Menu
តាមដានយើងខ្ញុំំ:

ធនាគារ KB Kookmin Bank ប្រគល់អគារបណ្ណាល័យមួយខ្នងជូនសាលាបឋមសិក្សានិងអនុវិទ្យាល័យ ដំណាក់អំពិល

ខេត្តកណ្តាល៖ ធនាគារ KB Kookmin Bank ដែលជាធនាគារឈានមុខគេនៅប្រទេសកូរ៉េ និងជាភាគទុនិករបស់ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីប្រគល់ទទួលអគារបណ្ណាល័យ 1 ខ្នងជូនសាលាបឋមសិក្សា និងអនុវិទ្យាល័យដំណាក់អំពិល ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី 21 ខែមីនា ឆ្នាំ 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែ សុវណ្ណ អនុរដ្ឋលេខាធិការ​ ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ។ អគារបណ្ណាល័យនេះប្រសូតឡើងពីការឧបត្ថម្ភរបស់បុគ្គលិ​កធនាគារ​ គូកមីន​ សហគមន៍​ និងដៃគូពាក់ព័ន្ធ ព្រមជាមួយនឹងការចូលរួមបញ្ចប់សាងសង់ដោយផ្ទាល់ពីបុគ្គលិកធនាគារ គូកមីន ប្រមាណជាជាង 30 នាក់។

ក្រៅពីការចូលរួមដោយក្រុមស្ម័គ្រចិត្តនៃបុគ្គលិកធនាគារ គូកមីន ក្នុងការបង្កើនសោភណភាពបណ្ណាល័យ និងសាលារៀន តាមរយៈការលាបថ្នាំពណ៌ និងគូរគំនូរលើជញ្ជាំង ក្រុមការងារនេះក៏បានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដោយរៀបចំឱ្យមានការលេងល្បែងប្រពៃណីកូរ៉េ ដូចជា ទាត់សី (Jegichagi) និង បោះព្រួញ (Tuho) ជាដើម។

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំ​ ធនាគារ ខេប៊ីប្រាសាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េ និងភាគីពាក់ព័ន្ធដែលបានឧបត្ថម្ភការសាងសង់បណ្ណាល័យនៅសាលាដំណាក់អំពិលនេះ។ ការសាងសង់បញ្ចប់ដោយជោគជ័យ និងការប្រគល់ទទួលអគារបណ្ណាល័យ នេះគឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ KB Kookmin Bank ចំពោះការចូលរួមអភិវឌ្ឍវិស័យអប់រំ និងការគាំទ្រសហគមន៍នៅកម្ពុជា។ លោកក៏សង្ឃឹមផងដែរថា សិស្សានុសិស្ស នឹងប្រើប្រាស់បណ្ណាល័យនេះឱ្យអស់លទ្ធភាពក្នុងការទាញយកចំណេះវិជ្ជាពីការអានសៀវភៅ និងការសិក្សាស្រាវជ្រាវនានា ដើម្បីជាប្រយោជន៍សម្រាប់អនាគត ព្រមទាំងចូលរួមក្នុងការថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លានេះ។

ថ្នាក់ដឹកនាំរបស់ធនាគារ KB Kookmin Bank បានមានប្រសាសន៍ថា “យើងសង្ឃឹមថាប្រជាជន និងយុវជនកម្ពុជា នឹងរីករាយនឹងឱកាសទទួលបានចំណេះដឹង និងការសិក្សានៅក្នុងបណ្ណាល័យ KB ដើម្បីទទួលបានបទពិសោធន៍អំពីពិភពលោកកាន់តែទូលំទូលាយតាមរយៈសៀវភៅ និងបង្កើនសុបិននិងក្តីសង្ឃឹម”។

គួរកត់សម្គាល់ថា ធនាគារ KB Kookmin Bank ក៏ធ្លាប់បានឧបត្ថម្ភក្នុងកិច្ចការងារសង្គមនៅកម្ពុជារួមមាន ការសាងសង់អគារបណ្ណាល័យ ការឧបត្ថម្ភការព្យាបាលជំងឺបេះដូងដល់កុមារកម្ពុជា ការចូលរួមឧបត្ថម្ភថវិកាជូនមូលនិធិអាហារូបករណ៍សម្តេចតេជោ ជាដើម។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីនាំស្នាមញញឹមដល់កុមារ

ខេត្តសៀមរាប៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ក្នុងកញ្ចប់ជា Gold Sponsor ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះ ទំនួលខុសត្រូវសង្គម និងការបង្កើតឥទ្ធិពលជាវិជ្ជមាន និងមានអត្ថន័យដល់សហគមន៍កម្ពុជា។

កម្មវិធីនេះ ដែលធ្វើឡើងពីថ្ងៃទី 13 ដល់ 15 ខែមីនា ឆ្នាំ 2025 នៅមន្ទីរពេទ្យខេត្តសៀមរាប ផ្ដល់ជូននូវការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗពីកំណើត។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែមានគោលបំណងស្ដារនូវស្នាមញញឹមរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមពង្រឹងនូវទំនុកចិត្ត និងគុណភាពជីវិតរបស់ពួកគេផងដែរ។

អង្គការស្នាមញញឹមកម្ពុជា ដែលជាផ្នែកមួយរបស់អង្គការស្នាមញញឹមអាស៊ី ទទួលបានការរួមសហការពី អ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រអន្តរជាតិមកពីអង្គការអនាគតស្នាមញញឹមចិន និង BEAM Hong Kong បានសហការជាមួយអ្នកជំនាញវេជ្ជសាស្ត្រកម្ពុជា ដើម្បីផ្តល់ការវះកាត់ជួយកែប្រែជីវិតនេះជូនកុមារដែលមានតម្រូវការ។

ធនាគារ ខេប៊ីប្រាសាក់ មានកិត្តិយសក្នុងការគាំទ្រដល់បុព្វហេតុដ៏ថ្លៃថ្លានេះ។ ធនាគារ ខេប៊ីប្រាសាក់ តែងតែតបស្នងសង្គម ហើយនឹងបន្តគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយណាដែលបានរួមចំណែកដល់សុខុមាលភាពរបស់សហគមន៍កម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភទិវាជាតិអំណាន ឆ្នាំ 2025

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការឧបត្ថម្ភ ទិវាជាតិអំណាន ឆ្នាំ 2025 ដែលប្រារព្ធឡើងពីថ្ងៃទី 8 ដល់ថ្ងៃទី 11 ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ ក្រោមប្រធានបទ “ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម”។ ការឧបត្ថម្ភនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ធនាគារក្នុងការលើកកម្ពស់ការអប់រំ និងលើកកម្ពស់វប្បធម៌អាន នៅទូទាំងប្រទេសកម្ពុជា។

