ធនាគារ ខេប៊ីប្រាសាក់ ម.ក បានឧបត្ថម្ភថវិកាចំនួន 500,000 ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈមូលនិធិតេជោការពារព្រំដែន ដើម្បីជួយដល់ជនភៀសសឹក និងចូលរួមការស្តារនិងអភិវឌ្ឍតំបន់ព្រំដែនឡើងវិញក្រោយបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ។

ស្ថិតក្នុងជំនួបខ្លីនាព្រឹកថ្ងៃទី 4 ខែសីហា ឆ្នាំ 2025 នេះ លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានប្រគល់ថវិកានេះដោយផ្ទាល់ជូនឯកឧត្ដម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅខុទ្ទកាល័យ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
ជាការតបស្នង ឯកឧត្ដម គីម ប៊ុនថាន បានពាំនាំនូវការផ្តាំផ្ញើ និងថ្លែងអំណរគុណយ៉ាងជ្រាលពីសម្តេចតេជោ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងពលរដ្ឋកម្ពុជា ដែល ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមក្នុងស្មារតីមនុស្សធម៌ និងបន្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។
ក្រៅពីការឧបត្ថម្ភខាងលើនេះ ធនាគារ ខេប៊ីប្រាសាក់ បាននិងកំពុងជួយសម្រាលបន្ទុកដល់គ្រួសារយោធិន ក៏បានលុបចោលបំណុលទាំងស្រុងជូនអតិថិជន និងអ្នករួមខ្ចី ជាយោធិនពលី ដែលបានបំពេញប្រតិបត្តិការក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា។
ធនាគារ ខេប៊ីប្រាសាក់ ក៏នឹងផ្តល់អាហារូបករណ៍ 100% សម្រាប់ថ្នាក់បរិញ្ញាបត្ររយៈពេល 4 ឆ្នាំជូនដល់កូនៗរបស់វីរជនពលីជីវិតដែលជាអតិថិជន ឬ អ្នករួមខ្ចី របស់ខេប៊ីប្រាសាក់ ចាប់ពីឆ្នាំសិក្សា 2025 ដល់ឆ្នាំ 2030។ មិនតែប៉ុណ្ណោះ ខេប៊ីប្រាសាក់ ក៏នឹងផ្តល់ឱកាសការងារជូនដល់កូនៗរបស់វីរជនពលីជីវិតក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ ទៅតាមជំនាញ និងសមត្ថភាពរបស់ពួកគាត់ផងដែរ។
គួរបញ្ជាក់ផងដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ ធនាគារ ខេប៊ីប្រាសាក់ បាននាំយកអង្ករ ដែលជាអំណោយរបស់មូលនិធិបុគ្គលិកធនាគារខេប៊ីប្រាសាក់ ប្រគល់ជូនរដ្ឋបាលខេត្តនានាដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីឧបត្ថមគាំទ្រដល់ប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិ។ បន្ថែមពីលើនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធវីរជនពលី និងនាំយកថវិកាពីមូលនិធិបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ដើម្បីចូលរួមឧបត្ថម្ភដល់គ្រួសារវីរជនពលីផងដែរ។




