ភ្នំពេញ ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការបរិច្ចាគថវិកាចំនួន 200 លានរៀល ជូនដល់ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងយុទ្ធនាការ «1 ម៉ឺនរៀល 1 ម៉ឺននាក់» ដើម្បីចូលរួមធានានិរន្តរភាពមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការផ្ដល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។


លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ នៃធនាគារ ខេប៊ីប្រាសាក់ បានប្រគល់ថវិកាបរិច្ចាគនេះជូនដល់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃ មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ ដែលរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក្នុងការចូលរួមគាំទ្របុព្វហេតុមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះ។
លោកបានមានប្រសាសន៍ថា «កុមារគឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន និងជាធនធានមនុស្សដ៏សំខាន់សម្រាប់អនាគតរបស់ប្រទេសជាតិ។ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយក្នុងការចូលរួមចំណែកជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយឱ្យកុមារកម្ពុជាទទួលបានសុខភាពល្អ ព្រមទាំងនាំមកនូវក្ដីសង្ឃឹម និងស្នាមញញឹមដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។ យើងខ្ញុំជឿជាក់ថា ការរួមចំណែកធ្វើឱ្យកុមារមានសុខភាពល្អ គឺជាការរួមចំណែកកសាងធនធានមនុស្សប្រកបដោយថាមពល ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាពនាពេលអនាគត»។


ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានទំនួលខុសត្រូវ ធនាគារ ខេប៊ីប្រាសាក់ នៅតែបន្តប្ដេជ្ញាចិត្តគាំទ្រគំនិតផ្ដួចផ្ដើមនានា ដែលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា ដែលជាធនធានដ៏មានតម្លៃ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ ការបរិច្ចាគនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តជាបន្តបន្ទាប់របស់ធនាគារ ក្នុងការបង្កើតផលវិជ្ជមានសម្រាប់សង្គម និងរួមចំណែកពង្រឹងសុខុមាលភាពសហគមន៍កម្ពុជា។
ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួមបរិច្ចាគកាន់តែទូលំទូលាយ ធនាគារ ខេប៊ីប្រាសាក់ ក៏បានផ្ដល់ជូនអតិថិជន និងសាធារណជន នូវមធ្យោបាយដ៏ងាយស្រួលក្នុងការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈកម្មវិធី KB PRASAC Mobile ឬអេបរបស់ធនាគារនានា ដោយគ្រាន់តែស្កេន KHQR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមិនគិតកម្រៃសេវា។
ធនាគារ ខេប៊ីប្រាសាក់ សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមក្នុងយុទ្ធនាការដ៏មានអត្ថន័យនេះ ដើម្បីនាំមកនូវក្ដីសង្ឃឹម ការយកចិត្តទុកដាក់ និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារកម្ពុជា។
សូមបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ តែងតែបានផ្សារភ្ជាប់ខ្លួនយ៉ាងសកម្មទៅនឹងសកម្មភាពសង្គមជាច្រើន ដើម្បីបង្កើតជាគុណតម្លៃជូនសហគមន៍។ ធនាគារបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជាច្រើនដូចជាការគាំទ្រដល់ដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-19 ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ឧបត្ថម្ភដល់អង្គការ Smile Cambodia ការសាងសង់បណ្ណាល័យនិងអគារសិក្សា ការឧបត្ថម្ភទិវាជាតិអំណាន ការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល ការផ្តល់អាហារូបករណ៍ដល់កុមារដែលមានជំងឺបេះដូង និងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អតិថិជនរបស់ខ្លួនជាដើម។ លើសពីនេះ ធនាគារ ខេប៊ីប្រាសាក់ ក៏បានផ្តល់ជំនួយជូនដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ដោយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលនះបានបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះទំនួលទទួលខុសត្រូវសង្គម និងការគាំទ្រសកម្មភាពមនុស្សធម៌។
ធនាគារ ខេប៊ីប្រាសាក់ គឺជាធនាគារមួយក្នុងចំណោមធនាគារកំពូលទាំងប្រាំនៅកម្ពុជា ដែលមានការគាំទ្រពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ និងការគាំទ្រពីក្រុមហ៊ុនមេ គឺធនាគារ KB Kookmin Bank ដែលជាធនាគារលេខមួយនៅសាធារណរដ្ឋកូរ៉េ។ គិតត្រឹមខែធ្នូ ឆ្នាំ 2025 ទ្រព្យសកម្មសរុបបានកើនដល់ 5.66 ប៊ីលានដុល្លារអាមេរិក រីឯសម្ពៀតឥណទានមានចំនួន 5.24 ប៊ីលានដុល្លារអាមេរិក បម្រើអតិថិជនចំនួន 575 ពាន់នាក់។ ប្រាក់បញ្ញើមានចំនួន 4.02 ប៊ីលានដុល្លារអាមេរិក ជាមួយអតិថិជនដាក់ប្រាក់បញ្ញើចំនួន 1.21 លាននាក់។ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន 600 លានដុល្លារអាមេរិក ធនាគារ ខេប៊ីប្រាសាក់ មានប្រតិបត្តិការនៅទូទាំងប្រទេសគ្របដណ្តប់គ្រប់ 25 ខេត្ត-រាជធានី តាមរយៈសាខា និងការិយាល័យសរុប 187 ម៉ាស៊ីន ATM និង CDM ចំនួន 307 គ្រឿង បុគ្គលិកចំនួន 10,245 នាក់ ព្រមទាំងប្រាក់ចំណេញសុទ្ធចំនួន 107 លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីភាពធន់ រឹងមាំ និងការប្តេជ្ញាចិត្តក្នុងការផ្តល់តម្លៃជូនគ្រប់ភាគីពាក់ព័ន្ធ។
