ភ្នំពេញ ប្រទេសកម្ពុជា – ធនាគារ ខេប៊ីប្រាសាក់ ម.ក និងក្រុមហ៊ុន Smart Axiata Co., Ltd. បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា តាមរយៈការពង្រឹងដំណោះស្រាយទូទាត់ប្រាក់ឌីជីថល ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងគំនិតផ្តួចផ្តើមនានាលើការតភ្ជាប់ឌីជីថល សម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។



ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខាពី លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ និងលោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata ក្រោមកសិណសាក្សីរបស់លោក Jongmin LEE ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ ខេប៊ីប្រាសាក់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមកពីស្ថាប័នទាំងពីរ និងភ្ញៀវកិត្តិយសផងដែរ។
ភាពជាដៃគូនេះ បានរួមបញ្ចូលគ្នានូវជំនាញនិងបទពិសោធន៍ដ៏ទូលំទូលាយផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងភាពជាអ្នកនាំមុខរបស់ក្រុមហ៊ុន Smart Axiata លើការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ តាមរយៈកិច្ចសហការនេះ ស្ថាប័នទាំងពីរមានគោលបំណងបង្កើតបទពិសោធន៍ឌីជីថលកាន់តែរលូន និងងាយស្រួលប្រើប្រាស់ ព្រមទាំងចូលរួមគាំទ្រដល់របៀបវារៈនៃការធ្វើបរិវត្តកម្មឌីជីថលដែលកម្ពុជា។
ក្រោមកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនេះ ភាគីទាំងពីរនឹងស្វែងយល់ពីឱកាសនៃកិច្ចសហការលើផ្នែកសំខាន់ៗជាច្រើន រួមមាន៖ ភាពជាដៃគូក្នុងការទូទាត់ និងប្រព័ន្ធអេកូឡូស៊ីឌីជីថល សេវាធនាគារសាជីវកម្ម សេវាបើកប្រាក់បៀវត្ស និងសេវាធនាគារសម្រាប់បុគ្គលិក ឱកាសក្នុងការផ្តល់ប្រាក់កម្ចី ព្រមទាំងជំនាញផ្នែកឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Smart។
តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរនឹងស្វែងរកឱកាសក្នុងការផ្ដល់ជូនភាពងាយស្រួលជូនអតិថិជនកាន់តែប្រសើរ តាមរយៈការរួមបញ្ចូលសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន Smart ជាមួយនឹងនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ខេប៊ីប្រាសាក់ ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់សេវារបស់ស្ថាប័នឈានមុខគេទាំងពីរក្នុងវិស័យរៀងៗខ្លួននេះ បានយ៉ាងងាយស្រួល។
ជាមួយគ្នានេះ ភាពជាដៃគូនេះមានគោលបំណងពង្រីកសេវាធនាគារសាជីវកម្ម ដោយផ្តល់លទ្ធភាពទទួលបានសេវាធនាគារក្នុងលក្ខខណ្ឌអនុគ្រោះ រួមមាន គណនីបើកប្រាក់បៀវត្ស សេវាឥណទាន ប័ណ្ណឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងៗទៀត ស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា។ ភាគីទាំងពីរក៏នឹងស្វែងយល់ពីលទ្ធភាពក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ និងឱកាសផ្តល់ហិរញ្ញប្បទាននានា ដើម្បីគាំទ្រដល់កំណើនអាជីវកម្ម និងលើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផងដែរ។
