Menu
តាមដានយើងខ្ញុំំ:

ធនាគារ ខេប៊ីប្រាសាក់ ​ជាប់​ចំណាត់ថ្នាក់​លេខ​ 8 ​ជា​សហគ្រាស​បង់ពន្ធ​​ច្រើនជាង​គេ​ប្រចាំ​ឆ្នាំ​ 2025

ភ្នំពេញ​៖​ ​ធនាគារ ខេប៊ីប្រា​សាក់​ ​បាន​ទទួល​លិខិត​សរសើរ​ពី សម្តេច​មហា​បវរ​ធិ​បតី​ ហ៊ុន​ ម៉ា​ណែ​ត​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដែលបានថ្លែង​កោតសរសើរខេប៊ីប្រាសាក់ថា​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​បំផុត​ទី 8 នៅកម្ពុជា ក្នុង​ឆ្នាំ​ 2025 ​។

នៅក្នុងលិខិតនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានចារថា «ខ្ញុំ​សូម​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​ លោក​-​លោកស្រី​ នាយក​ធនាគារ​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដារ​ផ្ទៃក្នុង​ជូន​រដ្ឋ​ និង​ជា​សហគ្រាស​ជាប់​ចំណាត់ថ្នាក់​លេខ​ 8​ ក្នុង​ចំណោម​សហគ្រាស​ដែល​បាន​បង់ពន្ធ​ច្រើន​ជាងគេ​ និង​ទទួល​បាន​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​មាស​ ក្នុង​ឆ្នាំ ​2025​»។​

លិខិតបានបន្តទៀតថា «ការ​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​របស់​សហគ្រាស​លោក​-​លោកស្រី​ គឺជា​ការ​រួមចំណែក​ដែល​មិន​អាច​ខ្វះ​បាន​ពី​វិស័យ​ឯកជន​ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់​រដ្ឋ​ និង​ជា​កម្លាំង​ច​លករ​សម្រាប់​ការ​អភិវឌ្ឍ​និង​រីក​លូតលាស់​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​កម្ពុជា​»

ជាកិច្ចឆ្លើយតប លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ការទទួលបានលិខិតសរសើរពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ខេប៊ីប្រាសាក់។ ការ​ទទួលស្គាល់​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ធនាគារ​ក្នុង​អភិបាលកិច្ច​ពន្ធ​សាជីវកម្ម​ ប្រកបដោយ​តម្លាភាព​ និង​ការ​អនុលោម​យ៉ាង​ខ្ជាប់ខ្ជួន​តាម​កាតព្វកិច្ច​ និង​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​ កម្ពុជា​។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​​ដល់​ការរីក​ចម្រើន​​របស់​​ប្រទេសជាតិ​»

គួរកត់សម្គាល់ថា កាលពីខែកញ្ញាឆ្នាំមុន ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ កសម្រាប់រយៈពេល 2 ឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ ការទទួលបានការទទួលស្គាល់ទាំងនេះ ​គូសបញ្ជាក់​ពី​ឧត្តមភាព​របស់​ធនាគារ​ក្នុង​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ពន្ធដារ​ ។

ធនាគារ ខេប៊ីប្រាសាក់ គាំទ្រសកម្មភាពសង្គមដោយបរិច្ចាគជូន​កាកបាទក្រហម​កម្ពុជា

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីរីយរាយដោយបានបរិច្ចាគថវិកា​ចំនួន​ 400​ លាន​រៀល​ ជូន​កាកបាទ​ក្រហម​កម្ពុជា ក្នុង​ឱកាស​ពិធី​អបអរ​សាទរ​ខួប​លើក​ 163​ ទិវា​ពិភពលោក​កាកបាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ​ថ្ងៃ​ទី​ 8​ ខែ​ឧសភា​ ឆ្នាំ​ 2026 និងខួបលើកទី 71 ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោម​មូលបទ​ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ ការធ្វើវិភាគទាននេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារ ក្នុងការរ​គាំទ្រ​ដល់​សកម្មភាព​សង្គម​​ និងឈររួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ក្នុងការផ្តល់ជំនួយទាន់ពេលវេលាដល់សហគមន៍ងាយរងគ្រោះនៅទូទាំងប្រទេស។

ពិធីប្រគល់ថវិកាសប្បុរសធម៌នេះ ត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី 6 ខែឧសភា ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពង់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា នៅស្នាក់ការកណ្តាលកាកបាទក្រហមរាជធានីភ្នំពេញ។

ធនាគារ ខេប៊ីប្រាសាក់ សូមកោតសរសើរចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមផ្នែកមនុស្សធម៌ ក្នុងការជួយសង្គ្រោះសហគមន៍ លើកកម្ពស់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងតែងជាខ្នងបង្អែកដ៏រឹងមាំក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយគ្រប់ប្រភេទ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក វី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានកោតសរសើរយ៉ាងក្រៃលែងចំពោះតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ដែលបានឆ្លើយតបទៅនឹងគ្រាអាសន្ន និងជួយអ្នករងគ្រោះដែលកំពុងត្រូវការជំនួយ។ លោកបានបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ធនាគារក្នុងការចូលរួមចំណែកដល់បុព្វហេតុមនុស្សធម៌ដ៏ថ្លៃថ្លានេះ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ ខេប៊ីប្រាសាក់ ក្នុងការធ្វើការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់ការជួយសង្គ្រោះ ភាពធន់ និងសុខុមាលភាពសង្គមទូទាំងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនដូចជាការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ការសាងសង់បណ្ណាល័យនិងអគារសិក្សា ការឧបត្ថម្ភទិវាជាតិអំណាន ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ការផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួនជាដើម។ លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានផ្តល់ជំនួយជូនដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនះបានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះទំនួលទទួលខុសត្រូវសង្គម និងការគាំទ្រសកម្មភាពមនុស្សធម៌។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភទិវាធានារ៉ាប់រងកម្ពុជា 2026 និងបរិច្ចាគថវិកាជូន មូលនិធិគន្ធបុប្ផាកម្ពុជា

ខេត្តសៀមរាប៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការចូលរួមជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ «ទិវាធានារ៉ាប់រងកម្ពុជា 2026» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 25-26 ខែមេសា ឆ្នាំ 2026 នៅសួនច្បារព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។ ធនាគារ ខេប៊ីប្រាសាក់ ក៏បានបរិច្ចាគថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈនិយ័តករធានារ៉ាប់រងកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារកម្ពុជា។

ព្រឹត្តិការណ៍នេះអញ្ជើញចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

ទិវាធានារ៉ាប់រងកម្ពុជា ជាវេទិកាដ៏សំខាន់មួយ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រង និងការយល់ដឹងអំពីសេវាធានារ៉ាប់រង និងជួយបង្កើនទំនុកចិត្តពីសំណាក់សាធារណៈជន។ ព្រឹត្តិការណ៍នេះបានជួយប្រជាជនកម្ពុជា ឱ្យទទួលបានការយល់ដឹងកាន់តែប្រសើរឡើងអំពីផលិតផលសេវាធានារ៉ាប់រង ដែលអាចការពារពួកគាត់ពីបន្ទុកហិរញ្ញវត្ថុពេលមានគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងដោយចៃដន្យ។

នៅក្នុងព្រឹត្តិការណ៍នេះផងដែរ ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមរត់កម្សាន្តដើម្បីសុខភាព និងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃសេវាធានារ៉ាប់រង និងការទូទាត់វិក្កយបត្រសេវាធានារ៉ាប់រងដោយឥតគិតថ្លៃតាម KB PRASAC Mobile ផងដែរ។ លើសពីនេះ ខេប៊ីប្រាសាក់ ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសគឺ បើកគណនី បានលុយ និងវត្ថុអនុស្សាវរីយ៍ស្អាតៗ ដល់អតិថិជនដែលមិនទាន់មានគណនីនៅខេប៊ីប្រាសាក់។

ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជន ជាពិសេសសេវាបង់វិក្កយបត្រធានារ៉ាប់រងតាមរយៈកម្មវិធី KB PRASAC Mobile បានគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងរហ័ស សុវត្ថិភាព និងឥតគិតថ្លៃ។ ក្រុមហ៊ុនធានារ៉ាប់រងដែលអាចទូទាត់បានតាម KB PRASAC Mobile រួមមាន អេ អាយ អេ ខេមបូឌា, ដាយ អ៊ិឈិ ឡាយហ្វ៍, ហ្វតតេ អ៊ិនសួរឹនស៍, ក្រុមហ៊ុនជាតិធានារ៉ាប់រងកម្ពុជា (កាមិនកូ), ទីតាន ស្តូន ឡាយហ្វ៍ អ៊ិនសួរេន ម.ក, អេហ្វដាប់ប៊ែលយូឌី ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក, ហ្វីលីព ឡាយហ្វ៍ អាសួរេន, និង អេទីកា ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក។

ធនាគារ ខេប៊ីប្រាសាក់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណឥណទានវីសា

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៦ 6 ខែមេសា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ ដែលស្ថិតក្នុងចំណោមធនាគារធំៗចំនួន 5 នៅកម្ពុជា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប័ណ្ណឥណទានវីសា នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយមានការចូលរួមជាកិត្តិយសពីក្រុមហ៊ុនដៃគូ ពាណិជ្ជករ និងអតិថិជនជាច្រើនកុះករ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទានវីសាជាផ្លូវការនេះ គឺជាជំហានដ៏សំខាន់មួយទៀត ក្នុងដំណើរការបរិវត្តកម្មឌីជីថលរបស់ខេប៊ីប្រាសាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលកំពុងបន្តវិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេសកម្ពុជា។