ក្នុងឱកាសនោះដែរ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំជាស្តង់ពិព័រណ៍ដើម្បីចូលរួមចំណែកក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការចែករំលែកចំណេះដឹងហិរញ្ញវត្ថុក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញការសន្សំ និងការគ្រប់គ្រងការចាយវាយតាមរយៈគណនីសន្សំ និងការប្រើប្រាស់អេបធនាគារ ខេប៊ីប្រាសាក់ ផងដែរ។

ជាលទ្ធផលនៃការរួមចំណែករបស់ធនាគារ ខេប៊ីប្រាសាក់  ក្នុងការពង្រឹងធនធានមនុស្ស អគារបណ្ណាល័យចំនួន 47 នៅតាមបណ្ដាខេត្តត្រូវបានសាងសង់ និងបំពាក់សម្ភារៈស្របតាមបទដ្ឋានក្រសួងអប់រំ និងផ្តល់ឱកាសឱ្យសិស្សានុសិស្ស និងសហគមន៍នូវលទ្ធភាពទទួលបានចំណេះដឹង និងធនធានសិក្សាកាន់តែប្រសើរឡើង។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមឧបត្ថម្ភយុទ្ធនាការបរិច្ចាគឈាមដើម្បីគាំទ្របុព្វហេតុសង្គ្រោះជីវិត

ភ្នំពេញ ថ្ងៃទី 7 ខែមីនា ឆ្នាំ 2025 ៖ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវសង្គម ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភយុទ្ធនាការ “បរិច្ចាគឈាមសង្គ្រោះជីវិត” ហើយក្នុងនោះ ក៏មានការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកផងដែរ។ គំនិតផ្តួចផ្តើមដ៏មានអត្ថន័យនេះ ត្រូវបានសហការរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងបានធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ។

យុទ្ធនាការនេះ មានគោលបំណងបំពេញការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាពរបស់សហគមន៍ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាមជាអំណោយសង្រ្គោះជីវិត។ ជាមួយនឹងការកើនឡើងនៃតម្រូវការឈាមនៅក្នុងមន្ទីរពេទ្យនានាទូទាំងប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការរួមចំណែកដល់បុព្វហេតុដ៏សំខាន់នេះ និងលើកទឹកចិត្តឱ្យមានការចូលរួមកាន់តែច្រើនក្នុងសកម្មភាពស្រដៀងគ្នានេះ។

ថ្នាក់ដឹកនាំម្នាក់របស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា “ក្នុងនាមជាស្ថាប័នដែលមានទំនួលខុសត្រូវ ធនាគារខេប៊ីប្រាសាក់ មានកិត្តិយសដែលបានចូលរួមក្នុងបុព្វហេតុដ៏ពិសិដ្ឋនេះ។ ការបរិច្ចាគឈាមគឺជាទង្វើសាមញ្ញ ប៉ុន្តែមានឥទ្ធិពលដែលអាចជួយសង្គ្រោះជីវិតបាន ហើយយើងប្តេជ្ញាគាំទ្រសហគមន៍របស់យើងតាមរយៈគំនិតផ្តួចផ្តើមប្រកបដោយផលវិជ្ជមាននេះ”។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ត្រឡប់ទៅកាន់សង្គមវិញ ហើយនឹងបន្តចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម (CSR) ផ្សេងៗដែលផ្ដល់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យសម្រាប់ជីវិតមនុស្សម្នាក់ៗ។

ទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមកម្មវិធី KB PRASAC Mobile

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ដោយសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការនូវសេវាទូទាត់សេវាសាធារណៈជាច្រើនរបស់ក្រសួង តាមកម្មវិធី KB PRASAC Mobile ។

ភាពជាដៃគូនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងជំរុញឌីជីថលូបនីយកម្ម ជំរុញប្រតិបត្តិការដោយមិនប្រើក្រដាសប្រាក់ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។

តាមរយៈកម្មវិធី KB PRASAC Mobile អតិថិជនអាចបង់សេវាសាធារណៈជាច្រើនរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព ដោយរួមមាន ៖

  • ទិញលេខសម្គាល់យានយន្ត
  • ចុះបញ្ជីយានយន្ត
  • ត្រួតពិនិត្យបច្ចេកទេសយានយន្ត (ឆៀក)
  • ការ​ផ្តល់​ និង​ការ​បន្ត​សុពលភាព​បណ្ណបើកបរ​
  • អាជ្ញាប័ណ្ណអាជីវកម្មដឹកជញ្ជូនផ្លូវគោក
  • សេវាផ្សេងៗទៀតជាច្រើន

សូមជម្រាបថា ថ្មីៗនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏មានផ្ដល់សេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) ផងដែរ។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។

ទេសាភិបាលរងធនាគារជាតិ នៃ កម្ពុជា អញ្ជើញធ្វើទស្សនកិច្ចនៅការិយាល័យកណ្តាល ធនាគារ ខេប៊ីប្រាសាក់

យើងខ្ញុំមានសេចក្តីរីករាយនិងកិត្តិយសដ៏ធំធេង និងសូមស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា អមជាមួយថ្នាក់ដឹកនាំ និងសហការី ធនាគារជាតិនៃកម្ពុជា ជាច្រើនរូប ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ មកកាន់ការិយាល័យកណ្ដាលនៃ ធនាគារ ខេប៊ីប្រាសាក់ ម.ក កាលពីថ្ងៃទី 5 ខែកុម្ភៈ ឆ្នាំ 2025 ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំបូន្មាន និងការគាំទ្រ យ៉ាងខ្ជាប់ខ្ជួនចំពោះបេសកកម្មរបស់ធនាគារយើងខ្ញុំលើកិច្ចការងារបរិយាប័ន្នហិរញ្ញវត្ថុ កិច្ចការពារអតិថិជន ចំណេះដឹងហិរញ្ញវត្ថុ និងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ យើងខ្ញុំតែងត្រៀមខ្លួនគាំទ្រនូវគំនិតផ្តួចផ្តើមនានា របស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ផ្តល់ជូនសេវាបង់ពន្ធតាមបញ្ជរសាខា

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ដើម្បីផ្តល់ជូនសេវាបង់ពន្ធដោយងាយស្រួល និងសុវត្ថិភាព នៅតាមបញ្ជរសាខាសំខាន់ៗរបស់ធនាគារនៅទូទាំងប្រទេស។

ឥឡូវនេះ អតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ អាចបំពេញកាតព្វកិច្ចបង់ពន្ធរបស់ខ្លួន នូវពន្ធដូចខាងក្រោម៖

  • ពន្ធលើមធ្យោបាយដឹកជញ្ជូន
  • ពន្ធលើអចលនទ្រព្យ
  • ពន្ធសហគ្រាស ដែលរួមមាន ពន្ធប្រចាំខែ (ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុក ប្រាក់រំដោះពន្ធ ពន្ធលើតម្លៃបន្ថែម) និងពន្ធប្រចាំឆ្នាំ (ពន្ធលើប្រាក់ចំណេញ ពន្ធប៉ាតង់ជាដើម)។
  • ពន្ធផ្សេងៗ