លើសពីនេះ ស្ថាប័នទាំងពីរនឹងស្វែងយល់ពីកិច្ចសហប្រតិបត្តិការដោយប្រើប្រាស់ជំនាញរបស់ក្រុមហ៊ុន Smart Axiata ក្នុងវិស័យទូរគមនាគមន៍ ការតភ្ជាប់ឌីជីថល ដំណោះស្រាយសម្រាប់សហគ្រាស និងនវានុវត្តន៍ឌីជីថល។ ក្នុងដំណាក់កាលដំបូង កិច្ចសហការនេះនឹងផ្តោតលើការរៀបចំការតភ្ជាប់បណ្តាញសម្រាប់សាខាដែលបានជ្រើសរើសរបស់ធនាគារ ខេប៊ីប្រាសាក់ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការពង្រីកកិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងវិសាលភាពកាន់តែទូលំទូលាយនាពេលអនាគត។
តាមរយៈសកម្មភាពទីផ្សាររួម គំនិតផ្តួចផ្តើមក្នុងការបង្កើនទំនាក់ទំនងជាមួយអតិថិជន និងការរួមបញ្ចូលសេវាធនាគារជាមួយសេវាទូរគមនាគមន៍ ភាពជាដៃគូនេះត្រូវបានរំពឹងថានឹងបង្កើនភាពងាយស្រួល ផ្ដល់បទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ និងបង្កើតឱកាសអាជីវកម្មថ្មីៗបន្ថែមទៀតសម្រាប់ស្ថាប័នទាំងពីរ។
កិច្ចសហការយុទ្ធសាស្ត្រនេះបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ធនាគារ ខេប៊ីប្រាសាក់ និងក្រុមហ៊ុន Smart Axiata ក្នុងការជំរុញនវានុវត្តន៍ ពន្លឿនការទទួលយកបច្ចេកវិទ្យាឌីជីថល និងបង្កើតគុណតម្លៃបន្ថែមជូនអតិថិជន។ តាមរយៈការរួមបញ្ចូលសេវាហិរញ្ញវត្ថុ និងការតភ្ជាប់ឌីជីថល ស្ថាប័នទាំងពីរមានគោលបំណងចូលរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាដែលមានបរិយាបន្ន ការតភ្ជាប់កាន់តែទូលំទូលាយ និងការរីកចម្រើនជំរុញដោយដោយឌីជីថល។






លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា៖
«យើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនេះជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ និងសេវាឌីជីថលឈានមុខគេមួយនៅកម្ពុជា។ តាមរយៈការរួមបញ្ចូលជំនាញ និងបទពិសោធន៍ផ្នែកហិរញ្ញវត្ថុ ព្រមទាំងបណ្តាញប្រតិបត្តិការធនាគារទូទាំងប្រទេសរបស់ធនាគារ ខេប៊ីប្រាសាក់ ជាមួយនឹងសមត្ថភាពដ៏រឹងមាំផ្នែកការតភ្ជាប់ឌីជីថល និងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Smart យើងមើលឃើញនូវឱកាសដ៏សំខាន់ជាច្រើនក្នុងការផ្តល់ជូនអតិថិជន និងដៃគូអាជីវកម្មនូវដំណោះស្រាយដែលកាន់តែងាយស្រួល ទូលំទូលាយ និងប្រកបដោយនវានុវត្តន៍។ តាមរយៈកិច្ចសហការនេះ យើងមានគោលបំណងជំរុញការទូទាត់បែបឌីជីថល ពង្រីកសេវាហិរញ្ញវត្ថុ និងសិក្សាស្វែងរកឱកាសថ្មីៗផ្នែកសេវាធនាគារឌីជីថល និងហិរញ្ញប្បទានអាជីវកម្ម។ យើងជឿជាក់ថា ភាពជាដៃគូនេះនឹងបង្កើតគុណតម្លៃដ៏មានអត្ថន័យសម្រាប់ស្ថាប័នទាំងពីរ ព្រមទាំងចូលរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដែលមានការតភ្ជាប់កាន់តែទូលំទូលាយ និងបរិយាបន្ន»។លោក Ritesh Kumar Singh នាយកប្រតិបត្តិ ក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖
«នៅក្រុមហ៊ុន Smart យើងជឿជាក់ថា ភាពជាដៃគូដែលមានអត្ថន័យ គឺជាកត្តាចាំបាច់ក្នុងការពន្លឿនអនាគតឌីជីថលរបស់កម្ពុជា។ កិច្ចសហការជាមួយធនាគារ ខេប៊ីប្រាសាក់ នេះ គឺជាការរួមបញ្ចូលគ្នានូវសេវាហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងការតភ្ជាប់ឌីជីថលដែលមានភាពជឿជាក់ ដើម្បីបង្កើតបទពិសោធន៍កាន់តែរលូនសម្រាប់អតិថិជន និងអាជីវកម្ម។ នៅពេលសេវាហិរញ្ញវត្ថុកាន់តែច្រើនត្រូវបានផ្តល់ជូនតាមប្រព័ន្ធអនឡាញ ការតភ្ជាប់ដែលមានភាពរឹងមាំ និងសុវត្ថិភាពកាន់តែមានតួនាទីសំខាន់ក្នុងការសម្រួលដល់ការទទួលបានសេវា ការធ្វើប្រតិបត្តិការ និងនវានុវត្តន៍។ យើងមើលឃើញសក្តានុពលដ៏ធំធេងក្នុងការរួមគ្នាជំរុញការទូទាត់បែបឌីជីថល ពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថល និងចូលរួមចំណែកដល់កំណើនជាបន្តបន្ទាប់នៃសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា»។
អំពីធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ ខេប៊ីប្រាសាក់ ម.ក គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលទទួលបានការគាំទ្រពីធនាគារ KB Kookmin ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូង និងជាភាគទុនិកតែមួយគត់របស់ធនាគារ ខេប៊ីប្រាសាក់។ ធនាគារផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនបុគ្គល អាជីវកម្ម និងសាជីវកម្ម តាមរយៈបណ្តាញប្រតិបត្តិការទូទាំងប្រទេស និងប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួល សុវត្ថិភាព និងប្រកបដោយនវានុវត្តន៍ ដើម្បីគាំទ្រដល់អតិថិជន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Axiata Group Berhad (ប្រទេសម៉ាឡេស៊ី) គឺជាអ្នកផ្តល់សេវាទូរគមនាគមន៍ឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដោយផ្តល់ជូននូវការតភ្ជាប់បណ្តាញ 5G យ៉ាងទូលំទូលាយ និងសេវាឌីជីថលចម្រុះនៅទូទាំងប្រទេសកម្ពុជា ដោយមានអតិថិជនជាង ៨ លាននាក់។ ក្នុងនាមជាម៉ាកយីហោទូរស័ព្ទចល័ត និងបច្ចេកវិទ្យាដ៏ទូលំទូលាយមួយ Smart កំពុងជំរុញអនាគតឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ផលិតភាព ការធ្វើឱ្យរបៀបរស់នៅបែបឌីជីថលកាន់តែប្រសើរ និងការបើកលទ្ធភាពឱ្យប្រជាជនចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ក្រុមហ៊ុនក៏បានបញ្ចូលនិរន្តរភាពទៅក្នុងយុទ្ធសាស្ត្ររបស់ខ្លួន តាមរយៈការពង្រីកបណ្តាញប្រកបដោយការទទួលខុសត្រូវ គំនិតផ្តួចផ្តើមលើបរិយាបន្នឌីជីថល ប្រសិទ្ធភាពប្រតិបត្តិការ និងនវានុវត្តន៍ជាបន្តបន្ទាប់។
ដោយមានការគាំទ្រពីក្រុមហ៊ុន Axiata Group Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ និងមានការកាន់កាប់ភាគហ៊ុនមួយផ្នែកដោយមូលនិធិវិនិយោគទ្រព្យសម្បត្តិអធិបតេយ្យ Smart ប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវស្តង់ដារអភិបាលកិច្ចដ៏រឹងមាំ ការអនុវត្តល្អបំផុតតាមស្តង់ដារអន្តរជាតិ និងទស្សនវិស័យបង្កើតតម្លៃក្នុងរយៈពេលវែង។ មូលដ្ឋានគ្រឹះដ៏រឹងមាំនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ និងការបង្កើតផលវិជ្ជមានជាក់ស្តែង ដើម្បីចូលរួមចំណែកដល់ការរីកចម្រើនផ្នែកឌីជីថល វឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។