ប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនជាបុគ្គល និងអតិថិជនជាក្រុមហ៊ុនដោយក្នុងនោះសម្រាប់អតិថិជនជាបុគ្គល គឺមានប័ណ្ណ 3 ប្រភេទ គឺ ប័ណ្ណក្លាស៊ិក ប័ណ្ណហ្គោល និងប័ណ្ណផ្លាទីនីម ចំណែកឯសម្រាប់អតិថិជនជាក្រុមហ៊ុន មានប័ណ្ណ 2 ប្រភេទ គឺ ប័ណ្ណអាជីវកម្ម និងប័ណ្ណផ្លាទីនីមអាជីវកម្ម។ ប័ណ្ណឥណទានវីសាទាំងនេះ ត្រូវបានបង្កើតឡើងដើម្បីជួយដល់ការចំណាយរបស់អតិថិជនកាន់តែឆ្លាតវៃ និងពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលំហូរសាច់ប្រាក់ឱ្យកាន់តែរលូន ជាមួយរយៈពេលមិនគិតការប្រាក់រហូតដល់ 47 ថ្ងៃ។  អ្វីដែលពិសេសនោះគឺប័ណ្ណទាំងនេះផ្ដល់ជូនអតិថិជន ដោយមិនគិតកម្រៃសេវាក្នុងការចេញប័ណ្ណថ្មីលើកដំបូង និងមិនគិតកម្រៃសេវាប័ណ្ណប្រចាំឆ្នាំនៅឆ្នាំដំបូង។

ប័ណ្ណឥណទានខេប៊ីប្រាសាក់ស័ក្ដិសមសម្រាប់ប្រើប្រាស់ក្នុងសម័យឌីជីថលដ៏ជឿនលឿន ដែលជួយឱ្យការបញ្ជាទិញទំនិញតាមអនឡាញ ការទូទាត់ថ្លៃទំនិញនិងសេវានៅតាមបណ្ដាហាងពាណិជ្ជករ និងការដកប្រាក់នៅជុំវិញពិភពលោកកាន់តែមានភាពងាយស្រួល រហ័ស ប្រកបដោយទំនុកចិត្ត។

លើសពីនេះ អតិថិជនដែលជាម្ចាស់ប័ណ្ណវីសាផ្លាទីនីម នឹងរីករាយជាមួយអត្ថប្រយោជន៍ធ្វើដំណើរលំដាប់វីអាយភីជាច្រើន ដោយអាចចូលរង់ចាំក្នុងបន្ទប់រង់ចាំពិសេសនៅអាកាសយានដ្ឋាន Plaza Premium Lounge រហូតដល់ទៅ 5 ដងក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ។

លោក វី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ការដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើររបស់យើងខ្ញុំ ដើម្បីក្លាយជាធនាគារពាណិជ្ជយ៉ាងពេញលេញ ដែលប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងងាយស្រួលជូនដល់អតិថិជន។ ប័ណ្ណឥណទានទាំងនេះត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីបង្កើនបទពិសោធន៍ទូទាត់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់លទ្ធភាពជូនដល់អតិថិជនទាំងបុគ្គល និងអាជីវកម្មជាមួយនឹងភាពបត់បែនផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងលំហូរសាច់ប្រាក់កាន់តែប្រសើរឡើង និងការចូលទៅកាន់បណ្តាញទូទាត់សកល»។

លោកបានបន្ថែមថា «ខណៈពេលដែលប្រទេសកម្ពុជាចាប់យកឌីជីថលូបនីយកម្ម ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាចិត្តគាំទ្របរិវត្តកម្មឌីជីថល ដោយដាក់ឱ្យដំណើរការផលិតផលនិងសេវាដែលមានសុវត្ថិភាព អាចទុកចិត្តបាន និងផ្តោតលើអតិថិជន។ ការដាក់ឱ្យដំណើរការប័ណ្ណឥណទានវីសារបស់យើងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារក្នុងការបំពេញតម្រូវការបែបផែនរស់នៅ និងអាជីវកម្មរបស់អតិថិជន ទន្ទឹមនឹងរួមចំណែកដល់ការរីកចម្រើននៃសេដ្ឋកិច្ចទំនើប និងមិនប្រើប្រាស់សាច់ប្រាក់នៅក្នុងប្រទេសកម្ពុជា»។

លោកស្រី នី ដាលីន នាយិកាផ្នែកទំនាក់ទំនងអតិថិជន ក្រុមហ៊ុន វីសា ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Visa សូមអបអរសាទរចំពោះធនាគារ ខេប៊ីប្រាសាក់ ចំពោះការបើកដំណើរការជាផ្លូវការប័ណ្ណឥណទានវីសារបស់ខ្លួន។ ព្រឹត្តិការណ៍ដ៏សំខាន់នេះឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាង Visa និងធនាគារខេប៊ីប្រាសាក់ ដែលនាំមកនូវគុណតម្លៃដ៏ប្រណីតជូនដល់អតិថិជន ខណៈពេលដែលរក្សាបានស្តង់ដារអន្តរជាតិក្នុងការទូទាត់បែបឌីជីថល។ លើសពីឧបករណ៍ទូទាត់ ប័ណ្ណឥណទានវីសាខេប៊ីប្រាសាក់ អនុញ្ញាតឱ្យអតិថិជនរីករាយនឹងភាពងាយស្រួល សុវត្ថិភាព និងភាពបត់បែនកាន់តែច្រើននៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ ទាំងក្នុង និងក្រៅប្រទេស»។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា «ការដាក់ឱ្យដំណើរការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញការទូទាត់បែបឌីជីថលរបស់ប្រទេសកម្ពុជា ដែលជួយដល់អ្នកប្រើប្រាស់ និងអាជីវកម្មបានចូលរួមយ៉ាងសកម្ម នៅក្នុងសេដ្ឋកិច្ចមិនប្រើសាច់ប្រាក់។ តាមរយៈបណ្តាញសកលរបស់ Visa អ្នកកាន់ប័ណ្ណខេប៊ីប្រាសាក់អាចធ្វើប្រតិបត្តិការបានយ៉ាងរលូននៅបណ្ដាហាងរបស់អាជីវកររាប់លាននៅទូទាំងពិភពលោក ដោយពង្រឹងទំនុកចិត្តលើដំណោះស្រាយទូទាត់ដែលមានសុវត្ថិភាព ជឿទុកចិត្ត និងទំនើប ដែលផ្តល់អត្ថប្រយោជន៍ដល់អតិថិជន អាជីវកម្ម និងសេដ្ឋកិច្ចជារួម»។

បង្កើនឧត្តមភាពនៃជីវិត បន្ថែមភាពរីករាយ ជាមួយប័ណ្ណឥណទានវីសា ខេប៊ីប្រាសាក់ ចាប់ពីថ្ងៃនេះតទៅ។ លោកអ្នកអាចមកស្នើសុំនៅសាខាធនាគារខេប៊ីប្រាសាក់ណាមួយដែលនៅជិតបំផុត ឬ តាមបុគ្គលិកផ្នែកលក់ ឬ តាមកម្មវិធី KB PRASAC Mobile ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ប័ណ្ណឥណទានវីសា ឬទាក់ទងមកកាន់លេខទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ នាំយកស្នាមញញឹមថ្មីដល់ប្រជាជនកម្ពុជា តាមរយៈបេសកកម្មវះកាត់ របស់អង្គការស្នាមញញឹមកម្ពុជា

ធនាគារ ខេប៊ីប្រាសាក់ មានក្ដីសោមនស្សដែលបានឧបត្ថម្ភថវិកាចំនួន 10,000 ដុល្លារអាមេរិក ដល់បេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា ដើម្បីនាំយកស្នាមញញឹមថ្មី ភាពជឿជាក់ និងភាពរីករាយក្នុងជីវិត ដល់​អ្នកដែលកើតមកមានបបូរមាត់ឆែប និងមានពិការភាពមុខមាត់ផ្សេងៗ។ 

បេសកកម្មវះកាត់ដែលនាំឱ្យមានការផ្លាស់ប្តូរក្នុងជីវិតនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 21 ខែមីនា ឆ្នាំ 2026 នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ដោយមានក្រុមគ្រូពេទ្យជំនាញផ្តល់ការវះកាត់ និងការព្យាបាល ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងបេសកកម្មនេះ ព្រឹត្តិការណ៍ «ដើរដើម្បីស្នាមញញឹម» ក៏ត្រូវបានរៀបចំឡើង ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជន និងបង្ហាញការគាំទ្ររួមសម្រាប់បុព្វហេតុនេះផងដែរ ដោយមានការចូលរួមយ៉ាងសាទរពីបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ និងអ្នកចូលរួមជាច្រើនទៀត។

គួរបញ្ជាក់ដែរថា ធនាគារ ខេប៊ីប្រាសាក់ បានគាំទ្រយ៉ាងសកម្មនូវបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗ​នេះ ធនាគារ​ក៏បាន​ឧបត្ថម្ភ​បេសកកម្ម​វះកាត់​មួយ កាលពី​ខែ​មករាកន្លងទៅ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ ការរួមចំណែកជាបន្តបន្ទាប់នេះ បង្ហាញពីការយកចិត្តទុកដាក់របស់ធនាគារក្នុងការឱ្យអំណោយទៅសហគមន៍វិញ តាមរយៈកិច្ចផ្តួចផ្តើមមនុស្សធម៌ ដោយបញ្ជាក់ជាថ្មីថាទំនួលខុសត្រូវសង្គមនៅតែជាអាទិភាពចម្បងមួយរបស់ធនាគារ ខេប៊ីប្រាសាក់។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភវេទិកាពន្ធដារកម្ពុជាឆ្នាំ 2026 ដើម្បីលើកកម្ពស់ប្រសិទ្ធភាពពន្ធដារទូទាំងប្រទេស

