ធនាគារ ខេប៊ីប្រាសាក់ មានក្ដីសោមនស្សដែលបានឧបត្ថម្ភថវិកាចំនួន 10,000 ដុល្លារអាមេរិក ដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីនាំយកស្នាមញញឹមថ្មី ភាពជឿជាក់ និងភាពរីករាយក្នុងជីវិត ដល់អ្នកដែលកើតមកមានបបូរមាត់ឆែប និងមានពិការភាពមុខមាត់ផ្សេងៗ។

បេសកកម្មវះកាត់ដែលនាំឱ្យមានការផ្លាស់ប្តូរក្នុងជីវិតនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែមីនា ឆ្នាំ 2026 នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដោយមានក្រុមគ្រូពេទ្យជំនាញផ្តល់ការវះកាត់ និងការព្យាបាល ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងបេសកកម្មនេះ ព្រឹត្តិការណ៍ «ដើរដើម្បីស្នាមញញឹម» ក៏ត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន និងបង្ហាញការគាំទ្ររួមសម្រាប់បុព្វហេតុនេះផងដែរ ដោយមានការចូលរួមយ៉ាងសាទរពីបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ និងអ្នកចូលរួមជាច្រើនទៀត។
គួរបញ្ជាក់ដែរថា ធនាគារ ខេប៊ីប្រាសាក់ បានគាំទ្រយ៉ាងសកម្មនូវបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ ធនាគារក៏បានឧបត្ថម្ភបេសកកម្មវះកាត់មួយ កាលពីខែមករាកន្លងទៅ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ការរួមចំណែកជាបន្តបន្ទាប់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការឱ្យអំណោយទៅសហគមន៍វិញ តាមរយៈកិច្ចផ្តួចផ្តើមមនុស្សធម៌ ដោយបញ្ជាក់ជាថ្មីថាទំនួលខុសត្រូវសង្គមនៅតែជាអាទិភាពចម្បងមួយរបស់ធនាគារ ខេប៊ីប្រាសាក់។






