ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន PillTech ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងដំណោះស្រាយទូទាត់ឌីជីថលក្នុងវិស័យថែទាំសុខភាព

ភ្នំពេញ កម្ពុជា ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ — ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន PillTech Solutions Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រក្នុងការតភ្ជាប់សេវាធនាគារនិងហិរញ្ញវត្ថុ ជាមួយវិស័យថែទាំសុខភាពនិងឱសថស្ថាននៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បានបង្កើតនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗមួយចំនួនរួមមាន៖ លទ្ធភាពនៃការផ្តល់ហិរញ្ញប្បទានសាជីវកម្ម និងការវិនិយោគទុនយុទ្ធសាស្ត្រលើក្រុមហ៊ុន PillTech, ដំណោះស្រាយហិរញ្ញប្បទានសម្រាប់ឱសថស្ថានដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងបណ្តាញរបស់ PillTech, ការតភ្ជាប់ប្រព័ន្ធទូទាត់បែបឌីជីថល, ការធ្វើទីផ្សាររួមគ្នា, ការអភិវឌ្ឍអាជីវកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងពង្រីកសេវាធនាគារ និងសេវាទូទាត់របស់ខ្លួនក្នុងវិស័យថែទាំសុខភាព ខណៈដែលក្រុមហ៊ុន PillTech មានគោលដៅពង្រឹងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងគាំទ្រដល់បណ្តាឱសថស្ថាន តាមរយៈការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ប្រាក់ដែលបានរួមបញ្ចូលគ្នាយ៉ាងរលូន។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តទៅដោយមានរបស់លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ និងលោក កេត សក្ដា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា និងជាសហស្ថាបនិកនៃក្រុមហ៊ុន PillTech Solutions Co., Ltd. ព្រមទាំងតំណាងមកពីស្ថាប័នទាំងពីរ។

កិច្ចសហការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ ការគាំទ្រដល់អាជីវកម្មឱសថស្ថាន និងការរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីថែទាំសុខភាព និងហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា។