ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភទិវាធានារ៉ាប់រងកម្ពុជា 2026 និងបរិច្ចាគថវិកាជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ខេត្តសៀមរាប៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការចូលរួមជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «ទិវាធានារ៉ាប់រងកម្ពុជា 2026» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 25-26 ខែមេសា ឆ្នាំ 2026 នៅសួនច្បារព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានបរិច្ចាគថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជា។

ព្រឹត្តិការណ៍នេះអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

ទិវាធានារ៉ាប់រងកម្ពុជា ជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការយល់ដឹងអំពីសេវាធានារ៉ាប់រង និងជួយបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជន។ ព្រឹត្តិការណ៍នេះបានជួយប្រជាជនកម្ពុជា ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីផលិតផលសេវាធានារ៉ាប់រង ដែលអាចការពារពួកគាត់ពីបន្ទុកហិរញ្ញវត្ថុពេលមានគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងដោយចៃដន្យ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមរត់កម្សាន្តដើម្បីសុខភាព និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃសេវាធានារ៉ាប់រង និងការទូទាត់វិក្កយបត្រសេវាធានារ៉ាប់រងដោយឥតគិតថ្លៃតាម KB PRASAC Mobile ផងដែរ។ លើសពីនេះ ខេប៊ីប្រាសាក់ ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសគឺ បើកគណនី បានលុយ និងវត្ថុអនុស្សាវរីយ៍ស្អាតៗ ដល់អតិថិជនដែលមិនទាន់មានគណនីនៅខេប៊ីប្រាសាក់។

ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជន ជាពិសេសសេវាបង់វិក្កយបត្រធានារ៉ាប់រងតាមរយៈកម្មវិធី KB PRASAC Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស សុវត្ថិភាព និងឥតគិតថ្លៃ។ ក្រុមហ៊ុនធានារ៉ាប់រងដែលអាចទូទាត់បានតាម KB PRASAC Mobile រួមមាន អេ អាយ អេ ខេមបូឌា, ដាយ អ៊ិឈិ ឡាយហ្វ៍, ហ្វតតេ អ៊ិនសួរឹនស៍, ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ), ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក, អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក, ហ្វីលីព ឡាយហ្វ៍ អាសួរេន, និង អេទីកា ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក។