ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដោយបានក្លាយជាអ្នកឧបត្ថម្ភ Gold Sponsor នៃពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា( UYFC )។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ។

កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ការតាំងពិព័រណ៍នេះ មានស្តង់និងបញ្ជរជាច្រើនរាប់រយ ដែលបានចូលរួមដាក់បង្ហាញផលិតផលខ្មែរចម្រុះច្រើនប្រភេទ ពីអាជីវកម្មជាលក្ខណៈគ្រួសារ សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ។


លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងការតាំងពិព័រណ៍ដ៏មានអត្ថន័យនេះ ដែលលើកកម្ពស់ផលិតផលខ្មែរ និងជួយដល់អាជីវកម្មក្នុងស្រុក។ ការគាំទ្រដល់គំនិតផ្តួចផ្តើមបែបនេះ មិនត្រឹមតែពង្រឹងសេដ្ឋកិច្ចជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការជំរុញភាពជាសហគ្រិន និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព»។
តាមរយៈការឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ គូសបញ្ជាក់ពីតួនាទីរបស់ខ្លួនជាពលរដ្ឋសាជីវកម្មដែលមានទំនួលខុសត្រូវ ជំរុញយ៉ាងសកម្មនូវពាណិជ្ជកម្មក្នុងស្រុក និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ទន្ទឹមនឹងការបន្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍សម្រាប់អតិថិជនជាបុគ្គល សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មនានាទូទាំងប្រទេស។





