ធនាគារ ខេប៊ីប្រាសាក់ និង សភាពាណិជ្ជកម្មកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីគាំទ្រដល់ធុរកិច្ចកូរ៉េនៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី 1 ខែតុលា ឆ្នាំ 2026៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក និងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងគោលដៅគាំទ្រដល់ធុរកិច្ច វិនិយោគិន និងក្រុមហ៊ុនកូរ៉េដែលជាសមាជិករបស់សភាពាណិជ្ជកម្មដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ និងលោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ ប្រព្រឹត្តទៅនៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស។

តាមរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការគ្នាដើម្បីលើកកម្ពស់កំណើនធុរកិច្ចគ្នាទៅវិញទៅមក ពង្រឹងបណ្តាញសាជីវកម្ម និងគាំទ្រដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ជាមួយនឹងដំណោះស្រាយសេវាធនាគារ និងធុរកិច្ច។ កិច្ចសហប្រតិបត្តិការនេះ រួមមាន ការផ្ដល់សេវាហិរញ្ញវត្ថុ និងការគាំទ្រផ្នែកប្រឹក្សាយោបល់ ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងព្រឹត្តិការណ៍ផ្សេងៗ។

តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនក្រុមហ៊ុនជាសមាជិកសភាពាណិជ្ជកម្មកូរ៉េនូវសេវាធនាគារស្របតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងដំណោះស្រាយធនាគារឌីជីថល។ ភាគីទាំងពីរក៏មានគោលបំណងសហការគ្នារៀបចំ ឬ ចូលរួមក្នុងសិក្ខាសាលា សកម្មភាពផ្គូផ្គងធុរកិច្ច និងគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនផងដែរ។

លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖ «ធនាគារ ខេប៊ីប្រាសាក់ មានក្តីសោមនស្សរីករាយក្នុងការកិច្ចសហប្រតិបត្តិការនេះជាមួយសភាពាណិជ្ជកម្មកូរ៉េ ដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សហគមន៍ធុរកិច្ចកូរ៉េនៅកម្ពុជា។ តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងផ្តល់នូវដំណោះស្រាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាជិកសភាពាណិជ្ជកម្មកូរ៉េ ព្រមទាំងបង្កើតឱកាសកាន់តែទូលាយសម្រាប់ការផ្សារភ្ជាប់ទំនាក់ទំនងបណ្តាញធុរកិច្ច និងកិច្ចសហការ។ យើងខ្ញុំនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភាពពាណិជ្ជកម្មកូរ៉េ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់ធុរកិច្ចកូរ៉េនៅកម្ពុជា»។

លោក KIM Seong-su ប្រធានសភាពាណិជ្ជកម្មកូរ៉េ (KOCHAM) បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាមួយធនាគារ ខេប៊ីប្រាសាក់ ផ្តល់នូវថ្នាលមួយទៀតដើម្បីគាំទ្រដល់សមាជិករបស់ KOCHAM និងសហគមន៍ធុរកិច្ចកូរ៉េទាំងមូលនៅកម្ពុជា។ ការទទួលបានសេវាហិរញ្ញវត្ថុ ការគាំទ្រផ្នែកប្រឹក្សាយោបល់ និងឱកាសផ្សារភ្ជាប់បណ្តាញធុរកិច្ច អាចរួមចំណែកដល់ការអភិវឌ្ឍធុរកិច្ចកាន់តែរឹងមាំ។ KOCHAM រំពឹងថានឹងសហការជាមួយធនាគារ ខេប៊ីប្រាសាក់ ដើម្បីបង្កើតគុណតម្លៃ និងឱកាសសម្រាប់សមាជិករបស់ខ្លួន»។

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ ខេប៊ីប្រាសាក់ និងសភាពាណិជ្ជកម្មកូរ៉េ ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច សម្រួលដល់ការទទួលបានដំណោះស្រាយហិរញ្ញវត្ថុ និងការគាំទ្រដល់តម្រូវការហិរញ្ញវត្ថុ និងប្រតិបត្តិការរបស់វិនិយោគិន និងក្រុមហ៊ុនកូរ៉េនៅកម្ពុជា។

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានដាក់សម្ពោធបង្ហាញជាផ្លូវការ «មជ្ឈមណ្ឌលគាំទ្រការវិនិយោគកូរ៉េ» នៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រ មុនីវង្ស ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការគាំទ្រដល់ធុរកិច្ច និងវិនិយោគិននិយាយភាសាកូរ៉េ និងចិននៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងបំពេញតួនាទីជាវេទិកាពិសេសមួយក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុតាមតម្រូវការ សេវាប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងការគាំទ្រដល់ធុរកិច្ច ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុនកូរ៉េ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ធនាគារ ខេប៊ីប្រាសាក់ ស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញទំនាក់ទំនងធុរកិច្ចឱ្យកាន់តែរឹងមាំរវាងប្រទេសកម្ពុជា និងកូរ៉េ។