រាជធានីភ្នំពេញ – ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមជាអ្នកឧបត្ថម្ភប្រភេទ «មាស» ក្នុងកម្មវិធី វេទិកាពន្ធដារកម្ពុជា ឆ្នាំ 2026 ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ត្រូវបានរៀបចំឡើងសម្រាប់ប្រទេសកម្ពុជាក្នុងការពង្រឹងចំណូលពន្ធដារ ពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីធានាថាការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព និងការកសាងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ និងរីកចម្រើន។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ ត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ ដោយមានការសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ប្រព្រឹត្តទៅចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ 2026 នៅទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារ ក្នុងរាជធានីភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

វេទិកាពន្ធដារកម្ពុជាឆ្នាំ 2026 បានប្រមូលផ្តុំមន្ត្រីពន្ធដារជាន់ខ្ពស់ អ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកដឹកនាំធុរកិច្ច ដើម្បីចែករំលែកពីបច្ចុប្បន្នភាព និងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងស្ថានភាពពន្ធដារ។​ ខេប៊ីប្រាសាក់ ក៏បានចូលរួម និងបានទទួលនូវព័ត៌មានថ្មីៗទាក់ទិននឹងស្ថានភាព និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារនៅកម្ពុជាផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាឱ្យបាននូវបទដ្ឋានអនុលោមភាពខ្ពស់បំផុត។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលនាពេលថ្មីៗនេះ ដោយសារធនាគារទើបទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ ការទទួលស្គាល់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំរបស់ធនាគារក្នុងការរក្សាអនុលោមភាពសារពើពន្ធ តម្លាភាព និងការបង់ពន្ធទាន់ពេលវេលា។

ធនាគារ ខេប៊ីប្រាសាក់ រៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2025 និងលើកទិសដៅការងារឆ្នាំ 2026

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានរៀបចំសិក្ខាសាលានៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នាយកភូមិភាគ នាយកសាខា និងបុគ្គលិកមកពីតាមបណ្តាខេត្ត។ សិក្ខាសាលានេះមានគោលបំណងពិនិត្យនិងវាយតម្លៃលទ្ធផលការអនុវត្តការងារក្នុងឆ្នាំ 2025 និងកំណត់ផែនការយុទ្ធសាស្ត្រ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព និងឧត្តមភាពប្រតិបត្តិការក្នុងឆ្នាំ 2026 ។

ក្នុងអំឡុងសិក្ខាសាលា សិក្ខាកាមបានសិក្សា និងពិភាក្សាស៊ីជម្រៅលើប្រធានបទសំខាន់ៗដែលចាំបាច់សម្រាប់ធានាស្ថិរភាព និងសុចរិតភាពរយៈពេលវែង រួមមាន៖ ការគ្រប់គ្រងនៅកម្រិតសាខា ការគ្រប់គ្រងហានិភ័យ ក្រមប្រតិបត្តិធនាគារ ការអនុលោមតាមបទប្បញ្ញត្តិ និងកិច្ចការពារអតិថិជន។ ប្រធានបទទាំងនេះបានអំណោយផលក្នុងការពង្រឹងក្របខ័ណ្ឌអភិបាលកិច្ចដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការផ្ដល់សេវាធនាគារប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។ សិក្ខាកាមក៏បានបញ្ជាក់នូវការតាំងចិត្តរបស់ពួកគេចំពោះការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ និងប្តេជ្ញាចិត្តក្លាយជាអ្នកឈានមុខគេលើកិច្ចការពារអតិថិជនតាមរយៈការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងតម្លាភាព។

បន្ថែមលើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗមួយចំនួន ដើម្បីរក្សាបាននូវកំណើននៅឆ្នាំ 2026 ព្រមជាមួយនឹង​ចក្ខុវិស័យ​រួមក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈដោយផ្តល់សេវាកម្មជូនអតិថិជនឱ្យកាន់តែប្រសើរ និងចាត់ទុកអតិថិជនគឺជាអាទិភាពទីមួយ។

ធនាគារ​ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ធនាគារ ខេប៊ីប្រាសាក់ សាខាមុនីវង្ស ដែលជាសាខាយុទ្ជសាស្ត្រនៅថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2026 ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក និងភ្ញៀវកិត្តិយសជាច្រើននាក់។ ការបើកទីតាំងថ្មីនេះ គឺជាដំណាក់កាលអភិវឌ្ឍជាយុទ្ធសាស្ត្រមួយដែលបង្ហាញពីភាពរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការបម្រើសេវាធនាគារជូនអតិថិជនប្រកបដោយភាពងាយស្រួល និងប្រណីតភាព។

ក្នុងឱកាសពិធីបើកសម្ពោធនោះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារជាតិនៃកម្ពុជា ដែលបានអនុញ្ញាតក្នុងការបើកដំណើរការសាខាថ្មីនេះ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអតិថិជនសម្រាប់ការគាំទ្រក្នុងការប្រើប្រាស់ផលិតផលនិងសេវាហិរញ្ញវត្ថុរបស់យើងខ្ញុំ។ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបម្រើអតិថិជនឱ្យកាន់តែប្រសើរ យើងខ្ញុំប្តេជ្ញាចិត្តផ្តល់នូវបទពិសោធន៍ធនាគារដែលកាន់តែមានភាពងាយស្រួល និងកាន់តែប្រសើរ ពិសេសតាមរយៈសាខាយុទ្ធសាស្ត្រដ៏ប្រណីតនេះ – ធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រ (សាខាមុនីវង្ស)​។ អតិថិជនទទួលបានភាពរីករាយជាមួយនឹង​ឯកជនភាព បុព្វសិទ្ធិ និងបទពិសោធន៍ធនាគារដែលកាន់តែមានលក្ខណៈផ្ទាល់ខ្លួននៅក្នុងសាលធនាគារដ៏ប្រណីត និងធំទូលាយ»

ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ធនាគារ ខេប៊ីប្រាសាក់ សាខាមុនីវង្ស គឺជាទីតាំងយុទ្ធសាស្ត្រមួយដែលត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ធនាគារ ខេប៊ីប្រាសាក់ សាខាមុនីវង្ស ផ្តល់ជូននូវបទពិសោធន៍ធនាគារកាន់តែអស្ចារ្យមួយកម្រិតទៀត។ អតិថិជនអាចរីករាយជាមួយសាលធនាគារដ៏ទំនើប ប្រណីត និងកន្លែងទទួលភ្ញៀវដ៏ធំទូលាយ ដែលបានរចនាឡើងដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរ ដែលរួមបញ្ចូលនូវភាពងាយស្រួលនៃប្រព័ន្ធឌីជីថល និងការផ្ដល់ប្រឹក្សាជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុដោយផ្ទាល់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទំនើប និងសម្បូរបែប។ លើសពីនេះទៅទៀត ធនាគារ ខេប៊ីប្រាសាក់ សាខាមុនីវង្ស មានបន្ទប់ពិគ្រោះយោបល់ជាលក្ខណៈឯកជន ជាមួយនឹងការរចនាទំនើប និងបំពាក់ដោយគ្រឿងបរិក្ខារដ៏ប្រណីត ដែលផ្តល់ជូនអតិថិជននូវឯកជនភាព និងដំណោះស្រាយធនាគារស្របតាមតម្រូវការផ្ទាល់ខ្លួន។

ធនាគារ ខេប៊ីប្រាសាក់ សាខាមុនីវង្ស ត្រៀមខ្លួនជាស្រេចក្នុងការបម្រើអតិថិជនជាមួយនឹងសេវាធនាគារដ៏ពេញលេញសម្បូរបែប រួមមាន ម៉ាស៊ីនដក-ដាក់ប្រាក់ សេវាបញ្ញើ-សន្សំ សេវាឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស ប័ណ្ណឥណពន្ធ សេវាបង់ពន្ធ បង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស ការទូទាត់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសេវាផ្សេងៗទៀត ជារៀងរាល់ ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង 7:30 ព្រឹក ដល់ម៉ោង 4:00 រសៀល​ និងថ្ងៃសៅរ៍ ពីម៉ោង​ 8:00 ព្រឹក ដល់ម៉ោង 12:00 ថ្ងៃត្រង់។

ការទូទាត់កាន់តែងាយស្រួលសម្រាប់ម្ចាស់អាជីវកម្មជាមួយ ខេអេចឃ្យូអរសំឡេង របស់ធនាគារ ខេប៊ីប្រាសាក់

ដើម្បីសម្រួលម្ចាស់អាជីវកម្មក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការទទួលប្រាក់តាមបែបទំនើប និងមានប្រសិទ្ធភាព ធនាគារ​ ខេប៊ីប្រាសាក់ ផ្ដល់ជូនដោយឥតគិតថ្លៃនូវ ខេអេចឃ្យូអរសំឡេង ដែលជាឧបករណ៍ជូនដំណឹងជាសំឡេងភ្លាមៗ រាល់ពេលការទូទាត់ប្រាក់បានជោគជ័យ ដែលធ្វើឱ្យពាណិជ្ជករចំណេញពេលវេលា ដោយពុំចាំបាច់ពិនិត្យមើលទូរស័ព្ទ។