ធនាគារបានរៀបចំឱ្យមានបញ្ជរសម្រាប់តែទទួលការងារបង់ពន្ធ ដោយមិនគិតថ្លៃសេវា ដើម្បីផ្តល់ជូននូវភាពងាយស្រួល និងកាន់តែលឿនរហ័សសម្រាប់អតិថិជនជាបុគ្គល និងក្រុមហ៊ុន/អាជីវកម្ម។

នៅពេលអនាគតដ៏ខ្លីខាងមុខនេះ ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងធ្វើឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដោយពង្រីកសេវាបង់ពន្ធទៅកាន់ថ្នាលឌីជីថល រួមមានកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល និង សេវាខេប៊ីប្រាសាក់ខបភើរេត។ ការផ្ដល់ជូនដ៏ពិសេសនេះ នឹងផ្តល់ឱ្យអតិថិជននូវមធ្យោបាយកាន់តែងាយស្រួល សុវត្ថិភាព និងអាចប្រើប្រាស់បានក្នុងការបំពេញកាតព្វកិច្ចពន្ធ គ្រប់ពេលវេលា គ្រប់ទីកន្លែង។

ក្នុងនាមជាតួអង្គសំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ទទួលស្គាល់តួនាទីសំខាន់នៃការអនុលោមពន្ធក្នុងការជំរុញកំណើនជាតិ។ ធនាគារត្រូវបានទទួលស្គាល់ថាជាសហគ្រាសមួយដែលបង់ពន្ធច្រើនជាងគេ ដែលទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ លិខិតសរសើរទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ធនាគារចំពោះតម្លាភាព និងអភិបាលកិច្ចពន្ធសាជីវកម្មដ៏ល្អ។

សូមជម្រាបជូនថា ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រស្ដីពីការអនុលោមពន្ធពីអគ្គនាយកដ្ឋានពន្ធដារកម្រិត “មាស” ចាប់តាំងពីវិញ្ញាបនបត្រនេះត្រូវបានបង្កើតឡើងមកម្ល៉េះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវាបង់ពន្ធ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការដាំកូនឈើ

សៀមរាប ថ្ងៃទី 25 ខែមករា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ បានរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរាក្នុងសកម្មភាពដាំកូនឈើនៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីចូលរួមក្នុងការបង្កើនគម្របពណ៌បៃតង និងគាំទ្រដល់ការអភិរក្សតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញរបស់អង្គការយូណេស្កូ។

ព្រឹត្តិការណ៍នេះបានរៀបចំឡើងបន្ទាប់ពី ធនាគារ ខេប៊ីប្រាសាក់ បានបញ្ចប់កម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់ខ្លួនប្រកបដោយជោគជ័យក្នុងការដាក់ចេញនូវទិសដៅផែនការយុទ្ធសាស្ត្រធុរកិច្ចឆ្នាំ 2025 ជាមួយនឹងកំណើនប្រកបដោយនិរន្តរភាព និងឧត្តមភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបជូនដល់អតិថិជន​ និងសាធារណជន។

ក្នុងនាមជាធនាគារធំមួយ និងមានស្ថិរភាពនៅកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ច ក៏ដូចជាបន្តអនុវត្តសកម្មភាពការងារសង្គម ព្រមទាំងរួមចំណែកដល់ការអភិរក្សបរិស្ថាន និងបេតិកភណ្ឌវប្បធម៌របស់យើង។ យើងមានមោទនភាពក្នុងការសហការជាមួយអាជ្ញាធរជាតិអប្សរា ​ក្នុង​ការ​ការពារ​សម្រស់​ធម្មជាតិ​នៃតំបន់ប្រាសាទ​អង្គរ និង​ពង្រឹង​ការ​ប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ទំនួលខុសត្រូវ​សង្គម​របស់ស្ថាប័ន។

ទូទាត់​ថ្លៃ​ធ្វើ​ដំណើរឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​តាម ខេប៊ីប្រាសាក់ម៉ូបាល

ភ្នំពេញ ថ្ងៃទី 1 ខែមករា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ប្រាក់ថ្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមកម្មវិធី ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) ។ សេវានេះអនុញ្ញាតឱ្យអតិថិជនជាអ្នកធ្វើដំណើរអាចឆ្លងកាត់ច្រកចេញ-ចូលផ្លូវល្បឿនលឿន ដោយប្រើប្រាស់គន្លងផ្លូវ ANPR និង ETC បានយ៉ាងងាយស្រួល និងមិនបាច់រង់ចាំ។ មធ្យោបាយទូទាត់ថ្មីនេះ សបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនភាពងាយស្រួលដល់អតិថិជន និងសម្រួលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុក្នុងបរិបទនៃការរីកចម្រើនហេដ្ឋារចនាសម្ព័ន្ធ និងសេវាឌីជីថលនៅកម្ពុជា។

បញ្ចូលទឹកប្រាក់ទូទាត់មុនដោយភាពងាយស្រួល៖ អតិថិជនដែលប្រើប្រាស់កម្មវិធី KB PRASAC Mobile អាចធ្វើការបញ្ចូលលុយទុកជាមុនសម្រាប់សមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ឬ ញាតិមិត្តដោយផ្ទាល់ តាមកម្មវិធី KB PRASAC Mobile ។ ទឹកប្រាក់ថ្លៃធ្វើដំណើរនឹងត្រូវបានកាត់ដោយស្វ័យប្រវត្តិ ទៅតាមចម្ងាយផ្លូវធ្វើដំណើរ និងប្រភេទយានជំនិះនៅច្រកចេញ។ អតិថិជនអាចបញ្ចូលទឹកប្រាក់រហូតដល់ 1,000  ដុល្លារ ទៅក្នុងសមតុល្យផ្លាកលេខយានជំនិះរបស់ខ្លួន ដែលជួយសម្រួលដល់ការធ្វើដំណើរគ្រប់ពេលបានយ៉ាងរហ័ស។

របៀបបញ្ចូលទឹកប្រាក់សមតុល្យជាមុន តាមកម្មវិធី KB PRASAC Mobile ៖ ជាដំបូងលោកអ្នកចូលទៅក្នុងអេប ខេប៊ីប្រាសាក់ម៉ូបាល រួចអនុវត្តបន្តដូចខាងក្រោម៖

  1. ចុចលើ Payments
  2. ចុចលើ Public Services និងជ្រើសយក PPSHV Expressway
  3. ជ្រើសយកប្រភេទ និងបញ្ចូលផ្លាកលេខយានជំនិះ
  4. បញ្ចូលចំនួនទឹកប្រាក់តាមតាមការចង់បាន
  5. ចុចលើ Pay និងចុចលើ Confirm

