
រាជធានីភ្នំពេញ ថ្ងៃទី 7 ខែសីហា ឆ្នាំ 2026 – ធនាគារ ខេប៊ីប្រាសាក់ សហការជាមួយក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានរៀបចំសិក្ខាសាលាលើកទី 3 នៃកម្មវិធី Prestige Talk ក្រោមប្រធានបទ «ការគ្រប់គ្រងភាពតានតឹង និងភាពធន់ផ្លូវចិត្ត»។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជូនអតិថិជននូវចំណេះដឹងជាក់ស្តែង និងទស្សនវិស័យពីអ្នកជំនាញ អំពីការគ្រប់គ្រងភាពតានតឹង(ស្ត្រេស) ការពង្រឹងភាពធន់ផ្លូវចិត្ត និងការថែរក្សាសុខុមាលភាពទូទៅ ក្នុងបរិបទនៃជីវិត និងការងារដែលទាមទារខ្ពស់នាពេលបច្ចុប្បន្ន។
ដោយសារភាពតានតឹង (ស្ត្រេស) បានក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ និងបរិយាកាសការងារ សិក្ខាសាលានេះបានលើកឡើងពីសារៈសំខាន់នៃការយល់ដឹងអំពីមូលហេតុនៃភាពតានតឹង ការទទួលស្គាល់ផលប៉ះពាល់របស់ទៅលើសុខភាពផ្លូវចិត្ត និងវិធីសាស្ត្រជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងការកសាងភាពធន់ផ្លូវចិត្ត ដើម្បីរស់នៅប្រកបដោយតុល្យភាព។
នៅក្នុងមតិស្វាគមន៍ លោក ហឿន ហុន្នី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស នៃធនាគារ ខេប៊ីប្រាសាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត ទាំងក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងការងារ។ ដោយផ្សារភ្ជាប់ទៅនឹងពុទ្ធឱវាទ លោកបានចែករំលែកនូវទស្សនៈដ៏មានអត្ថន័យអំពីការបណ្តុះចិត្តឱ្យមានសុខភាពល្អ ដោយលើកឡើងថា «ធម៌ទាំងឡាយយមានចិត្តជាប្រធាន» និង «ព្រះធម៌ជាឱសថព្យាបាលផ្លូវចិត្ត»។ លោកក៏បានលើកទឹកចិត្តឱ្យអ្នកចូលរួមយកចិត្តទុកដាក់ថែរក្សាសុខភាពផ្លូវចិត្ត ដូចគ្នានឹងការថែរក្សាសុខភាពរាងកាយ ដោយទទួលស្គាល់ថា សេចក្តីសុខផ្លូវចិត្ត និងភាពធន់ផ្លូវចិត្ត គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរស់នៅប្រកបដោយអត្ថន័យ និងប្រសិទ្ធភាព។
លោកវេជ្ជបណ្ឌិត ស៊ី រ៉ាតូ វេជ្ជបណ្ឌិតឯកទេសវិកល នៅមន្ទីរពេទ្យអ៊ែរ ផ្លឹស និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឡើងធ្វើបទបង្ហាញនិងពិភាក្សាអំពីប្រធានបទដ៏សំខាន់នេះ។ ដោយផ្អែកលើបទពិសោធន៍វិជ្ជាជីវៈដ៏សម្បូរបែប លោកវេជ្ជបណ្ឌិតបានចែករំលែកនូវវិធីសាស្ត្រជាក់ស្តែងក្នុងការគ្រប់គ្រងភាពតានតឹង ការថែរក្សាសុខុមាលភាពផ្លូវចិត្ត និងការកសាងភាពធន់ផ្លូវចិត្ត ព្រមទាំងបានលើកទឹកចិត្តឱ្យអ្នកចូលរួមផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្ត ដែលជាមូលដ្ឋានសម្រាប់ជីវិតប្រកបដោយតុល្យភាព និងសុភមង្គល។
កម្មវិធីនេះក៏មានបទបង្ហាញដោយ លោក ប៉ុក រដ្ឋា ប្រធានជាន់ខ្ពស់ផ្នែកសំណើផលិតផល និងយុទ្ធសាស្ត្រ នៃក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន អេ អាយ អេ ក្នុងការគាំទ្រអតិថិជនពេញមួយដំណើរនៃការថែទាំសុខភាព ព្រមទាំងផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងសន្តិភាពផ្លូវចិត្ត ក្នុងអំឡុងពេលប្រឈមនឹងបញ្ហាប្រឈមផ្សេងៗក្នុងជីវិត។
សិក្ខាសាលាបានបញ្ចប់ដោយកម្មវិធីសំណួរ និងចម្លើយប្រកបដោយភាពសកម្ម ដែលអនុញ្ញាតឱ្យអ្នកចូលរួមបានសន្ទនាផ្ទាល់ជាមួយវាគ្មិន ផ្លាស់ប្តូរបទពិសោធន៍ និងទទួលបានដំបូន្មានជាក់ស្តែងអំពីការគ្រប់គ្រងស្ត្រេស ការថែរក្សាសុខភាពផ្លូវចិត្ត និងការកសាងភាពធន់ផ្លូវចិត្ត សម្រាប់ទាំងជីវិតផ្ទាល់ខ្លួន និងការងារ។
តាមរយៈភាពជាដៃគូប៊េងកាសួរេន ខេប៊ីប្រាសាក់ និង អេ អាយ អេ នៅតែបន្តប្តេជ្ញាជំរុញការយល់ដឹងអំពីសុខភាព ការការពារហិរញ្ញវត្ថុ និងចំណេះដឹងសម្រាប់សហគមន៍កម្ពុជា។ តាមរយៈកម្មវិធី Prestige Talk ស្ថាប័នទាំងពីរមានគោលបំណងជួយដល់បុគ្គល និងក្រុមគ្រួសារ ដើម្បីរស់នៅប្រកបដោយសុខភាពល្អ សុវត្ថិភាព និងជីវិតកាន់តែប្រសើរ។