ខេអេចឃ្យូអរសំឡេង អាចបញ្ចេញសំឡេងចំនួនទឹកប្រាក់ទូទាត់បានឮ និងច្បាស់ៗ ជាភាសាខ្មែរ ឬ អង់គ្លេស នៅពេលអតិថិជនស្កេនកូត KHQR ទូទាត់ឱ្យម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍អាចស្នើសុំ ខេអេចឃ្យូអរសំឡេង នៅគ្រប់សាខា ឬ បុគ្គលិកផ្នែកលក់របស់ ធនាគារ ខេប៊ីប្រាសាក់។

សម្រាប់ព័ត៌មានបន្ថែមអំពី ខេអេចឃ្យូអរសំឡេង សូមចូលទៅកាន់ ខេអេចឃ្យូអរសំឡេង ឬ ទាក់ទងមកលេខទូរស័ព្ទ 086 999 911 ឬ 023 999 911 ។

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខសម្រាប់អតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025

រាជធានីភ្នំពេញ ថ្ងៃទី 23 ខែមករា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដែលបានទទួលវិញ្ញាបនបត្រអនុលោមភាពសម្រាប់ក្របខ័ណ្ឌត្រួតពិនិត្យសន្តិសុខអតិថិជនប្រើសេវាផ្ទេរប្រាក់ក្រៅប្រទេសតាម SWIFT សម្រាប់ឆ្នាំ 2025 (SWIFT Customer Security Controls Framework v2025) ដែលជាក្របខ័ណ្ឌដ៏សំខាន់មួយដែលត្រូវបានបង្កើតឡើងដើម្បីការពារអតិថិជនដែលប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិតាម SWIFT ពីការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។

វិញ្ញាបនបត្រដ៏វិសេសនេះត្រូវបានវាយតម្លៃ និងប្រគល់ជូនដោយ SISA Information Security Worldwide ដែលមានសុពលភាពចាប់ពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2026 ។ សមិទ្ធផលដ៏សំខាន់នេះសបញ្ជាក់ពីការយកចិត្តទុកដាក់ និងភាពល្អប្រសើររបស់ធនាគារក្នុងការការពារព័ត៌មានសំខាន់ៗរបស់អតិថិជន ទន្ទឹមនឹងការរក្សាបាននូវបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតជាសកល។

ថ្លែងក្នុងឱកាសដ៏រីករាយនេះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ដោយសារការខិតខំធ្វើការដោយយកចិត្តទុកដាក់ និងវិជ្ជាជីវៈរបស់បុគ្គលិក យើងអាចទទួលបានវិញ្ញាបនបត្រដ៏ខ្ពង់ខ្ពស់នេះ។ សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើងក្នុងការការពារព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជន»។

ធនាគារ ខេប៊ីប្រាសាក់ ត្រូវបានបញ្ជាក់ថាបានអនុលោមតាមតម្រូវការរបស់បទដ្ឋានសុវត្ថិភាពអតិថិជន SWIFT ឆ្នាំ 2025 បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងហ្មត់ចត់។​ អនុលោមភាពនេះផ្អែកលើភស្តុតាង វត្ថុតាង និងឯកសារដែលបានផ្តល់ជូន SISA Information Security Worldwide ដែលជាផ្នែកមួយនៃដំណើរការវាយតម្លៃក្របខ័ណ្ឌវាយតម្លៃឯករាជ្យឆ្នាំ 2025 ។

ធនាគារ ខេប៊ីប្រាសាក់ នៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាថាព័ត៌មាន និងប្រតិបត្តិការរបស់អតិថិជនត្រូវបានការពារ និងមានសុវត្ថិភាព។ ធនាគារបន្តពង្រឹងផ្នែកបច្ចេកវិទ្យា និងវិធានការសុវត្ថិភាព ដើម្បីធានាថាការផ្ទេរប្រាក់អន្តរជាតិមានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនទាំងអស់ ដែលធ្វើឱ្យធនាគារ ខេប៊ីប្រាសាក់ ក្លាយជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត។​

ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ គ្រងតំណែងជើងឯក AIA Corporate Cup 2026

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្ដីសោមនស្សរីករាយដោយ ក្រុមបាល់ទាត់ហ្វូតសាលរបស់ធនាគារ ខេប៊ីប្រាសាក់ បានឈ្នះជើងឯកពានរង្វាន់ AIA Corporate Cup 2026 កាលពីថ្ងៃទី 25 ខែមករា ឆ្នាំ 2026 ដែលជាការប្រកួតបាល់ទាត់ហ្វូតសាល បង្កើតឡើងសម្រាប់ដៃគូសាជីវកម្មរបស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា និងគាំទ្រដោយ AIA Group និងក្លឹបបាល់ទាត់ Tottenham Hotspur ។

បន្ថែមលើសពីនេះ ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ បានឈ្នះពានរង្វាន់ឯកត្តជនទាំងអស់ក្នុងការប្រកួត AIA Corporate Cup​ 2026 រួមមាន ពានកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ និងពានអ្នកចាំទីឆ្នើម។ សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានឆ្លុះបញ្ចាំងពីវិន័យ ការសហការ និងការប្តេជ្ញាចិត្តរបស់កីឡាករទាំងអស់ ចាប់តាំងពីវគ្គចែកពូល រហូតដល់ការប្រកួតផ្ដាច់ព្រ័ត្រ។

ក្នុងនាមជាជើងឯក ក្រុមបាល់ទាត់ហ្វូតសាលធនាគារ ខេប៊ីប្រាសាក់ នឹងតំណាងឱ្យក្រុមហ្វូតសាលនៃដៃគូសាជីវកម្មទាំងអស់របស់ក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ក្នុងប្រទេសកម្ពុជា ដើម្បីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AIA Championship នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ធនាគារ ខេប៊ីប្រាសាក់ និង អេ អាយ អេ ខេមបូឌា បានប្រកាសពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងសុវត្ថិភាពហិរញ្ញវត្ថុ សម្រាប់អតិថិជនទូទាំងប្រទេស។

ធនាគារ ខេប៊ីប្រាសាក់ នាំយកស្នាមញញឹមថ្មីដល់កុមារតាមរយៈបេសកកម្មវះកាត់របស់អង្គការស្នាមញញឹមកម្ពុជា

រាជធានីភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភទឹកប្រាក់ចំនួន 10,000 ដុល្លារអាមេរិកដល់អង្គការស្នាមញញឹមកម្ពុជាសម្រាប់ឆ្នាំ 2026 ដើម្បីគាំទ្របេសកកម្មវះកាត់ ដើម្បីនាំមកនូវស្នាមញញឹមនិងទំនុកចិត្តដល់កុមារដែលកើតមកមានបបូរមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ។

បេសកកម្មវះកាត់បានធ្វើឡើងចាប់ពីថ្ងៃទី 11 ដល់ថ្ងៃទី 16 ខែមករា ឆ្នាំ 2026 នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបានផ្តល់ការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។ កិច្ចផ្តួចផ្តើមនេះមានគោលបំណងស្តារឡើងវិញមិនត្រឹមតែស្នាមញញឹមរបស់កុមារប៉ុណ្ណោះទេ ថែមទាំងផ្តល់ទំនុកចិត្ត និងគុណភាពជីវិតដល់ពួកគេផងដែរ។

ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រក្រុមគ្រូពេទ្យកម្ពុជាក្នុងការផ្តល់ការវះកាត់ដែលផ្លាស់ប្តូរជីវិតរបស់កុមារ។ ធនាគារបានឧបត្ថម្ភបេសកកម្មរបស់អង្គការស្នាមញញឹមកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការចូលរួមចំណែកនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះទំនួលខុសត្រូវសង្គម និងការផ្ដល់ឥទ្ធិពលដ៏មានអត្ថន័យដល់សហគមន៍កម្ពុជា។ ធនាគារ ខេប៊ីប្រាសាក់ នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់សង្គម ហើយនឹងបន្តគាំទ្រកិច្ចផ្តួចផ្តើមទាំងឡាយណាដែលរួមចំណែកដល់ការលើកកម្ពស់សុខុមាលភាពរបស់សហគមន៍កម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទ «មាស» សម្រាប់ឆ្នាំ 2026-2027 ពីអគ្គនាយកដ្ឋានពន្ធដារ

ធនាគារ ខេប៊ីប្រាសាក់ ម.ក បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ សម្រាប់រយៈពេល 2 ឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ វិញ្ញាបនបត្រនេះឆ្លុះបញ្ចំាងពីការប្ដេជ្ញាចិត្តដ៏មោះមុតរបស់ធនាគារចំពោះអនុលោមភាពសារពើពន្ធ តម្លាភាព និងការទូទាត់បង់ពន្ធតាមកាលកំណត់។

លោក​ អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ការទទួលបានវិញ្ញាបនបត្រប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ។ វិញ្ញាបនបត្រនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងចំពោះតម្លាភាព និងការគ្រប់គ្រងហិរញ្ញវត្ថុដ៏រឹងមាំក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធចំពោះប្រទេសជាតិ»

លោកបានបន្តថា ការបង់ពន្ធ​ដោយ​វិស័យ​ឯកជន​បានដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ ហើយធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញា​រក្សា​បទដ្ឋាន​ខ្ពស់បំផុត​នៃ​ការអនុលោម​​ពន្ធដារ និង​រួមចំណែក​​ដល់​ការរីក​ចម្រើន​​របស់​​ប្រទេសជាតិ​។

រួមគ្នាដើម្បីកម្ពុជាកាន់តែរឹងមាំ អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ប្រកាសពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេនរយៈពេល 10 ឆ្នាំដើម្បីបង្កើនភាពងាយស្រួល និងសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនទូទាំងប្រទេស