មិនទាន់មាន KB PRASAC Mobile ? លោកអ្នកអាចទាញយក កម្មវិធី KB PRASAC Mobile នេះមកដាក់នៅលើស្មាតហ្វូនរបស់លោកអ្នក រួចបើកគណនីសន្សំបានដោយខ្លួនឯង រួចធ្វើការបញ្ចូលទឹកប្រាក់ដើម្បីទូទាត់ថ្លៃធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មុនពេលចេញដំណើរបានភ្លាមៗ។

ស្វែងយល់ពីច្រកផ្លូវ ANPR និង ETC ៖ ANPR គឺជាច្រកអាទិភាពសម្រាប់ការទូទាត់ប្រាក់ដោយស្វ័យប្រវត្តិតាមរយៈផ្លាកលេខរថយន្ត។ អតិថិជនត្រូវបញ្ចូលទឹកប្រាក់ជាមុន ដោយមិនចាំបាច់យកកាតនៅច្រកចូលឡើយ។ ទឹកប្រាក់នឹងកាត់ចេញដោយស្វ័យប្រវត្តិពីគណនីសន្សំរបស់លោកអ្នកនៅខេប៊ីប្រាសាក់ នៅច្រកចេញផ្លូវល្បឿនលឿន។ រីឯ ETC គឺជាច្រកអាទិភាពមួយផ្សេងទៀតនៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន។ ដើម្បី ចូល-ចេញ ច្រកនេះបាន អ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តរបស់បងប្អូនដែលមិនបានបំពាក់ឧបករណ៍ OBU នោះទេ គឺមិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវាបង់ប្រាក់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ឬទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ ដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស តាម KB PRASAC Mobile និង KB PRASAC Corporate

ភ្នំពេញថ្ងៃទី 25 ខែធ្នូ ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស និងគ្រឹះស្ថាននានា តាមរយៈ ខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) និង ខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) ។ គ្រប់សហគ្រាស និងគ្រឹះស្ថាន អាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន បានយ៉ាងងាយស្រួល។

ជាមួយនឹងមុខងារថ្មីនេះ អតិថិជន ដែលជាសហគ្រាស និងគ្រឹះស្ថាន អាចប្រើប្រាស់សេវាប្រកបដោយភាពច្នៃប្រឌិតនេះ ដើម្បីសម្រួលដំណើរការទូទាត់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ធុរកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈមធ្យោបាយឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់នេះ កម្រៃសេវាក្នុងការបង់ភាគទានមក ប.ស.ស.  របស់សហគ្រាស និងគ្រឹះស្ថាន ត្រូវបានលើកលែង។

ការផ្តល់ជូននូវសេវានេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការប្រើប្រាស់នវានុវត្តន៍ឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូហ្ស៊ីផ្នែកហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល ទំនើប សុវត្ថិភាព និងជំរុញដល់ការរីកចម្រើននៃកម្លាំងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ឬទូរស័ព្ទមកលេខ 098 999 911 ឬ 023 999 911។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួមក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត

ខេត្តកំពត ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួម ពិធីបុណ្យសមុទ្រ ដែលប្រារព្ធឡើងពីថ្ងៃទី 13 ដល់ 15 ខែធ្នូ ឆ្នាំ 2024 នៅខេត្តកំពត ដែលជាពិធីដ៏អធិកអធម ក្នុងគោលបំណងលើកកម្ពស់ផលិតផលក្នុងស្រុក បង្ហាញពីសក្តានុពលទេសចរណ៍ប្រទេសកម្ពុជា និងបង្ហាញពីឱកាសអេកូទេសចរណ៍​​ តាមតំបន់ឆ្នេរដ៏ស្រស់ស្អាត។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ និងការច្នៃប្រឌិតក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងមោទនភាពវប្បធម៌។

នៅក្នុងពិធីបុណ្យនេះ ធនាគារ ខេប៊ីប្រាសាក់ រៀបចំស្តង់ដើម្បីអាចឱ្យភ្ញៀវទេសចរអាចទទួលបានចំណេះដឹងលើការប្រើប្រាស់សេវាហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការ ព្រមទាំងការពិគ្រោះយោបល់លើផលិតផល និងសេវាហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ផងដែរ។ បន្ថែមពីនេះ ធនាគារ ក៏បានចូលរួមក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើតទម្លាប់សន្សំជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការតាមរយៈការផ្តល់ជូនការបើកគណនីឌីជីថល ជាមួយនឹងប្រូម៉ូសិនដែលផ្តល់រង្វាន់ជាសាច់ប្រាក់ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

ជាផ្នែកមួយនៃការយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍប្រកបដោយចីរភាព ធនាគារ ខេប៊ីប្រាសាក់ ក៏កំពុងលើកកម្ពស់ការផ្តល់ប្រាក់កម្ចីបៃតង ដែលជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន និងផ្តល់ផលប្រយោជន៍ទាំងអតិថិជន និងភពផែនដី។

ធនាគារ ខេប៊ីប្រាសាក់ បើកបណ្ណាល័យទី 46 ដើម្បីលើកកម្ពស់វិស័យអប់រំនិងទម្លាប់នៃការអាន

ខេត្តបន្ទាយមានជ័យ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2024៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាបឋមនូវបណ្ណាល័យទី 46 របស់ខ្លួននៅសាលាបឋមសិក្សាទឹកជោរ ស្ថិតក្នុងភូមិទឹកជោ ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនេះស្របឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងផ្នែកទំនួលខុសត្រូវសង្គមឥតឈប់ឈររបស់ធនាគារក្នុងបណ្ដុះសេចក្ដីស្រឡាញ់ក្នុងការអានក្នុងចំណោមយុវជនកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍការអប់រំនៅក្នុងសហគមន៍មូលដ្ឋាន។

បណ្ណាល័យដែលទើបកសាងថ្មីនេះ ត្រូវបានបំពាក់ដោយសៀវភៅនិងសម្ភារៈអប់រំប្រកបដោយគុណភាពជាច្រើន ដើម្បីបំផុសទឹកចិត្តសិស្សក្នុងការខិតខំប្រឹងប្រែងសិក្សា និងលើកកម្ពស់ទម្លាប់សិក្សាពេញមួយជីវិត។ ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់សម្ភារៈធនធានដែលជំរុញឱកាសសិក្សា ដែលរួមចំណែកដល់ការរីកលូតលាស់ និងការបង្កើនសមត្ថភាពដល់មនុស្សជំនាន់ក្រោយ។

