ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ ម.ក សម្រេចបានប្រាក់ចំណេញសុទ្ធក្នុងរយៈពេល 9 ខែដំបូងនៃឆ្នាំ 2026 លើសពីប្រាក់ចំណេញសុទ្ធសរុបពេញមួយឆ្នាំ 2025 ដោយទទួលបានប្រាក់ចំណេញចំនួន 114.94 លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែកញ្ញា។ លទ្ធផលនេះមានកំណើនប្រមាណ 7.4% ធៀបនឹងប្រាក់ចំណេញចំនួន 107 លានដុល្លារអាមេរិកដែលសម្រេចបានពេញមួយឆ្នាំកន្លងទៅ ដែលបង្ហាញពីភាពរឹងមាំនៃសមត្ថភាពរកប្រាក់ចំណេញរបស់ធនាគារ ខណៈដែលនៅសល់រយៈពេល 3 ខែទៀតមុនបញ្ចប់ឆ្នាំហិរញ្ញវត្ថុ។




គិតត្រឹមថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2026 ទ្រព្យសកម្មសរុបរបស់ធនាគារមានចំនួន 5.77 ប៊ីលានដុល្លារអាមេរិក និងមូលធនសរុបមានចំនួន 1.37 ប៊ីលានដុល្លារអាមេរិកដោយមូលធនមានកំណើនលើសពី 9%។ ធនាគារមានសម្ពៀតឥណទានសរុបចំនួន 5.32 ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនដែលកំពុងខ្ចីប្រាក់ជាង 570,000 នាក់។ ផលលើមូលធន (RoE) សម្រេចបាន 11.67% និងផលលើទ្រព្យសកម្ម (ROA) សម្រេចបាន 2.67% ។
ការគាំទ្រដ៏រឹងមាំពីភាគទុនិកពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុ
ធនាគារ ខេប៊ីប្រាសាក់ មានភាគទុនិកគឺ KB Kookmin Bank ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅប្រទេសកូរ៉េ។ ដោយគិតតួលេខរួមបញ្ចូលគ្នា KB Kookmin Bank មានទ្រព្យសកម្មសរុបប្រមាណ 406.5 ប៊ីលានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ 2025 និងសម្រេចបានប្រាក់ចំណេញសុទ្ធប្រមាណ 2.66 ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំដដែល។ សមត្ថភាពប្រតិបត្តិការដ៏រឹងមាំរបស់ធនាគារមេនេះបានបន្តក្នុងឆ្នាំ 2026 ដោយសម្រេចបានប្រាក់ចំណេញសុទ្ធប្រមាណ 2.60 ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល 9 ខែដំបូងដែលបង្ហាញពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់របស់ធនាគារខេប៊ីគូកមីន។
KB Kookmin Bank មានចំណាត់ថ្នាក់ឥណទានរយៈពេលវែងអន្តរជាតិ Aa3 ពី Moody’s, A+ ពី S&P និង A ពី Fitch ដែលចំណាត់ថ្នាក់ទាំងអស់នេះសុទ្ធតែមានទស្សនវិស័យប្រកបដោយស្ថិរភាព (Stable Outlook)។ ទាំងនេះសរបញ្ជាក់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ភាគទុនិកដែលគាំទ្រដល់ធនាគារខេប៊ីប្រាសាក់។ សមត្ថភាពហិរញ្ញវត្ថុ និងបណ្តាញអន្តរជាតិរបស់ធនាគារមេផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងសន្ទនីយភាពប្រកបដោយការប្រុងប្រយ័ត្ននៅធនាគារខេប៊ីប្រាសាក់។ រួមផ្សំជាមួយនឹងដើមទុនចុះបញ្ជីរបស់ធនាគារ ខេប៊ីប្រាសាក់ចំនួន 600 លានដុល្លារអាមេរិក ការគាំទ្រទាំងនេះជួយជំរុញដល់ប្រតិបត្តិការប្រកបដោយស្ថិរភាព និងការបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ពង្រីកភាពជាដៃគូ និងបង្កើនភាពងាយស្រួលជូនអតិថិជន
ធនាគារ ខេប៊ីប្រាសាក់ កំពុងពង្រីកភាពជាដៃគូ ដើម្បីនាំយកសេវាធនាគារឱ្យខិតជិតដល់អាជីវករ និងអ្នកប្រើប្រាស់។ ភាពជាដៃគូយុទ្ធសាស្ត្រដែលទើបចុះហត្ថលេខាជាមួយក្រុមហ៊ុន Smart Axiata មានគោលបំណងជំរុញការទូទាត់ឌីជីថល សេវាកម្មហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងការតភ្ជាប់ឌីជីថល។ ជាមួយគ្នានេះ កិច្ចសហការជាមួយក្រុមហ៊ុន AIA Cambodia បានរួមបញ្ចូលសេវាធនាគារជាមួយដំណោះស្រាយធានារ៉ាប់រងអាយុជីវិត និងសុខភាព ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងការទូទាត់បុព្វលាភធានារ៉ាប់រង។
