ធនាគារ ខេប៊ីប្រាសាក់ និងទូរគមនាគមន៍កម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងសេវាទូទាត់ឌីជីថល

ភ្នំពេញ ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2026 ៖ ធនាគារ ខេប៊ីប្រាសាក់ និងទូរគមនាគមន៍កម្ពុជា (ទ.ក.) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងសេវាទូទាត់ឌីជីថល ដែលអនុញ្ញាតឱ្យអតិថិជនអាចទូទាត់ថ្លៃសេវាទូរគមនាគមន៍បានយ៉ាងងាយស្រួល តាមរយៈបណ្តាញសេវាធនាគារឌីជីថលដែលមានសុវត្ថិភាព និងនវានុត្តន៍។

ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ ឯកឧត្ដម បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា និងលោក រី វណ្ណា ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបនៃស្ថាប័នទាំងពីរ។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់ទូរគមនាគមន៍កម្ពុជា នឹងអាចធ្វើការទូទាត់ប្រាក់តាមរយៈកម្មវិធី KB PRASAC Mobile, KB PRASAC Corporate និងប្រព័ន្ធទូទាត់អនឡាញ (Deeplink, KHQR) ដែលផ្តល់នូវបទពិសោធន៍ទូទាត់ប្រាក់ដ៏រលូន រហ័ស និងមានសុវត្ថិភាព។ ការតភ្ជាប់ប្រព័ន្ធនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជន ព្រមទាំងគាំទ្រដល់ការកើនឡើងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលនៅក្នុងប្រទេសកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការតភ្ជាប់វិស័យទូរគមនាគមន៍ និងវិស័យធនាគារតាមរយៈបច្ចេកវិទ្យា។ តាមរយៈការប្រើប្រាស់ដំណោះស្រាយទូទាត់ដ៏ទំនើប ស្ថាប័នទាំងពីរមានគោលបំណងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ សម្រួលដល់ដំណើរការប្រមូលប្រាក់ និងលើកកម្ពស់តម្លាភាព និងការទទួលខុសត្រូវកាន់តែខ្ពស់។

ធនាគារ ខេប៊ីប្រាសាក់ និងទូរគមនាគមន៍កម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញនវានុវត្តន៍ឌីជីថល និងការផ្តល់ជូននូវសេវា ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បានគាំទ្រដល់ចក្ខុវិស័យទូលំទូលាយរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្លាស់ប្តូរឌីជីថល ការលើកកម្ពស់ប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ ស្ថាប័នទាំងពីរបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានភាពតភ្ជាប់ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ទូទាំងប្រទេស។