សូម​បញ្ជាក់​ថា​ ​គិត​ត្រឹម​ខែ​ធ្នូ​ ​ឆ្នាំ​ 2024 ​នេះ​ ​គម្រោង​បណគម្រោងបណ្ណាល័យខេប៊ីប្រាសាក់​ដាក់​ឱ្យ​ប្រើប្រាស់​ចំនួន​ 46 ​អគារ​គ្របដណ្តប់​លើ​ភូមិ​ចំនួន​ 499 ​ភូមិ ​ដែល​មាន​ចំនួន​គ្រួសារ​សរុប​ 108,810 ​គ្រួសារ​ ​មាន​ប្រជាជន​សរុប​ចំនួន​ 446,427 ​នៅ​ក្នុង​ 14 ​ខេត្ត​រួម​មាន​ កំពង់ស្ពឺ​ ​កំពង់ចាម​ ​កណ្ដាល​ ​ព្រៃវែង​ ​កំពង់ធំ​ ​សៀមរាប​ ​តាកែវ​ ​ព្រះវិហារ​ ​បាត់​ដំបង​ ​ស្វាយរៀង​ ​បន្ទាយ​មានជ័យ​ ​កែប​ ​ពោធិ៍សាត់ និងត្បូងឃ្មុំ ហើយ​មាន​សិស្សានុសិស្ស​ដែល​ទទួល​ផល​ផ្ទាល់​ពី​គម្រោង​បណ្ណាល័យ​នេះ​ចំនួន​ 171,485 ​នាក់​។​

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដើម្បីផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋកម្ពុជា

ភ្នំពេញ 8 តុលា 2024 ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា មានមោទនភាពក្នុងការចូលរួមឧបត្ថម្ភគម្រោង “សុវត្ថិភាពហិរញ្ញវត្ថុ” ដោយបានគាំទ្រការបោះពុម្ពសៀវភៅកម្រងមេរៀនស្ដីពី ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។

គម្រោងនេះផ្ដួចផ្ដើមឡើងដោយ ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងឧបត្ថម្ភគាំទ្រដោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាច្រើន ក្នុងនោះរួមមានធនាគារ ខេប៊ីប្រាសាក់ ផងដែរ។

ក្នុងនាមជាធនាគារពាណិជ្ជឈានមុខ ខេប៊ីប្រាសាក់ បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ខ្លួនចូលរួមជាមួយតួអង្គសំខាន់ៗនៅក្នុងវិស័យហិរញ្ញវត្ថុក្នុងការចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន និងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការផ្ដល់សេវាហិរញ្ញវត្ថុសម្បូរបែប។

ថ្នាក់ដឹកនាំ KB Financial Group បានទទួលការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សេអ៊ូល ថ្ងៃទី 13 ខែកញ្ញា 2024៖ លោក Yang Jong-hee ប្រធាននាយកប្រតិបត្តិ KB Financial Group និងថ្នាក់គ្រប់គ្រង KB Financial Group ព្រមទាំងថ្នាក់ដឹកនាំ ធនាគារ ខេប៊ីប្រាសាក់ បានទទួលការអនុញ្ញាតពី ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រ​កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនានា នៅ​សណ្ឋាគារ Incheon Inspire Resort នៅទីក្រុង Incheon នៃសាធារណរដ្ឋកូរ៉េ នាព្រឹក​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2024 នេះ។

សូមជម្រាបជូនថា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ៖ «មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន» ក្នុងវេទិកាចំណេះដឹងពិភពលោកលើកទី 25 នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងជំនួបសម្តែងការគួរសមនេះ លោក Yang Jong-hee  បានជម្រាបជូនសម្តេចតេជោ ពីស្ថានភាពអាជីកម្មរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ គូកមីន ក្នុងការបន្តផ្ដល់សេវាហិរញ្ញវត្ថុដែលសម្បូរបែបប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍​ ព្រមទាំងចូលរួមក្នុងសកម្មភាពការងារសង្គមជាច្រើនដូចជា ការឧបត្ថម្ភកញ្ចប់ថវិកាជូនដល់​មូលនិធិអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន,​ ការជួយសង្គ្រោះកុមារកម្ពុជាតាមរយៈការផ្តល់ការវះកាត់ដល់កុមារដែលមានជំងឺបេះដូង, ការសាងសង់អគារបណ្ណាល័យនិងបន្ទប់រៀនដោយមានបំពាក់សម្ភារៈសិក្សាតាមបទដ្ឋានដែលមាន។

បន្ថែមលើសពីនេះផងដែរ លោកបានថ្លែងបន្តថា KB Financial Group បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជាក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ខណៈដែលសម្តេចធិបតីបំពេញទស្សនកិច្ចមកកាន់ប្រទេសកូរ៉េកាលពីខែឧសភា ឆ្នាំ 2024 កន្លងទៅនេះ ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែនឃ្យូអរកូតរវាងប្រទេសទាំងពីរ ក្នុងគោលបំណងសម្រួលការចាយវាយរបស់ភ្ញៀវទេសចរ និងការទូទាត់ពាណិជ្ជកម្មនានា។ លោកក៏បានជម្រាបបន្ថែមដែរថា ធនាគារ ខេប៊ីប្រាសាក់ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងការងារកម្ពុជា ដើម្បីផ្តល់កម្ចីក្នុងអត្រាការប្រាក់សមរម្យដល់ពលករកម្ពុជាដែលត្រូវទៅធ្វើការនៅក្រៅប្រទេសដូចជាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងប្រទេសដទៃទៀត។ 

ជាចុងបញ្ចប់នៃជំនួប លោក Yang Jong-hee  បានបន្ថែមថា ធនាគារ ខេប៊ីប្រាសាក់ នឹងអនុវត្តសារាចរណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ស្តីពីការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់​អតិថិជន ​ដែល​ត្រូវ​បំពេញកាតព្វកិច្ចសងត្រលប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច​តាម​រយៈ​ការបង្កើន​លំហូរសាច់ប្រាក់។ លោក ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និងក្រុម​ការងារបាន​ជួប​សម្តែង​ការ​គួរសម​ក្នុង​ឱកាស​ដែល​សម្តេច​មាន​ដំណើរ​ទស្សនកិច្ច​នៅសាធារណរដ្ឋកូរ៉េ និងសូមគោរពជូនពរសម្តេច ព្រមទាំងគណៈប្រតិភូអមដំណើរទទួល​បាន​នូវ​សេចក្តី​សុខ ជោគ​ជ័យគ្រប់ភារកិច្ច និងរីកចម្រើនជានិរន្តរ៍។

សូមបញ្ជាក់ថា KB Financial Group គឺក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េ ដែលផ្តល់ជូននូវផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប។ KBFG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 ដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ជំរុញកំណើន និងផ្តល់នូវគុណតម្លៃនៅក្នុងបរិយាកាសហិរញ្ញវត្ថុដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ចំណុចខ្លាំងស្នូលគឺជំនាញ ចំនួនអតិថិជនច្រើន បណ្តាញចែកចាយធំទូលាយ និងនាមករណ៍រឹងមាំ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 11 ។ សម្រាប់ព័ត៌មានបន្ថែម៖ www.kbfg.com

