ភ្នំពេញ 5 ឧសភា 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភថវិកាចំនួន 400 លានរៀល ជូនចំពោះ កាកបាទក្រហមកម្ពុជា ក្នុងឱកាសពិធីអបអរសាទរខួបលើក 162 ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី 8 ខែឧសភា ឆ្នាំ 2025 និងខួបលើកទី 70 ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។

ថ្នាក់ដឹកនាំធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “យើងខ្ញុំពិតជាមានសេចក្ដីរីករាយដែលបានចូលរួមចំណែកគាំទ្រកាកបាទក្រហមកម្ពុជាក្នុងសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអ្នកជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ”។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ និងសម្រាប់ការអនុញ្ញាតឱ្យសប្បុរសជនពីវិស័យឯកជនបានចូលរួមក្នុងបព្វហេតុដ៏ពិសិដ្ឋនេះជាមួយកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមសង្គ្រោះជនក្រីក្រ ជួយកិច្ចការងារសុខមាលភាពប្រជាជនកម្ពុជា និងសកម្មភាពមនុស្សធម៌នានា។
ជាកិច្ចតបស្នង លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណជាអនេកដល់ ធនាគារ ខេប៊ីប្រាសាក់ ដែលតែងតែចូលរួមជាមួយសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងសូមជូនពរដល់ថ្នាក់នាំធនាគារ ខេប៊ីប្រាសាក់ និងបុគ្គលិកទាំងអស់ឱ្យជួបប្រទះតែសុខចម្រើន ព្រមទាំងសូមឱ្យសកម្មភាពធុរកិច្ចរបស់ធនាគារមានដំណើរការកាន់តែល្អប្រសើរ និងបន្តចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារក៏បានចូលរួមសកម្មសង្គមជាច្រើនដូចជា ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 សាងសង់អគារបណ្ណាល័យនិងសាលារៀន ឧបត្ថម្ភទិវាអំណានជាតិ ឧបត្ថម្ភកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ប្រាក់រៀល ផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនផងដែរ។