ភ្នំពេញ ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2025៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ម.ក បានប្រកាសអំពីភាពជាដៃគូអាជីវកម្មប៊េងកាសួរេន (ធានារ៉ាប់រងនៅតាមធនាគារ) រយៈពេល 10 ឆ្នាំ ដែលជាការចាប់ផ្តើមនៃដំណើររួមគ្នាមួយ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងលើកកម្ពស់គ្រួសារកម្ពុជាដល់រាប់លាន ឱ្យរៀបចំផែនការអនាគតប្រកបដោយទំនុកចិត្ត។

ពិធីបើកសម្ពោធជាផ្លូវការនៃភាពជាដៃគូនេះ ទទួលបានការចូលរួមជាកិត្តិយសពីតំណាងនិយ័តករធានារ៉ាប់រងកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់មកពី អេ អាយ អេ គ្រុប (AIA Group) អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់។

តាមរយៈកិច្ចសហការនេះ អតិថិជនធនាគារ ខេប៊ីប្រាសាក់ នឹងរីករាយជាមួយបទពិសោធន៍ហិរញ្ញវត្ថុពេញលេញកាន់តែសម្បូរបែប ដែលរួមបញ្ចូលគ្នានូវសេវាធនាគារដែលគួរឱ្យទុកចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេដ៏ទូលំទូលាយរបស់ អេ អាយ អេ ខេមបូឌា។ នោះមានន័យថា អតិថិជនរបស់ធនាគារឥឡូវអាចពង្រឹងផែនការហិរញ្ញវត្ថុ និងការពារគ្រួសាររបស់ពួកគេពីហេតុការណ៍អកុសលណាមួយដែលមើលមិនឃើញ។ ក្រៅពីការការពារ កិច្ចសហការនេះធានានូវភាពងាយស្រួលក្នុងការទទួលយក និងប្រើប្រាស់សេវាធានារ៉ាប់រងសម្រាប់ប្រជាជនកម្ពុជាក្នុងការការពារទាំងសុខភាព និងទ្រព្យធន។

ក្នុងជំហានដំបូងនៃកិច្ចចាប់ផ្តើមភាពជាដៃគូនេះ អតិថិជនអាចអញ្ជើញទៅទទួលការប្រឹក្សាអំពីដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពរបស់ អេ អាយ អេ ខេមបូឌា ដើម្បីបំពេញបន្ថែមលើសេវាហិរញ្ញវត្ថុរបស់ធនាគារខេប៊ីប្រាសាក់ នៅតាមសាខាចំនួន 50 របស់ធនាគារ ហើយនឹងបន្តពង្រីកទៅគ្រប់សាខាទូទាំងប្រទេសនៅត្រីមាសទី 2 ឆ្នាំ 2026។

ភាពជាដៃគូនេះបង្កើតឡើងនៅលើយុទ្ធសាស្ត្រអាជីវកម្មប៊េងកាសួរេន របស់ អេ អាយ អេ ខេមបូឌា ដោយសហការជាមួយស្ថាប័នហិរញ្ញវត្ថុឈានមុខគេ ដើម្បីបង្កើនការយល់ដឹង និងបញ្រ្ជាបសេវាធានារ៉ាប់រង។ នៅពេលដែលប្រជាជនកម្ពុជាកាន់តែយល់ច្បាស់អំពីសុខភាព និងសុខុមាលភាព ភាពជាដៃគូនេះអនុញ្ញាតឱ្យ អេ អាយ អេ ខេមបូឌា ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើងតាមតម្រូវការជាក់លាក់របស់អតិថិជន រួមជាមួយបទពិសោធសេវាអតិថិជននិងឌីជីថលល្អឥតខ្ចោះ ការទាមទារសំណងប្រកបដោយប្រសិទ្ធភាព រួមជាមួយនឹងអត្ថប្រយោជន៍ផ្តាច់មុខ បន្ថែមពីលើតម្រូវការសេវាធនាគាររបស់អតិថិជន។

នៅក្នុងពិធីនោះ លោកស្រី តាន់ លីនណា អគ្គនាយិការងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា «តាងនាមឱ្យនិយ័តករធានារ៉ាប់រងកម្ពុជា នាងខ្ញុំពិតជារីករាយចំពោះភាពជាដៃគូនេះ ដែលស្របនឹង ក៏ដូចជាគាំទ្រដល់យុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុ និងធានាបាននូវស្ថិរភាពសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ភាពជាដៃគូនេះផ្តល់នូវការរួមបញ្ចូលសេវាកម្មរវាងវិស័យទាំងពីរដែលផ្តល់មកវិញនូវ ជម្រើសហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានធានារ៉ាប់រងកាន់តែច្រើន ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ពួកគេក្នុងរយៈពេលយូរអង្វែង»

លោក Tan Hak Leh អគ្គនាយកប្រតិបត្តិប្រចាំតំបន់នៃ អេ អាយ អេ គ្រុប (AIA Group) បានមានប្រសាសន៍ថា «កម្មវិធីប្រកាសភាពជាដៃគូនាថ្ងៃនេះ ពិតជាពិសេសសម្រាប់ អេ អាយ អេ ស្របពេលដែលយើងខ្ញុំកំពុងបន្តពង្រឹងការប្តេជ្ញាចិត្តចំពោះកម្ពុជា និងពង្រីកវត្តមានសេវាធានារ៉ាប់រងរបស់យើងខ្ញុំតាមធនាគារនៅទូទាំងតំបន់។ តាមរយៈកិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ អេ អាយ អេ កំពុងធ្វើឱ្យការការពារជីវិត និងសុខភាពកាន់តែមានភាពងាយស្រួលដល់ប្រជាជនកម្ពុជារាប់លាននាក់ ដើម្បីពង្រឹងគោលបំណងរបស់ក្រុមហ៊ុនក្នុងការជួយប្រជាជនរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ»

លោកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិនៃ អេ អាយ អេ ខេមបូឌា ក៏បានថ្លែងថា៖ «ភាពជាដៃគូនេះអនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ ខេប៊ីប្រាសាក់ ទទួលបានដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏សម្បូរបែបរបស់ អេ អាយ អេ ខេមបូឌា ដែលត្រូវបានបង្កើតឡើងដើម្បីការពារគ្រួសាររបស់ពួកគេ និងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុ ក៏ដូចជាពង្រឹងការសន្យារបស់យើងខ្ញុំក្នុងការជួយប្រជាជនកម្ពុជាឱ្យរស់មានសុខភាព និងជីវិតកាន់តែប្រសើរ។ វាក៏ផ្តល់ឱកាសដើម្បីបង្ហាញពីរបៀបដែលសេវាធានារ៉ាប់រងអាចការពារទាំងសុខភាព និងទ្រព្យធននាពេលបច្ចុប្បន្ន និងអនាគត។ ភាពជាដៃគូនេះទៀតសោត ផ្តោតលើចក្ខុវិស័យរួមគ្នារវាង អេ អាយ អេ ខេមបូឌា និងធនាគារ ខេប៊ីប្រាសាក់ ក្នុងការបញ្ចូលគ្នានូវជំនាញបច្ចេកវិទ្យា និងការយល់ដឹងអំពីទីផ្សារ ដើម្បីពង្រីកបណ្តាញចែកចាយ និងកំណើនអតិថិជនរបស់យើង ដែលជាការគាំទ្រដល់ការប្តេជ្ញាចិត្តរបស់ស្ថាប័នទាំងពីរក្នុងការពន្លឿនកំណើននៅក្នុងវិស័យធានារ៉ាប់រង និងធនាគារ។»

លោក អ៊ុំ សមអឿន ប្រធាននាយកប្រតិបត្តិនៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាធ្វើឱ្យជីវិតរបស់អតិថិជនកាន់តែប្រសើរតាមរយៈការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។ ការសហការជាមួយ អេ អាយ អេ ខេមបូឌា អាចឱ្យយើងផ្ដល់ជូនសេវាលើសពីវិស័យធនាគារ នោះគឺការផ្តល់ជូននូវសេវាធានារ៉ាប់រងអាយុជីវិត និងសុខភាពដ៏ជាទីទុកចិត្ត ដែលការពារអតិថិជនរបស់យើង និងក្រុមគ្រួសាររបស់ពួកគេ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយក្នុងការជួយអតិថិជនរបស់យើងកសាងអនាគតដែលកាន់តែមានសុវត្ថិភាព និងទំនុកចិត្ត។»

ក្រៅពីភាពរីកចម្រើននៃអាជីវកម្ម ភាពជាដៃគូនេះតំណាងឱ្យចក្ខុវិស័យរួមមួយ៖ «ដើម្បីផ្លាស់ប្តូរការគិតរបស់ប្រជាជនកម្ពុជាចំពោះសុខសុវត្ថិភាពហិរញ្ញវត្ថុ ដោយធ្វើឱ្យវិស័យធានារ៉ាប់រងមិនត្រឹមតែដំណោះស្រាយលើការការពារហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏រឹងមាំដើម្បីទ្រទ្រង់សុខុមាលភាពជាតិ។»

សម្រាប់ព័ត៌មានបន្ថែមអំពីដំណោះស្រាយហិរញ្ញវត្ថុរបស់ អេ អាយ អេ ខេមបូឌា តាមរយៈធនាគារ ខេប៊ីប្រាសាក់ សូមអញ្ជើញទៅកាន់សាខាធនាគារ ខេប៊ីប្រាសាក់ ឬ ទាក់ទងសេវាបម្រើអតិថិជន អេ អាយ អេ តាមរយៈលេខ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