ធនាគារ ខេប៊ីប្រាសាក់ ចុះអនុស្សរណៈនៃការយាគយល់គ្នាជាមួយក្រសួងការងារក្នុងការផ្ដល់កម្ចីគ្មានទ្រព្យធានាសម្រាប់ពលករ និងសិក្ខាកាម

ភ្នំពេញ កម្ពុជា ថ្ងៃទី 9 ខែសីហា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់កម្ចីគ្មានទ្រព្យធានាដល់ពលករ និងសិក្ខាកាមទៅធ្វើការនៅបរទេស ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កិច្ចសហការនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយហិរញ្ញវត្ថុក្នុងអំឡុងពេលរៀបចំឯកសារទៅធ្វើការងារនៅបរទេស។

ពិធីចុះហត្ថលេខានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កម្ចីដែលគ្មានទ្រព្យធានានេះនឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលចាំបាច់ដល់ពលករ និងសិក្ខាកាម ដោយធានាថាពួកគាត់អាចរ៉ាប់រងការចំណាយទាក់ទងនឹងការរៀបចំឯកសារ និងការចំណាយចាំបាច់ផ្សេងទៀតសម្រាប់ធ្វើការនៅបរទេស។ ជាមួយនឹងចំនួនទឹកប្រាក់កម្ចីរហូតដល់ 5,000 ដុល្លារអាមេរិក អត្រាការប្រាក់សមរម្យ 8.5% ក្នុងមួយឆ្នាំ និងរយៈពេលកម្ចីរហូតដល់ 24 ខែ សេវាប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទទួលបាន និងផ្ដល់សារៈប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានអត្ថាធិប្បាយលើគំនិតផ្តួចផ្តើមថ្មីនេះរបស់ក្រសួង ដោយមានប្រសាសន៍ថា “យើងខ្ញុំគាំទ្រពលករ និងសិក្ខាកាមរបស់ប្រទេសជាតិយើង។ តាមរយៈការផ្តល់កម្ចីគ្មានទ្រព្យធានាទាំងនេះ យើងមានគោលបំណងលុបបំបាត់ឧបសគ្គផ្នែកហិរញ្ញវត្ថុដែលជារឿយៗរារាំងប្រជាជនយើងពីការស្វែងរកឱកាសការងារនៅក្រៅប្រទេស។ ភាពជាដៃគូជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការជួយដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ”។

ពលករ និងសិក្ខាកាម ដែលទទួលស្គាល់ដោយក្រសួងការងារ ហើយមានបំណងចង់ស្នើសុំកម្ចី ដើម្បីគាំទ្រការធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេស សូមអញ្ជើញទាក់ទងទៅសាខាធនាគារ ខេប៊ីប្រាសាក់ សម្រាប់ព័ត៌មានលម្អិតអំពីរបៀបដាក់ពាក្យស្នើសុំ ឬ ទូរស័ព្ទមកលេខ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ លើកលែងកម្រៃសេវាផ្ទេរប្រាក់ចូល និងថ្លៃបណ្ដាញលើការផ្ទេរប្រាក់ចេញសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT

ភ្នំពេញ ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសជូនកម្មវិធីប្រូម៉ូសិនពិសេសសម្រាប់សេវាផ្ទេរប្រាក់អន្តរជាតិតាមប្រព័ន្ធ SWIFT ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 អតិថិជនអាចរីករាយជាមួយសេវាផ្ទេរប្រាក់អន្តរជាតិខាងក្រោម៖

  • មិនគិតថ្លៃបណ្ដាញ សម្រាប់ការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស (OTT)៖ អតិថិជនដែលផ្ញើប្រាក់ទៅក្រៅប្រទេសតាមរយៈប្រព័ន្ធ SWIFT នឹងត្រូវបានលើកលែងលើថ្លៃបណ្ដាញ។
  • មិនគិតកម្រៃសេវា សម្រាប់ការផ្ទេរប្រាក់ចូលពីក្រៅប្រទេស (ITT)៖ អតិថិជនជាឯកត្តជន និងអាជីវកម្មដែលទទួលប្រាក់តាមប្រព័ន្ធ SWIFT នឹងមិនចំណាយលើកម្រៃសេវាផ្ទេរប្រាក់ចូលនោះទេ ដែលអនុញ្ញាតឱ្យលោកអ្នកទទួលបានចំនួនទឹកប្រាក់ពេញដែលបានផ្ញើ។

ការផ្តល់ជូនដែលមានមានកាលកំណត់នេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបង្កើនបទពិសោធន៍ធនាគារសម្រាប់អតិថិជនរបស់ខ្លួន ដោយកាត់បន្ថយការចំណាយផ្សេងៗដែលពាក់ព័ន្ធនឹងការផ្ទេរប្រាក់អន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ សេវា​ផ្ទេរ​ប្រាក់អន្តរជាតិ ​តាម​ប្រព័ន្ធ SWIFT ឬទំនាក់ទំនងទូរស័ព្ទលេខ 023 999 911 or 086 999 911.

ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

គណៈគ្រប់គ្រង និងបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីសោមនស្ស សូមចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃចន្ទ 1 កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ 2568 ត្រូវនឹងថ្ងៃទី 5 ខែសីហា ឆ្នាំ 2024 ។

ព្រែកជីកហ្វូណនតេជោនេះមានប្រវែង 180 គីឡូម៉ែត្រ ជម្រៅ 5.4 ម៉ែត្រ (ក្រោមទឹក) ដែលត្រូវឆ្លងកាត់ខេត្តចំនួន 4 រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប។ ក្នុងនោះមានផ្លូវអមសងខាងប្រវែង 208 គីឡូម៉ែត្រ ចាប់ផ្តើមពីទន្លេមេគង្គ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទៅសមុទ្រខេត្តកែប ដែលមានទ្វារទឹក 3 កន្លែង និងស្ពាន 11 ។ គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបម្រើផលប្រយោជន៍ដល់កម្ពុជាយ៉ាងធំធេងទាំងផ្នែកសេដ្ឋកិច្ច និងសង្គម។

ធនាគារ ខេប៊ីប្រាសាក់ ម.ក ​ទទួល​បាន​វិញ្ញាបន​បត្រ​អនុលោម​ភាពសារ​ពើពន្ធ​ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ 2024 ដល់ឆ្នាំ 2025 ។ ការទទួលស្គាល់នេះ គឺជាលទ្ធផលនៃការប្តេជ្ញាចិត្តរបស់ធនាគារចំពោះអនុលោមពន្ធភាពសារពើរពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។