ធនាគារ ខេប៊ីប្រាសាក់ កំពុងសហការយ៉ាងសកម្មជាមួយម៉ាកយីហោកូរ៉េល្បីៗដែលកំពុងប្រតិបត្តិការនៅកម្ពុជា រួមមាន emart24, PURADAK និង MEGA COFFEE។ តាមរយៈកម្មវិធីប្រូម៉ូសិនរួមគ្នា និងភាពជាដៃគូជាមួយអាជីវករ អតិថិជនអាចទទួលបានអត្ថប្រយោជន៍បន្ថែមក្នុងការចំណាយប្រចាំថ្ងៃ ជំរុញការទូទាត់ឌីជីថល និងជួយឱ្យអាជីវកម្មដៃគូពង្រីកលទ្ធភាពក្នុងការឈានទៅដល់អតិថិជនកាន់តែទូលំទូលាយ។
ការគាំទ្រដល់ការវិនិយោគរបស់កូរ៉េនៅកម្ពុជាក៏ត្រូវបានពង្រីកបន្ថែម តាមរយៈការបើកដំណើរការមជ្ឈមណ្ឌលគាំទ្រការវិនិយោគកូរ៉េ (Korea Investment Support Center) នៅសាខាយុទ្ធសាស្ត្រមុនីវង្ស ក្នុងខែតុលា។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងស្របជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយសភាពាណិជ្ជកម្មកូរ៉េប្រចាំកម្ពុជា (KOCHAM) ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលរៀបចំឡើងតាមតម្រូវការជាក់ស្តែង សេវាប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងការតភ្ជាប់ទំនាក់ទំនងអាជីវកម្មសម្រាប់ក្រុមហ៊ុន និងវិនិយោគិនកូរ៉េ។
សាខាយុទ្ធសាស្ត្រមុនីវង្ស ក៏ផ្តល់នូវបរិយាកាសកាន់តែប្រសើរសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអតិថិជន តាមរយៈកន្លែងទទួលភ្ញៀវ និងបន្ទប់ពិគ្រោះយោបល់ឯកជន។ គំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធី Prestige Talk Series ជាមួយ AIA Cambodia បានបង្កើតឱកាសឱ្យអតិថិជនជួបជុំគ្នា ដើម្បីពិភាក្សាអំពីសុខភាព ការការពារផ្នែកហិរញ្ញវត្ថុ និងការរៀបចំផែនការសម្រាប់អនាគតរយៈពេលវែង។
ចាប់តាំងពីបានក្លាយជាធនាគារពាណិជ្ជមក ធនាគារ ខេប៊ីប្រាសាក់បានពង្រីកសេវាកម្ម និងបង្កើនសមត្ថភាពរបស់កម្មវិធី KB PRASAC Mobile ដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងទាក់ទាញអតិថិជនកាន់តែច្រើន។ នៅក្នុងខែតុលា ឆ្នាំ 2026 ធនាគារបានប្រកាសថា កម្មវិធីនេះមានអ្នកប្រើប្រាស់សកម្មលើសពី 1 លាននាក់។ តាមរយៈកម្មវិធីតែមួយនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ ការទូទាត់តាម KHQR និងការទូទាត់ឆ្លងប្រទេស ព្រមទាំងការពន្ធ សេវាសាធារណៈ និងបុព្វលាភធានារ៉ាប់រងបានយ៉ាងងាយស្រួល។
លើសពីនេះ ធនាគារក៏ទទួលបានវិញ្ញាបនបត្រមាសស្តីពីអនុលោមភាពពន្ធសម្រាប់ឆ្នាំ 2026-2027 ពីអគ្គនាយកដ្ឋានពន្ធដារ ដែលជាការទទួលស្គាល់ចំពោះការអនុវត្តកាតព្វកិច្ចពន្ធបានត្រឹមត្រូវ និងការបង់ពន្ធទាន់ពេលវេលារបស់ធនាគារ។
ជាមួយនឹងប្រាក់ចំណេញដែលសម្រេចបានរួចជាស្រេចលើសពីលទ្ធផលពេញមួយឆ្នាំកន្លងទៅ ការគ្រប់គ្រងហានិភ័យប្រកបដោយវិន័យ និងការគាំទ្រពីធនាគារមេនៅប្រទេសកូរ៉េដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់ ធនាគារ ខេប៊ីប្រាសាក់ កំពុងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ និងអាជីវកម្មនៅកម្ពុជា ព្រមទាំងបន្តអភិវឌ្ឍឱកាសថ្មីៗសម្រាប់កំណើនប្រកបដោយចីរភាព។


