ធនាគារ ខេប៊ីប្រាសាក់ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃយ៉ាងរលូន និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យស្តង់ដារអាមេរិកលំដាប់ខ្ពស់នៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅព្រឹកថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2026 ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងគាំទ្រដល់វិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនាពេលអនាគត និងពង្រឹងកិច្ចសហការរវាងស្ថាប័នសិក្សា និងស្ថាប័នវិស័យធនាគារនិងហិរញ្ញវត្ថុ។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ សាស្ត្រាចារ្យ បុគ្គលិក និងភ្ញៀវកិត្តិយស។

តាមរយៈភាពជាដៃគូនេះ ធនាគារ ខេប៊ីប្រាសាក់ និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងសហការគ្នាលើផ្នែកយុទ្ធសាស្ត្រជាច្រើន រួមមាន ឱកាសចុះកម្មសិក្សា និងការងារស្ម័គ្រចិត្តសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ការរៀបចំកម្មវិធីសន្និសីទ សិក្ខាសាលា ព្រឹត្តិការណ៍អប់រំ ព្រមទាំងគំនិតផ្តួចផ្តើមសហប្រតិបត្តិការផ្សេងៗទៀត ដែលចូលរួមចំណែកដល់ការអភិវឌ្ឍអ្នកជំនាញជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។

ក្រោមកិច្ចព្រមព្រៀងនេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងផ្តល់ជូនការបញ្ចុះថ្លៃសិក្សាដល់បុគ្គលិករបស់ធនាគារ ខេប៊ីប្រាសាក់ ដែលបានចុះឈ្មោះកូនៗឱ្យចូលរៀននៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និង AUPP Liger Leadership Academy ។ ការបញ្ចុះតម្លៃសិក្សានេះផ្ដល់ជូនផងដែរចំពោះបុគ្គលិកធនាគារ ខេប៊ីប្រាសាក់ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដោយអនុលោមតាមលក្ខខណ្ឌចូលរៀន និងគោលការណ៍សិក្សារបស់សាកលវិទ្យាល័យ។ 

ជាការឆ្លើយតប ធនាគារ ខេប៊ីប្រាសាក់ នឹងផ្តល់ជូនសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នូវសេវាធនាគារ ជាមួយកម្រៃសេវា និងអត្រាការប្រាក់ពិសេសសម្រាប់ផលិតផលនិងសេវា។ ស្ថាប័នទាំងពីរក៏នឹងស្វែងរកឱកាសសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍បន្ថែមទៀតនាពេលអនាគតផងដែរ។

ថ្លែងនៅក្នុងពិធីនោះ លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា៖ «ធនាគារ ខេប៊ីប្រាសាក់ ជឿជាក់ថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគសម្រាប់ពេលអនាគតរបស់ប្រទេសកម្ពុជា។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការគាំទ្រដល់សិស្ស និស្សិត ការជំរុញលើកទឹកចិត្តបុគ្គលិករបស់យើងតាមរយៈឱកាសសិក្សាពេញមួយជីវិត និងការកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងវិស័យអប់រំ និងស្ថាប័នហិរញ្ញវត្ថុ។ យើងមានទំនុកចិត្តថា កិច្ចសហការនេះនឹងបង្កើតនូវឱកាសដ៏មានអត្ថន័យ ដែលផ្តល់អត្ថប្រយោជន៍ដល់និស្សិត សាស្ត្រាចារ្យ បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល»។

លោកបណ្ឌិត Matthew Schenk សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានសម្តែងការស្វាគមន៍ចំពោះភាពជាដៃគូនេះ និងបានបង្ហាញនូវទំនុកចិត្តថា កិច្ចសហការនេះនឹងផ្តល់នូវឱកាសអប់រំដ៏មានតម្លៃសម្រាប់និស្សិត និងបុគ្គលិក ព្រមទាំងការពង្រឹងការចូលរួមក្នុងស្ថាប័នហិរញ្ញវត្ថុ និងបទពិសោធន៍នៃការរៀនសូត្រជាក់ស្តែង។ 

បន្ថែមពីលើកិច្ចសហការលើវិស័យអប់រំ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងប្រើប្រាស់ឱ្យបានជាអតិបរមានូវផលិតផលនិងសេវាធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងផ្សព្វផ្សាយដំណោះស្រាយហិរញ្ញវត្ថុរបស់ធនាគារដល់និស្សិត សាស្ត្រាចារ្យ និងបុគ្គលិក តាមរយៈសកម្មភាពទំនាក់ទំនងដែលបានព្រមព្រៀងគ្នា។  ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការលើកកម្ពស់ឧត្ដមភាពនៃការសិក្សា ការអភិវឌ្ឍវិជ្ជាជីវៈ នវានុវត្តន៍ និងការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មឌីជីថលនៅកម្ពុជា។