ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភវេទិកាពន្ធដារកម្ពុជាឆ្នាំ 2026 ដើម្បីលើកកម្ពស់ប្រសិទ្ធភាពពន្ធដារទូទាំងប្រទេស

រាជធានីភ្នំពេញ – ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភប្រភេទ «មាស» ក្នុងកម្មវិធី វេទិកាពន្ធដារកម្ពុជា ឆ្នាំ 2026 ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ត្រូវបានរៀបចំឡើងសម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងចំណូលពន្ធដារ ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីធានាថាការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព និងការកសាងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ដោយមានការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2026 នៅទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

វេទិកាពន្ធដារកម្ពុជាឆ្នាំ 2026 បានប្រមូលផ្តុំមន្ត្រីពន្ធដារជាន់ខ្ពស់ អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកដឹកនាំធុរកិច្ច ដើម្បីចែករំលែកពីបច្ចុប្បន្នភាព និងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពពន្ធដារ។​ ខេប៊ីប្រាសាក់ ក៏បានចូលរួម និងបានទទួលនូវព័ត៌មានថ្មីៗទាក់ទិននឹងស្ថានភាព និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារនៅកម្ពុជាផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាឱ្យបាននូវបទដ្ឋានអនុលោមភាពខ្ពស់បំផុត។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលនាពេលថ្មីៗនេះ ដោយសារធនាគារទើបទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ធនាគារក្នុងការរក្សាអនុលោមភាពសារពើពន្ធ តម្លាភាព និងការបង់ពន្ធទាន់ពេលវេលា។