ថ្នាក់គ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ បានសម្តែងនូវមោទនភាព និងអំណរគុណ ដោយលើកឡើងថា “ការទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទមាសនេះ គឺជាសមិទ្ធផលដ៏សំខាន់សម្រាប់ធនាគារ ខេប៊ីប្រាសាក់ ដែលបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រកាន់ខ្ជាប់តាមបទប្បញ្ញត្តិស្តីពីពន្ធដារ ដែលកំណត់ដោយរាជ   រដ្ឋាភិបាលកម្ពុជា។ ពានរង្វាន់នេះគឺជាសក្ខីភាពមួយបង្ហាញពីការយកចិត្តទុកដាក់ និងសុចរិតភាពរបស់ក្រុមការងារទាំងមូលក្នុងការធានាបាននូវតម្លាភាព និងការបំពេញកាតព្វកិច្ចបង់ពន្ធ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជាបន្តបន្ទាប់”។

លោកបានបន្ថែមថា “ក្នុងនាមគណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអគ្គនាយកដ្ឋានពន្ធដារចំពោះការទទួលស្គាល់ដ៏ថ្លៃថ្លានេះ។ យើង​ខ្ញុំបន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​ការរីកចម្រើន​របស់​ប្រទេសជាតិ”​។

វិញ្ញាបនបត្រនេះសបញ្ជាក់ពីការប្ដេជ្ញារបស់ធនាគារ ខេប៊ីប្រាសាក់ ចំពោះការប្រកបអាជីវកម្មដោយក្រមសីលធម៌ និង ការបំពេញតួនាទីរបស់ខ្លួនជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានអំពីធនាគារ ខេប៊ីប្រាសាក់ សូមចូលតាមតំណភ្ជាប់ www.kbprasacbank.com.kh

KB ឧបត្ថម្ភគាំទ្រការវះកាត់សម្រាប់កុមារដែលមានជំងឺបេះដូងនៅកម្ពុជាអស់រយៈពេល 10 ឆ្នាំមកហើយ

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ៖ ធនាគារ ខេប៊ីគូកមីន (ប្រធាននាយកប្រតិបត្តិ លោក Lee Jae Keun) បានប្រកាសនៅថ្ងៃទី 12 ខែមិថុនា ឆ្នាំ 2024 ថា ធនាគារបានរៀបចំពិធីប្រគល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូងនៅកម្ពុជា។

ធនាគារ ខេប៊ីគូកមីន ដែលជាក្រុមហ៊ុនមេរបស់ធនាគារ ខេប៊ីប្រាសាក់ បានឧបត្ថម្ភគាំទ្រការវះកាត់បេះដូងដល់កុមារដែលមានជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2014 មកម្ល៉េះ ដោយចាប់ផ្តើមពីការបង្កើតមជ្ឈមណ្ឌលបេះដូងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ កុមារជាង 250 នាក់បានទទួលការវះកាត់បេះដូង ហើយសុបិននិងក្តីសង្ឃឹមរបស់ពួកគេបានក្លាយជាការពិត។ ឆ្នាំនេះ ធនាគារបានជួយកញ្ចប់ជំនួយដល់កុមារ 25 នាក់ដែលមានជំងឺបេះដូង។

ពិធីប្រគល់អាហារូបករណ៍នេះ មានការអញ្ជើញចូលរួមពីលោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ លោក Kim Hyeun Jong អនុប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ នាយកប្រចាំប្រទេស Hebron Medical Country (HMC) លោក KIM Woo Jung នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន លោក BAE Kian នាយកមន្ទីរពេទ្យនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន និងលោក KIM Yong KI នាយកមន្ទីរពេទ្យផ្នែកវះកាត់នៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ដើម្បីអញ្ជើញផ្តល់កញ្ចប់ជំនួយដល់កុមារដែលមានជំងឺបេះដូង និងលើកទឹកចិត្តពួកគេឱ្យមានភាពលូតលាស់ និងអនាគតភ្លឺស្វាង។

ចាប់តាំងពីឆ្នាំ 2012 មក KB បានធ្វើគម្រោងរួមចំណែកជួយដល់សង្គម ដោយបានអញ្ជើញកុមារកម្ពុជាដែលមានជំងឺបេះដូងទៅប្រទេសកូរ៉េ ដើម្បីទទួលការវះកាត់ដោយឥតគិតថ្លៃ។ រហូត​មក​ដល់​ពេល​នេះ កុមារ​ជាង 100 នាក់​ដែល​មាន​ជំងឺ​បេះដូង​បាន​ទទួល​ការ​វះកាត់​នៅ​ប្រទេស​កូរ៉េ ហើយ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយមាន​សុខភាព​ល្អ​។

ថ្នាក់គ្រប់គ្រងរបស់ធនាគារ KB បានមានប្រសាសន៍ថា «យើងផ្តល់កញ្ចប់ជំនួយដើម្បីឱ្យកុមារដែលមានជំងឺបេះដូងអាចទទួលបានជីវិតថ្មីតាមរយៈការវះកាត់ និងសម្រេចសុបិនរបស់ពួកគេ។ យើងនឹងបន្តគាំទ្រផ្នែកសប្បុរសធម៌ដល់កុមារដែលជាអ្នកដឹកនាំនាពេលអនាគត ដើម្បីឱ្យពួកគេអាចធំធាត់ និងមានសុខភាពល្អ។

លើសពីនេះ ធនាគារ KB ក៏បានជួយដល់ការវះកាត់ និងព្យាបាលកុមារដែលមានបញ្ហាទម្រង់ផ្ទៃមុខនៅប្រទេសកូរ៉េ ដោយផ្តល់ក្តីសង្ឃឹមថ្មីដល់ពួកគេផងដែរ។

អំពីធនាគារ ខេប៊ីគូកមីន

ធនាគារ ខេប៊ីគូកមីន ជាធនាគារឈានមុខគេរបស់ប្រទេសកូរ៉េ ដែលមានចំនួនអតិថិជន និងបណ្តាញសាខាធំជាងគេនៅក្នុងប្រទេស។ ធនាគារក៏កំពុងឈានមុខគេក្នុងយុគសម័យហិរញ្ញវត្ថុឌីជីថលដោយផ្តល់នូវផលិតផល និងសេវាហិរញ្ញវត្ថុដែលមានលក្ខណៈពិសេសសម្បូរបែបដែលត្រូវបានបង្កើតឡើងដោយចំណេះធ្វើផ្នែកហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍។

ធនាគារ ខេប៊ីគូកមីន ជាសមាជិកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង​ ដែលបង្កើតឡើងក្នុងឆ្នាំ 2008 សម្រាប់បម្រើសេវាអតិថិជនកាន់តែប្រសើរ កំណើន និងគុណតម្លៃ នៅក្នុងពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbfg.com

អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក

ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជបង្កើតថ្មី ក្នុងគោលបំណងផ្ដល់សេវា និងផលិផលធនាគារប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​សម្បូរ​បែប​ជូន​ដល់អតិថិជននៅ​កម្ពុជា លើកកម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ជំរុញ​កំណើន​សេដ្ឋកិច្ច និងផ្ដល់ជូនដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើបដើម្បីបំពេញតម្រូវការរបស់ទីផ្សារ។ សូមស្វែងយល់បន្ថែមតាមរយៈ www.kbprasacbank.com.kh

អំពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ហេប្រុន ជាអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ ដែលមានគោលបំណងផ្ដល់ជំនួយវេជ្ជសាស្ត្រ​ដល់កុមារកម្ពុជាដែលទីទ័លក្រ។ មជ្ឈមណ្ឌលនេះ​ផ្ដល់ការព្យាបាល​ដល់អ្នកជំងឺជាង 60,000 និងការវះកាត់រាប់ពាន់ករណី ក្នុងនោះក៏មានការវះកាត់បេះដូងចំហជារៀងរាល់ឆ្នាំផងដែរ។ ហេប្រុន មានទីតាំងស្ថិតនៅ អគារលេខ 102 ផ្លូវ 68K ភូមិព្រៃសាលា សង្កាត់កាកាប 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ព័ត៌មានបន្ថែម www.hebronmc.org

ធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគហ៊ុនរបស់ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងកម្ពុជា និងកូរ៉េ

ភ្នំពេញ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ 2024 – ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ KB Kookmin Bank – កូរ៉េ បានប្រកាសថា ធនាគាររួមជាមួយម្ចាស់ភាគហ៊ុនរបស់ខ្លួនគឺ KB Kookmin Bank បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេស​កម្ពុជា និង ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងវេទិកា​ធុរកិច្ចនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី​ 16 ខែឧសភា ដោយមានការរៀបចំពីសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មកូរ៉េ។

ការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នានេះ គឺដើម្បីជំរុញប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ផ្ទេរប្រាក់ ការទូទាត់ជារូបិយប័ណ្ណជាតិរវាងកម្ពុជា និងកូរ៉េខាងត្បូង សំដៅកសាងទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជននៃប្រទេសទាំងពីរ ជាពិសេសដើម្បីលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុរបស់ពលករចំណាកស្រុកកម្ពុជា។

សេវាហិរញ្ញវត្ថុដែលប្រកបដោយភាពច្នៃប្រឌិតនេះ នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធី KB PRASAC Mobile ធ្វើការស្កេន និង​ទូទាត់តាមឃ្យូអរកូតរបស់ KB Kookmin Bank នៅប្រទេសកូរ៉េ។ មានតែគណនីប្រាក់រៀលប៉ុណ្ណោះដែលអាចធ្វើប្រតិបត្តិការនេះតាមរយៈកម្មវិធី KB PRASAC Mobile ។ ឥឡូវនេះ អតិថិជនអាចបើកគណនីសន្សំបានដោយគ្រាន់​តែ​ទាញ​យក​​កម្មកម្មវិធី KB PRASAC Mobile ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងសម្រាប់ការស្កេន-ទូទាត់នៅក្នុងប្រទេសកូរ៉េនៅពេលខាងមុខនេះ។

មធ្យោបាយទូទាត់ឌីជីថលនេះនឹងលុបបំបាត់ការប្រើប្រាស់ក្រដាសប្រាក់ មិនលំបាកក្នុងការប្តូររូបិយប័ណ្ណ ធានាបាន​នូវបទពិសោធន៍ដែលមានប្រសិទ្ធភាពខ្ពស់ និងងាយស្រួលប្រើសម្រាប់អ្នកប្រើប្រាស់ខេប៊ីប្រាសាក់ម៉ូបាល និងអតិថិជនរបស់ KB Kookmin Bank ។

ថ្នាក់គ្រប់គ្រង KB Kookmin Bank បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងធនាគារជាតិនៃកម្ពុជា និង KB Kookmin Bank គឺជាការវិវឌ្ឍថ្មីមួយ និងជាយុទ្ធសាស្ត្រដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន “ធនាគារ ខេប៊ីប្រាសាក់” ផ្តល់ជម្រើសឧបករណ៍ទូទាត់មួយផ្សេងទៀតដល់អតិថិជនជាមួយ​នឹងមធ្យោបាយងាយស្រួល និងសុវត្ថិភាពក្នុងការទូទាត់ដោយពុំចាំបាច់ប្រើក្រដាសប្រាក់ក្នុងប្រទេសកូរ៉េ រួមទាំងការ​ផ្ទេរ​ប្រាក់ដែលមានតម្លៃសមរម្យសម្រាប់ពលករចំណាកស្រុកកម្ពុជាផងដែរ។ ជាមួយគ្នានេះ អតិថិជនរបស់ KB Kookmin Bank នឹងអាចស្កេន-ទូទាត់តាមរយៈខេអេចឃ្យូអរកូតរបស់ខេប៊ីប្រាសាក់នៅកម្ពុជាផងដែរ។

លោកបានបន្ថែមថា ដំណោះស្រាយការទូទាត់ និងផ្ទេរប្រាក់ប្រកបដោយភាពច្នៃប្រឌិត នឹងក្លាយជាបណ្តាញសុវត្ថិភាព ងាយស្រួល និងជាផ្លូវការសម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនតាមឃ្យូអរកូត ដែលផ្តល់អត្ថប្រយោជន៍ មិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៀត​ផង។ ធនាគារ ខេប៊ីប្រាសាក់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ KB Kookmin Bank នៅកម្ពុជា នឹង​ដើរតួយ៉ាងសំខាន់ក្នុងការបង្កើត និងដំណើរការប្រព័ន្ធទូទាត់ រួមទាំងដើរតួនាទីជាធនាគារទូទាត់សម្រាប់ប្រតិបត្តិការសេវាទូទាត់ឆ្លងដែននេះ។

ថ្នាក់គ្រប់គ្រងរបស់ធនាគារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមនេះ និងផ្តល់ឱកាសដ៏ល្អដល់ KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការចូលរួមក្នុងប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ទូទាត់ឆ្លងដែនប្រកបដោយភាពរលូន។

សូមបញ្ជាក់ថា KB Kookmin Bank និងធនាគារ ខេប៊ីប្រាសាក់ បានជួយឧបត្ថម្ភថ្លៃវះកាត់ដល់កុមារជាង 100 នាក់ ដែលមានជំងឺបេះដូង នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron នៅរាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ 2014 មកម៉្លេះ។ បន្ថែម​លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ បានគាំទ្រសកម្មភាពមនុស្សធម៌នានា ដូចជាការបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជា អង្គការស្នាមញញឹមកម្ពុជា និងការកសាងវប្បធម៌អានរបស់សិស្សានុសិស្សកម្ពុជាតាម​រយៈ​គម្រោង​បណ្ណាល័យ។