗរបស់អតិថិជន ទន្ទឹមនឹងការរក្សាបាននូវបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតជាសកល។

ថ្លែងក្នុងឱកាសដ៏រីករាយនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ដោយសារការខិតខំធ្វើការដោយយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិក យើងអាចទទួលបានវិញ្ញាបនបត្រដ៏ខ្ពង់ខ្ពស់នេះ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការការពារព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជន»។

ធនាគារ ខេប៊ីប្រាសាក់ ត្រូវបានបញ្ជាក់ថាបានអនុលោមតាមតម្រូវការរបស់បទដ្ឋានសុវត្ថិភាពអតិថិជន SWIFT ឆ្នាំ 2025 បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់។​ អនុលោមភាពនេះផ្អែកលើភស្តុតាង វត្ថុតាង និងឯកសារដែលបានផ្តល់ជូន SISA Information Security Worldwide ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃក្របខ័ណ្ឌវាយតម្លៃឯករាជ្យឆ្នាំ 2025 ។

ធនាគារ ខេប៊ីប្រាសាក់ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថាព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជនត្រូវបានការពារ និងមានសុវត្ថិភាព។ ធនាគារបន្តពង្រឹងផ្នែកបច្ចេកវិទ្យា និងវិធានការសុវត្ថិភាព ដើម្បីធានាថាការផ្ទេរប្រាក់អន្តរជាតិមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនទាំងអស់ ដែលធ្វើឱ្យធនាគារ ខេប៊ីប្រាសាក់ ក្លាយជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត។​