អំពី អេ អាយ អេ ខេមបូឌា៖

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជា រាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្របតាមគោលបំណង ក្នុងការជួយឲ្យប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពដំបូងបង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ហើយបច្ចុប្បន្ននេះ អេ អាយ អេ អខេមបូឌា ក៏បានពង្រីកការការពារថ្មីចំពោះជំងឺធ្ងន់ធ្ងរលើលក្ខខណ្ឌរហូតដល់ 118 ចាប់ពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយដើម្បីរក្សាជំហរជាក្រុមហ៊ុនដំបូងបង្អស់នៅវិស័យធានារ៉ាប់រងកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេមួយនៅកម្ពុជា  អេ អាយ អេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅលើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗដែលបង្កើតឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃសម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឲ្យប្រជាជនក្នុងសង្គមទទួលយកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឲ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការ ជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ AIA Fit for Hope របស់យើងជាដើម។

អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក៖

ធនាគារ ខេប៊ីប្រាសាក់ គឺជាធនាគារពាណិជ្ជកម្មឈានមុខគេមួយនៅកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណពី ធនាគារជាតិនៃកម្ពុជា និងទទួលបានការអនុម័តពី ក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការធនាគារជាផ្លូវការចាប់ពីខែសីហា ឆ្នាំ 2023។ គិតត្រឹមខែតុលា ឆ្នាំ 2025 ធនាគារមានទ្រព្យសកម្មសរុបចំនួន 5.78 ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំចំនួន 3.95  ប៊ីលានដុល្លារអាមេរិក និងសម្ពៀតឥណទានចំនួន 5.26 ប៊ីលានដុល្លារអាមេរិក ជាមួយនឹងសាខាចំនួន 187 និងបុគ្គលិកលើសពី 10,000  នាក់ទូទាំងប្រទេស។

ធនាគារ ខេប៊ីប្រាសាក់ ប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងប្រកបដោយនវានុវត្តន៍ ដើម្បីបម្រើសេចក្ដីត្រូវការរបស់អតិថិជនជាឯកត្តបុគ្គល និងអាជីវកម្ម។ តាមរយៈភាពជាដៃគូជាមួយ AIA Cambodia នេះ ធនាគារ ខេប៊ីប្រាសាក់ បន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការការពារសុខភាព និងវិបុលភាពរយៈពេលវែងសម្រាប់សហគមន៍កម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ចូលរួម «កម្មវិធីសន្សំប្រាក់ដោយភាពវៃឆ្លាតសន្សំប្រាក់ដោយក្តីស្រឡាញ់​​»

ខេត្តកំពត៖ ធនាគារ ខេប៊ីប្រាសាក់ បានចូលរួមឧបត្ថម្ភ និងផ្សព្វផ្សាយអំពីសារៈសំខាន់នៃការសន្សំប្រាក់ នៅក្នុងទិវាសន្សំអាស៊ាន ឆ្នាំ 2025 នាថ្ងៃទី 31 ខែតុលា ឆ្នាំ 2025 នៅក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្ដម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម ចាន់ ថា អភិបាលរងនៃគណៈអភិបាលខេត្តកំពត និងដោយមានការចូលរួមពីតំណាងរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។

កម្មវិធីដ៏មានអត្ថន័យនេះរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា សមាគមធនគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់នៃការសន្សំប្រាក់ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុរបស់បុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុភមង្គល និងការរីកចម្រើនក្នុងគ្រួសារ។ នៅក្នុងកម្មវិធីនេះដែរ វាគ្មិនជំនាញផ្នែកចំណេះដឹងហិរញ្ញវត្ថុ ត្រូវបានអញ្ជើញដើម្បីចែករំលែកពីផលប្រយោជន៍ក្នុងការសន្សំប្រាក់ វិធីសាស្ត្រងាយៗក្នុងការសន្សំប្រាក់ និងការដាក់ប្រាក់សន្សំនៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។ លើសពីនេះផងដែរ ក៏មានកម្មវិធីប្រកួតប្រជែងរបស់សិស្សានុ សិស្សលើប្រធានបទនៃការសន្សំប្រាក់នេះផងដែរ។

ទម្លាប់សន្សំបានដុះឡើងក្នុងសង្គមកម្ពុជាជាយូរលង់មកហើយ ប៉ុន្តែការសន្សំដ៏មានប្រសិទ្ធភាព គឺត្រូវដកចំណែកនៃចំណូលដែលរកបាន សម្រាប់ដាក់ជាប្រាក់សន្សំសិន បន្ទាប់មកប្រាក់ដែលនៅសល់ គឺទុកសម្រាប់ការចាត់ចែងលើការចំណាយនានា។ វិធីនេះនឹងជួយយើងឱ្យរក្សាបាននូវប្រាក់សម្រាប់សន្សំ និងមិនចំណាយប្រាក់ដោយខ្ជះខ្ជាយ។ ការសន្សំប្រាក់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនដូចជា ការចំណាយបន្ទាន់ ចំណាយសម្រាប់សុខភាព ការសម្រេចផែនការតាមគោលបំណង ឬ អាចជាទ្រព្យសម្រាប់ដាក់ធានាដើម្បីទទួលបានកម្ចីផងដែរ។ មួយផ្នែកធំនោះ គឺការចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការចាត់ចែងឱ្យមានលំហូរសាច់ប្រាក់ពីអ្នកដែលសល់សាច់ប្រាក់ទំនេរ ជូនដល់វិនិយោគិនដែលត្រូវការដើមទុនតាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ។

ទន្ទឹមនឹងនេះដែរ ធនាគារ ខេប៊ីប្រាសាក់ បានខិតខំចូលរួមបង្កើនការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការយល់ដឹងអំពីការសន្សំប្រាក់ដល់អតិថិជន និងសាធារណជន តាមរយៈគំនិតផ្តួចផ្តើមផ្សេងៗដូចជា យុទ្ធនាការអប់រំ កម្មវិធីផ្សព្វផ្សាយតាមសហគមន៍ និងការចែករំលែកមាតិការលើបណ្ដាញសង្គមឌីជីថល។ បន្ថែមលើសពីនេះ គឺយើងបានផ្ដល់អត្រាការប្រាក់ខ្ពស់រហូតដល់ 6% ក្នុង 1 ឆ្នាំ សម្រាប់អតិថិជនដែលបើកគណនីបញ្ញើមានកាលកំណត់ជាប្រាក់រៀល ដែលនេះជាការផ្ដល់ជូនដើម្បីភាពរីកចម្រើនរបស់អតិថិជនតាមរយៈចំណូលការប្រាក់។

នៅក្នុងកម្មវិធីនេះផងដែរ ខេប៊ីប្រាសាក់ ក៏បានផ្ដល់ជូនប្រូម៉ូសិនពិសេសគឺ បើកគណនី បានលុយ ជូនដល់អតិថិជនដែលមិនទាន់មានគណនីនៅខេប៊ីប្រាសាក់ ដោយការបង្វិលកងផ្សងសំណាងនៅនឹងទីតាំងប្រារព្ធពិធីផ្ទាល់។ នេះជាការលើកទឹកចិត្តឱ្យសាធារណជនបង្កើតទម្លាប់សន្សំកាន់ច្រើននៅគ្រឹះស្ថានដែលមានអាជ្ញាប័ណ្ណស្របច្បាប់។

ធនាគារ ខេប៊ីប្រាសាក់ ឧបត្ថម្ភសិក្ខាសាលាប្រចាំឆ្នាំ ២០២៥ នៃគ្រឹះស្ថានឥណទានជនបទ ដើម្បីគាំទ្រដល់ភាពធន់ និងនិរន្តរភាពរបស់វិស័យ

ភ្នំពេញ ថ្ងៃទី 24 ខែតុលា ឆ្នាំ 2025 ​៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីរីករាយក្នុងការចូលរួមឧបត្ថម្ភ សិក្ខាសាលាប្រចាំឆ្នាំ 2025 របស់គ្រឹះស្ថានឥណទាន​ជនបទ ដោយផ្តោតពី​ ការគ្រប់គ្រងហានិភ័យ និងកសាងភាពធន់របស់គ្រឹះស្ថានឥណទានជនបទ ដែលបានរៀបចំដោយឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

សិក្ខាសាលានេះជាវេទិកាដ៏សំខាន់ដើម្បីបង្ហាញពីសកម្មភាពជាក់ស្ដែងសម្រាប់គ្រឹះស្ថានឥណទានជនបទ ឆ្លុះបញ្ចាំងពីសមិទ្ធផលរួម កិច្ចការងារពង្រឹងសមត្ថភាពរបស់គ្រឹះស្ថាន ការអនុលោមភាព បញ្ហាប្រឈម និរន្តរភាព ព្រមទាំងការរៀបចំយុទ្ធសាស្តក្នុងការពង្រឹងស្ថាប័ន វិស័យ និងរួមចំណែកអភិវឌ្ឍខឿនសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ក្នុងនាមជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានឫសគល់យ៉ាងជ្រៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការគាំទ្រគំនិតផ្តួចផ្តើមទាំងឡាយដែលរួមចំណែកដល់ការរីកចម្រើនប្រកបដោយចីរភាពនៃវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្នសម្រាប់សហគមន៍ជនបទ។ ការឧបត្ថម្ភរបស់ធនាគារ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការជំរុញហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ពង្រឹងសមត្ថភាពរបស់ដៃគូវិស័យ និងលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ ដែលផ្តល់អត្ថប្រយោជន៍ដល់ទាំងស្ថាប័ន និងទាំងអតិថិជនទូទាំងប្រទេស។

