ធនាគារ ខេប៊ីប្រាសាក់ ប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារមត្តេយ្យ ដែលផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា

អគារមត្តេយ្យសិក្សានៅសាលាបឋមសិក្សាសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នារសៀលថ្ងៃទី 3 ខែកក្កដា ឆ្នាំ 2025 ដោយមានការអញ្ជីញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម យឹម លាត និង លោកជំទាវ សាយ សំអាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា។ អគារមត្តេយ្យនេះសាងសង់ឡើងក្រោមគំនិតផ្តួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា ដោយទទួលបានការគាំទ្រថវិកាពីធនាគារ ខេប៊ីប្រាសាក់

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា កន្លងមក ធនាគារ
ខេប៊ីប្រាសាក់ បានផ្តល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន 48 ខ្នង ជូនសាលារៀននានាក្នុងខេត្តចំនួន 15 នៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានបំពាក់សៀវភៅ និងសម្ភារៈសិក្សាស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។ លោកបន្ថែមថា មានតែការជួយវិស័យអប់រំទេដែលអាចជួយកូនចៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាទទួលបានចំណេះដឹងដែលជាតម្រូវការចាំបាច់សម្រាប់ទុកប្រកបរបរ ឬ រកចំណូលនាថ្ងៃអនាគត។

ឯកឧត្តម យឹម លាត បានថ្លែងថា ដូចបងប្អូនបានជ្រាបស្រាប់ហើយថា ធនាគារ ខេប៊ីប្រាសាក់ មិនទើបតែសាងសង់អគារនៅសាលាបឋមសិក្សាសំបូរនេះទេ គឺបានផ្ដល់អគារបណ្ណាល័យនិងអគារសិក្សាចំនួន 48 ខ្នង រួចមកហើយនៅតាមសាលាផ្សេងៗ ដើម្បីជួយឱ្យសិស្សានុសិស្សរបស់យើងឱ្យមានចំណេះដឹង និងអនាគតល្អ។ អគារមត្តេយ្យនៅសាលាបឋមសិក្សាសំបូរនឹងសាងសង់និងបំពាក់សម្ភារៈរួចរាល់នាពេលប៉ុន្មានខែខាងមុខនេះ។ ដូចនេះ ក្មួយៗត្រូវតែប្រើប្រាស់ និងជួយថែរក្សាសមិទ្ធផលនេះឱ្យប្រើប្រាស់បានយូរអង្វែង ហើយត្រូវខិតខំរៀនសូត្រដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយសិស្សសាលាដទៃទៀត។

នាឱកាសនោះ ក៏មានការដាំដើមឈើពីគណៈអធិបតី និងភ្ញៀវកិត្តិយសដើម្បីលើកកម្ពស់សោភណភាព     បរិស្ថានបៃតងក្នុងសាលារៀនផងដែរ។

ធនាគារ​ ខេ​ប៊ី​ប្រា​សាក់​ ​ម​.​ក​ ​គឺជា​ធនាគារ​ពាណិជ្ជ​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​អាជ្ញា​ប​ណ្ណ​ពី​ ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​។ គិតត្រឹម ខែធ្នូ ឆ្នាំ 2024 ​ខេ​ប៊ី​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 5.64 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​ 3.53 ​ប៊ី​លាន​ដុល្លារ​អាមេរិក អតិថិជនបញ្ញើសន្សំចំនួន 979 ពាន់នាក់ ​ ​ស​ម្ពៀ​ត​ឥណទាន​សរុប​ចំនួន​ 5.18 ​ប៊ី​លាន​ដុល្លារ​អាម​រិ​ក អតិថិជនឥណទាន 576 ពាន់នាក់​ ​ការិយាល័យ​សាខា​ចំនួន​ 188 ​និង​បុគ្គលិក​មាន​ចំនួន​ច្រើនជាង​ 10,000 ​នាក់​។