ធនាគារ ខេប៊ីប្រាសាក់ និង ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ បើកដំណើរការកម្មវិធី “Prestige Talk” ដោយផ្ដើមពីសិក្ខាសាលាស្តីពីការបង្ការ និងការព្យាបាលជំងឺមហារីកថ្លើម ព្រមទាំងការការពារហិរញ្ញវត្ថុ

ភ្នំពេញ ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2026 ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia ដោយសហការជាមួយធនាគារ ខេប៊ីប្រាសាក់ បានប្រកាសបើកដំណើរការជាផ្លូវការនូវកម្មវិធី Prestige Talk ដែលជាស៊េរីសិក្ខាសាលាពិសេសសម្រាប់អតិថិជន។ កម្មវិធីនេះមានគោលបំណងផ្តល់ចំណេះដឹងស៊ីជម្រៅរបស់អ្នកជំនាញទៅលើប្រធានបទដែលមានសារៈសំខាន់សម្រាប់អតិថិជន រួមមាន សុខភាព ការរៀបចំផែនការអចលនទ្រព្យ ការការពារទ្រព្យសម្បត្តិ ការវិនិយោគ និងទិដ្ឋភាពផ្លូវច្បាប់ ដើម្បីគាំទ្រដល់ការសាងអនាគតដែលមានសុវត្ថិភាព និងមានអត្ថន័យពេញលេញ។

សិក្ខាសាលាវគ្គបើកដំបូងបានរៀបចំធ្វើឡើងនៅធនាគារ ខេប៊ីប្រាសាក់ សាខាយុទ្ធសាស្ត្រមុនីវង្ស ក្រោមប្រធានបទ «ការគ្រប់គ្រងជំងឺមហារីកថ្លើម៖ ចាប់ពីការបង្ការ និងការព្យាបាល រហូតដល់សុវត្ថិភាពហិរញ្ញវត្ថុ»។ ព្រឹត្តិការណ៍នេះមានការចូលរួមពីអតិថិជន និងក្រុមគ្រួសាររបស់ពួកគាត់ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ ខេប៊ីប្រាសាក់ និង ក្រុមហ៊ុន អេ អាយ អេ។

សិក្ខាសាលានេះមានការចូលរួមជាវាគ្មិនដោយ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធានមន្ទីរពេទ្យនៃគ្លីនិក អូរ៉េនឃែនស័រ ឯកទេសជំងឺមហារីក និងជំងឺឈាម ដែលមានបទពិសោធន៍ជាង 30 ឆ្នាំ។ ក្នុងវគ្គនេះ លោកបានចែករំលែកចំណេះដឹងសំខាន់ៗអំពីជំងឺមហារីកថ្លើម រួមទាំងកត្តាហានិភ័យ វិធានការបង្ការ ការរកឃើញរោគសញ្ញាដំបូងៗ និងវិធីសាស្រ្តព្យាបាលចុងក្រោយ ដើម្បីជួយឲ្យអ្នកចូលរួមយល់ដឹងកាន់តែច្បាស់អំពីបញ្ហាសុខភាពដ៏សំខាន់មួយនេះដែលកំពុងប៉ះពាល់ដល់គ្រួសារជាច្រើននាពេលបច្ចុប្បន្ន។

ក្នុងសុន្ទរកថាស្វាគមន៍ លោក ស៊ុម ស៊ីណាត អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម បានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ និងបានលើកឡើងអំពីភាពរឹងមាំនៃភាពជាដៃគូប៊េងកាសួរេន រវាងធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ ដែលបានធ្វើឱ្យកម្មវិធីនេះអាចកើតមានឡើង។ លោកបានបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ មិនត្រឹមតែផ្តល់សេវាធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្តេជ្ញាជួយអតិថិជនក្នុងការការពារខ្លួន និងក្រុមគ្រួសាររបស់ពួកគាត់ តាមរយៈដំណោះស្រាយធានារ៉ាប់រងសម្បូរបែប ដែលគាំទ្រដល់សុខុមាលភាពហិរញ្ញវត្ថុរយៈពេលវែងរបស់អតិថិជន។

ព្រឹត្តិការណ៍នេះក៏មានបទបង្ហាញពី លោកស្រី តាន់ សូលីតា ប្រធានផ្នែកលក់ជាន់ខ្ពស់របស់ អេ អាយ អេ អំពីតួនាទីរបស់ អេ អាយ​ អេ ក្នុងការគាំទ្រអតិថិជនគ្រប់ដំណាក់កាលនៃដំណើរថែទាំសុខភាព ចាប់ពីការបង្ការ ការធ្វើរោគវិនិច្ឆ័យដំណាក់កាលដំបូងៗ ការព្យាបាល រហូតដល់ការទទួលបានសុខភាពល្អប្រសើរឡើងវិញ ទន្ទឹមនឹងការផ្តល់នូវការការពារហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្តក្នុងពេលលំបាកប្រឈមនឹងជំងឺ។

កម្មវិធីនេះបានបិទបញ្ចប់ដោយការពិភាក្សាដ៏មានអត្ថន័យ និងវគ្គសំណួរ-ចម្លើយ ដែលអនុញ្ញាតឲ្យអ្នកចូលរួមផ្លាស់ប្តូរយោបល់ និងស្វែងរកដំបូន្មានពីអ្នកជំនាញលើការគ្រប់គ្រងសុខភាព ការត្រៀមផែនការហិរញ្ញវត្ថុ និងការការពារគ្រួសារ។

តាមរយៈភាពជាដៃគូប៊េងកាសួរេន ខេប៊ីប្រាសាក់ និង អេ អាយ អេ នៅតែបន្តប្តេជ្ញាជំរុញការយល់ដឹងអំពីសុខភាព ការការពារហិរញ្ញវត្ថុ និងចំណេះដឹងសម្រាប់សហគមន៍កម្ពុជា។ តាមរយៈកម្មវិធី Prestige Talk ស្ថាប័នទាំងពីរមានគោលបំណងជួយដល់បុគ្គល និងក្រុមគ្រួសារ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ សុវត្ថិភាព និងជីវិតកាន់តែប្រសើរ។