តំណាងធនាគារ ខេប្រាសាក់ បានមានប្រសាសន៍ថា «ការគាំទ្រសិក្ខាសាលានេះស្របតាមបេសកកម្មរបស់យើងក្នុងការលើកកម្ពស់ការធ្វើប្រតិបត្តិការផ្ដល់សេវាហិរញ្ញវត្ថុដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ យើងជឿជាក់ថា តាមរយៈការជ្រោមជ្រែងដល់គ្រឹះស្ថានឥណទានជនបទ យើងរួមចំណែកដល់ការកសាងភាពធន់ និងកំណើនប្រកបដោយបរិយាប័ន្នសម្រាប់សេដ្ឋកិច្ចកម្ពុជា»។

ប្រធាននាយកប្រតិបត្តិធនាគារ KB Kookmin Bank បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា៖ លោក Lee Hwan Ju ប្រធាននាយកប្រតិបត្តិធនាគារគូកមីន (KB Kookmin Bank) ដែលជាធនាគារលំដាប់ទីមួយនៅប្រទេសកូរ៉េខាងត្បូង និងជាម្ចាស់ភាគហ៊ុនរបស់ ធនាគារ ខេប៊ីប្រាសាក់ បានមកបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសកម្ពុជាកាលពីថ្ងៃទី 20-21 ខែតុលា ឆ្នាំ 2025 ដើម្បីពិនិត្យមើលលទ្ធផលការងាររបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើតទំនាក់ទំនងជិតស្និទ្ធ និងការយកចិត្តទុកដាក់ពីម្ចាស់ភាគហ៊ុនដល់ថ្នាក់គ្រប់គ្រងនិងបុគ្គលិកធនាគារខេប៊ីប្រាសាក់ និងពិនិត្យពីកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក Lee Hwan Ju បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។ បរិយាកាសនៃជំនួបបានប្រពឹត្តដោយក្តីរីករាយ និងទទួលបាននូវលទ្ធផលការងារជាច្រើន ដោយលោក Lee បានលើកឡើងពីបរិយាកាសអំណោយផលក្នុងការវិនិយោគនៅកម្ពុជា ពិសេសក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនគឺ ធនាគារ ខេប៊ីប្រាសាក់ ម.ក ។ លោកក៏បានបង្ហាញដែរថា ធនាគារ KB Kookmin Bank មានចក្ខុវិស័យ និងយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការវិនិយោគនៅកម្ពុជា ព្រមជាមួយនឹងការនាំមកនូវបច្ចេកវិទ្យា និងនវានុវត្តន៍នៃសេវានិងផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជា។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាងម្ចាស់ភាគហ៊ុន ធនាគារ KB Kookmin Bank នៃប្រទេសកូរ៉េខាងត្បូង ដែលបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេសការប្តេជ្ញាបន្តពង្រឹងការវិនិយោគបន្ថែមនៅកម្ពុជា។ លោកជំទាវក៏បានមានប្រសាសន៍ពីការវិវត្តនៃការរៀបចំវិធានការនានា និងបញ្ជាក់ពីការផ្តល់កិច្ចសហការ សំដៅផ្តល់ភាពអំណោយ ផលដល់ការធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

នាឱកាសនោះដែរ លោកជំទាវអគ្គទេសាភិបាល និងលោកប្រធាននាយកប្រតិបត្តិ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ ការពង្រឹងសន្តិសុខសាយប័រ និងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនផងដែរ។

លោក Lee Hwan Ju ក៏បានប្រជុំពិភាក្សាផ្តោះប្តូរយោបល់ជាមួយនឹងគណៈគ្រប់គ្រង ធនាគារ ខេប៊ីប្រាសាក់ នៅការិយាល័យកណ្តាល ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗក្នុងគោលដៅរក្សាឱ្យបាននូវកំណើនផលបត្រកម្ចី ជំរុញការអភិវឌ្ឍឌីជីថល ទាក់ទាញនិងបង្កើតវប្បធម៌សន្សំសម្រាប់អតិថិជន ការគិតគូរជាចំបងក្នុងការបម្រើសេវាជូនអតិថិជន ព្រមទាំងការថែរក្សាធនធានមនុស្សរបស់ធនាគារខេប៊ីប្រាសាក់ផងដែរ។

លោកបានបន្តដំណើរទស្សនកិច្ចដោយបានចុះពិនិត្យស្ថានភាពប្រតិបត្តិការដល់ទីតាំងសាខានានារបស់ ធនាគារខេប៊ីប្រាសាក់ រួមមានសាខាអង្គតាសោម សាខាតាកែវ ស្ថិតក្នុងខេត្តតាកែវ និងសាខាអ៊ីអនម៉លមានជ័យ នៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនោះដែរ លោកបានស្វែងយល់ពីវិធីសាស្ត្រក្នុងសេវាហិញ្ញវត្ថុជូនដល់អតិថិជន លទ្ធផល ការងារដែលសម្រេចបានតាមសាខានីមួយៗ ការបញ្ជ្រាបពីរបៀបគិតពីចំណូល ចំណាយ សន្សំ មុនពេលអតិថិជនសម្រេចចិត្តក្នុងការខ្ចីប្រាក់សម្រាប់ការពង្រីក និងប្រើប្រាស់ក្នុងមុខរបរ ឬ/និងគ្រួសារជាដើម។ ជារួម លោកបានផ្តល់ជាអនុសាសន៍ដោយសំណូមពរដល់ថ្នាក់គ្រប់គ្រង និងបុគ្គលិកធនាគារខេប៊ីប្រាសាក់ ខិតខំបន្តបន្ថែមទៀតក្នុងការយកចិត្តទុកដាក់ និងថែរក្សាអតិថិជន តាមរយៈ ការផ្តល់សេវាលឿនរហ័ស ត្រឹមត្រូវ គ្រប់គ្រាន់ ទាន់ពេល និងរក្សាឱ្យនូវគុណតម្លៃរបស់ធនាគារដោយចាត់ទុកអតិថិជនគឺជាអាទិភាពទីមួយ។

ក្រោយបញ្ចប់ទស្សនកិច្ច លោក Lee Hwan Ju ក៏បានឆ្លៀតឱកាសក្នុងការចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដោយបានបង្ហាញចំណាប់អារម្មណ៍ និងលើកសរសើរពីការរៀបចំយ៉ាងល្អនៃសារមន្ទីរព្រះស្រីឦសានវរ្ម័ន និងដំណើរដ៏វែងឆ្ងាយនៃប្រវត្តិរូបិយវត្ថុនៅកម្ពុជា។

ធនាគារ ខេប៊ីប្រាសាក់ ដាក់ដំណើរការប័ណ្ណឥណពន្ធវីសា (VISA Debit Card)

ភ្នំពេញ ថ្ងៃទី 6 ខែតុលា ឆ្នាំ 2025 ៖ ធនាគារ ខេប៊ីប្រាសាក់ ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការប័ណ្ណឥណពន្ធវីសាចំនួន 3 លំដាប់ គឺ ប័ណ្ណក្លាស៊ិក (Classic Card) ប័ណ្ណហ្គោល (Gold Card) និងប័ណ្ណផ្លាទីនីម (Platinum Card) ដែលផ្តល់ជូនអតិថិជននូវបទពិសោធន៍ក្នុងការទូទាត់ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ អាចប្រើប្រាស់សម្រាប់ធ្វើប្រតិបត្តិការប្រចាំថ្ងៃជាច្រើន ដូចជា ការទិញទំនិញតាមអនឡាញនៅលើវេបសាយត៍ និងតាមអេបដែលទទួលយក VISA ការទិញទំនិញនៅក្នុងហាងរបស់ពាណិជ្ជកររាប់លានទីតាំងនៅទូទាំងពិភពលោក និងដកប្រាក់នៅម៉ាស៊ីនអេធីអឹមដែលមាននិមិត្តសញ្ញា VISA ទាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា។ មិនថាលោកអ្នកទូទាត់វិក្កយបត្រ កក់ការធ្វើដំណើរ ទទួលទានអាហារនៅខាងក្រៅ ឬ ដកសាច់ប្រាក់ ប័ណ្ណទាំងនេះផ្តល់នូវភាពងាយស្រួល និងភាពបត់បែន ជូនលោកអ្នកគ្រប់ទីកន្លែង គ្រប់ពេលវេលា។

ប័ណ្ណឥណពន្ធវីសា របស់ធនាគារ ខេប៊ីប្រាសាក់ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានកម្រៃសេវាប័ណ្ណប្រចាំឆ្នាំសម្រាប់ឆ្នាំដំបូង។ ម្ចាស់ប័ណ្ណអាចចូលប្រើគណនីសន្សំ ឬ គណនីចរន្តរបស់ពួកគាត់ដោយផ្ទាល់ ព្រមទាំងទទួលបានការប្រាក់ខ្ពស់លើសមតុល្យដែលរក្សាក្នុងគណនីដែលបានភ្ជាប់ប័ណ្ណ។ លោកអ្នកអាចគ្រប់គ្រងទំហំកំណត់នៃការដកប្រាក់របស់ប័ណ្ណ និងអាចភ្ជាប់ប័ណ្ណជាច្រើនទៅនឹងគណនីមួយបាន។ ដោយឡែកសម្រាប់ប័ណ្ណឥណពន្ធផ្លាទីនីម អតិថិជនជាម្ចាស់ប័ណ្ណអាចចូលសម្រាកក្នុងបន្ទប់រង់ចាំពិសេស (Airport Lounges) នៅអាកាសយានដ្ឋានគ្រប់ប្រទេស បានរហូតដល់ទៅ 5 ដងក្នុងមួយឆ្នាំ។

