ធនាគារ ខេប៊ីប្រាសាក់ រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2025 និងលើកទិសដៅការងារឆ្នាំ 2026

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានរៀបចំសិក្ខាសាលានៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយកភូមិភាគ នាយកសាខា និងបុគ្គលិកមកពីតាមបណ្តាខេត្ត។ សិក្ខាសាលានេះមានគោលបំណងពិនិត្យនិងវាយតម្លៃលទ្ធផលការអនុវត្តការងារក្នុងឆ្នាំ 2025 និងកំណត់ផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងឧត្តមភាពប្រតិបត្តិការក្នុងឆ្នាំ 2026 ។

ក្នុងអំឡុងសិក្ខាសាលា សិក្ខាកាមបានសិក្សា និងពិភាក្សាស៊ីជម្រៅលើប្រធានបទសំខាន់ៗដែលចាំបាច់សម្រាប់ធានាស្ថិរភាព និងសុចរិតភាពរយៈពេលវែង រួមមាន៖ ការគ្រប់គ្រងនៅកម្រិតសាខា ការគ្រប់គ្រងហានិភ័យ ក្រមប្រតិបត្តិធនាគារ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចការពារអតិថិជន។ ប្រធានបទទាំងនេះបានអំណោយផលក្នុងការពង្រឹងក្របខ័ណ្ឌអភិបាលកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការផ្ដល់សេវាធនាគារប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ សិក្ខាកាមក៏បានបញ្ជាក់នូវការតាំងចិត្តរបស់ពួកគេចំពោះការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ និងប្តេជ្ញាចិត្តក្លាយជាអ្នកឈានមុខគេលើកិច្ចការពារអតិថិជនតាមរយៈការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

បន្ថែមលើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីរក្សាបាននូវកំណើននៅឆ្នាំ 2026 ព្រមជាមួយនឹង​ចក្ខុវិស័យ​រួមក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈដោយផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ និងចាត់ទុកអតិថិជនគឺជាអាទិភាពទីមួយ។