ប័ណ្ណឥណពន្ធវីសា ខេប៊ីប្រាសាក់ ត្រូវបានបង្កើតឡើងជាមួយនឹងមុខងារទំនើប ដើម្បីការពារការទូទាត់របស់លោកអ្នក។ បន្ទះឈីប EMV ការពារប្រឆាំងនឹងការក្លែងបន្លំ ចំណែកឯមុខងារ Contactless (NFC) អនុញ្ញាតឱ្យលោកអ្នក ទូទាត់យ៉ាងរហ័ស និងដោយសុវត្ថិភាព ដោយមិនបាច់ឆូត ឬ ស៊កប័ណ្ណឡើយ។ សម្រាប់ការទិញតាមអនឡាញ មុខងារ 3D-Secure Protocol បន្ថែមស្រទាប់នៃការផ្ទៀងផ្ទាត់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រតិបត្តិការរបស់លោកអ្នកឱ្យមានសុវត្ថិភាព។

អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធវីសា (Visa Debit Card) តាម៖

  • KB PRASAC Mobile
  • សាខាខេប៊ីប្រាសាក់នៅទូទាំងប្រទេស
  • បុគ្គលិកផ្នែកលក់របស់ខេប៊ីប្រាសាក់

សូមជម្រាបថា មុនពេលដាក់ឱ្យដំណើរការប័ណ្ណឥណពន្ធវីសាផ្លាស្ទិកនេះ ធនាគារ ខេប៊ីប្រាសាក់ បានដាក់ឱ្យដំណើរការប័ណ្ណនិម្មិត VISA រួចហើយកាលពីពេលថ្មីៗនេះ ហើយជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះនវានុវត្តន៍ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណឥណទាន VISA (Visa Credit Card) របស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ ការដាក់ឱ្យដំណើរការប័ណ្ណទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការបន្តអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបនឹងតម្រូវការ និងបែបផែនរស់នៅទំនើបនិងស៊ីវល័យរបស់អតិថិជនរបស់យើង។

សូមស្នើសុំប័ណ្ណឥណពន្ធវីសារបស់អ្នកនៅថ្ងៃនេះ ហើយរីករាយនឹងបទពិសោធន៍ទូទាត់លំដាប់ពិភពលោក ជាមួយនឹងសុវត្ថិភាព ភាពងាយស្រួល និងអត្ថប្រយោជន៍ជាច្រើន។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ ប័ណ្ណឥណពន្ធវីសា ឬ ទូរស័ព្ទមកលេខ 086 999 911023 999 911

ធនាគារ ​ខេប៊ី​ប្រាសាក់ ឧបត្ថម្ភ​កម្មវិធីវិថីហិរញ្ញវត្ថុ​រដូវកាល​ទី 3 ដើម្បី​ជំរុញ​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

ភ្នំពេញ ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025៖ ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពក្នុងការ​ឧបត្ថម្ភ​កម្មវិធី វិថី​ហិរញ្ញវត្ថុ​ រដូវកាល​ទី 3 ដែលជា​យុទ្ធនាការ​អប់រំ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដ៏សំខាន់​មួយនៅ​ប្រទេស​​កម្ពុជា។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់ លោកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិនិងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ដំណើរការដំបូង​ក្នុង​ឆ្នាំ 2023 ដោយមាន​ការ​គាំទ្រ​​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា «វិថីហិរញ្ញវត្ថុ» ​ជាកម្មវិធី​អប់រំ​ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុថ្នាក់ជាតិ  ដែល​ត្រូវ​បាន​បង្កើតឡើង​ដោយ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC), សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA), ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC), និង ក្រុមហ៊ុន​ អប្សរា មេឌា សឺវីស (AMS)។

យុទ្ធនាការនៃកម្មវិធី​នេះ​ប្រើប្រាស់​កិច្ច​ពិភាក្សា វីដេអូ​ខ្លីៗ ព្រឹត្តិការណ៍​សាធារណៈ និង​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​តាម​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី និង​ឌីជីថល ដើម្បី​ធ្វើឱ្យ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ដល់​មនុស្ស​គ្រប់រូប។ កម្មវិធីនេះ​ផ្តោត​សំខាន់​គឺ​ទៅលើជំនាញ​ជាក់ស្តែងដូចជា ការ​សន្សំ ការគ្រប់គ្រងនិង​រៀបចំ​ផែនការថវិកា ការ​ខ្ចីប្រាក់​ដោយឆ្លាតវៃ និង​ការ​គ្រប់គ្រង​បំណុល ក្នុងគោលបំណងជួយ​ដល់​យុវជន ម្ចាស់​អាជីវកម្ម និង​ក្រុមគ្រួសារ​ឱ្យ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ការ​យល់ដឹង និង​កសាង​អនាគត​ដ៏​រឹងមាំ។

ក្រៅពីឧបត្ថម្ភកម្មវិធី ធនាគារ ខេប៊ីប្រាសាក់ ក៏បានចូលរួមយ៉ាងសកម្មក្នុងការផលិតកម្មវិធីនេះ ដោយតំណាងរបស់​ធនាគារ​បាន​ចូលរួម​ក្នុងកិច្ច​ពិភាក្សា និង​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពីសារៈសំខាន់​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល ​របស់​ធនាគារ ខេប៊ី​ប្រាសាក់ មានប្រសាសន៍ថា៖ «ក្នុងនាម​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មាន​កិត្តិយស​ដែល​បាន​ចូលរួម​គាំទ្រ​កម្មវិធី វិថី​ហិរញ្ញវត្ថុ ​រដូវកាល​ទី 3។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​គឺពិតជាមានសាៈសំខាន់​សម្រាប់​ការ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ និង​និរន្តរភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់។ ការប្តេជ្ញាចិត្ត​របស់​យើង​​លើស​ពី​វិស័យ​ធនាគារ នោះគឺយើង​ជួយដល់ការរីកចម្រើនរបស់អតិថិជន គាំទ្រ​អាជីវកម្ម​ និង​រួមចំណែក​​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ»

ធនាគារ ខេប៊ីប្រាសាក់ ឈានមុខគេក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុតាមរយៈបណ្ដាញសាខារបស់ខ្លួនចំនួន 187 ទូទាំងប្រទេស និងដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប។ ធនាគារផ្តល់ប្រាក់កម្ចីតាមតម្រូវការសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ជាពិសេសជូនចំពោះអតិថិជនជាស្ត្រី ដែលមានចំនួន 80% នៃអតិជនកម្ចីសរុប ជាពិសេសនៅតាមតំបន់ជនបទ។ ដោយប្រើប្រាស់នវានុវត្តន៍ឌីជីថល ដូចជាកម្មវិធី KB PRASAC Mobile ធនាគារ ខេប៊ីប្រាសាក់ ផ្ដល់ជូនការបើកគណនីឌីជីថល ការផ្ទេរប្រាក់ដោយមិនអស់កម្រៃសេវា និងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានដោយងាយស្រួល។

តាមរយៈការសហការភាពជាដៃគូ ការឧបត្ថម្ភ និងការផ្ដល់សេវាធនាគារប្រកបដោយភាពច្នៃប្រឌិត ធនាគារ ខេប៊ីប្រាសាក់ បន្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការគាំទ្រដល់អតិថិជនជាបុគ្គល ជាអាជីវកម្ម និងកសាងប្រទេសកម្ពុជាមួយដែលរឹងមាំ និងមានភាពធន់ផ្នែកហិរញ្ញវត្ថុ។

ធនាគារ ខេប៊ីប្រាសាក់ គាំទ្រពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ក្នុងនាមជាអ្នកឧបត្ថម្ភ Gold Sponsor ដើម្បីជំរុញអាជីវកម្មក្នុងស្រុក

ភ្នំពេញ៖ ដើម្បីចូលរួមលើកកម្ពស់ផលិតផលក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារ ខេប៊ីប្រាសាក់ មានមោទនភាពដោយបានក្លាយជាអ្នកឧបត្ថម្ភ Gold Sponsor នៃពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ 2025 ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា( UYFC )។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី 26 ដល់ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2025 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ កោះពេជ្រ។

កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ ការតាំងពិព័រណ៍នេះ មានស្តង់និងបញ្ជរជាច្រើនរាប់រយ ដែលបានចូលរួមដាក់បង្ហាញផលិតផលខ្មែរចម្រុះច្រើនប្រភេទ ពីអាជីវកម្មជាលក្ខណៈគ្រួសារ សហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធំៗ។

លោក ប៉ែន សុវណ្ណសុខស៊ីថា អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផលិតផល នៃធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «យើងមានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងការតាំងពិព័រណ៍ដ៏មានអត្ថន័យនេះ ដែលលើកកម្ពស់ផលិតផលខ្មែរ និងជួយដល់អាជីវកម្មក្នុងស្រុក។ ការគាំទ្រដល់គំនិតផ្តួចផ្តើមបែបនេះ មិនត្រឹមតែពង្រឹងសេដ្ឋកិច្ចជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការជំរុញភាពជាសហគ្រិន និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព»។

តាមរយៈការឧបត្ថម្ភពិព័រណ៍ផលិតផលខ្មែរឆ្នាំ 2025 ធនាគារ ខេប៊ីប្រាសាក់ គូសបញ្ជាក់ពីតួនាទីរបស់ខ្លួនជាពលរដ្ឋសាជីវកម្មដែលមានទំនួលខុសត្រូវ ជំរុញយ៉ាងសកម្មនូវពាណិជ្ជកម្មក្នុងស្រុក និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ទន្ទឹមនឹងការបន្តផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍សម្រាប់អតិថិជនជាបុគ្គល សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មនានាទូទាំងប្រទេស។