ភ្នំពេញ – លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិ ធនាគារ ខេប៊ីប្រាសាក់ ម.ក បានជួបពិភាក្សាជាមួយលោក Matthew Schenk សាកលវិទ្យាធិការស្តីទីសាកលវិទ្យាល័យ និងលោកស្រី លិន កន្និការ សាកលវិទ្យារងផ្នែកអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) រួមជាមួយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ដើម្បីស្វែងរកឱកាសនៃកិច្ចសហការជាយុទ្ធសាស្ត្រ ក្នុងគោលបំណងគាំទ្រវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

កិច្ចពិភាក្សានេះបានបង្ហាញពីចក្ខុវិស័យរួមក្នុងការពង្រឹងកិច្ចសហការរវាងវិស័យហិរញ្ញវត្ថុ និងគ្រឹះស្ថានអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពស្របតាមតម្រូវការនាពេលអនាគត និងបង្កើនឱកាសការងារសម្រាប់និស្សិតក្រោយបញ្ចប់ការសិក្សា។
ជាផ្នែកមួយនៃភាពជាដៃគូដែលបានស្នើឡើង ស្ថាប័នទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងការផ្តល់ឱកាសឱ្យនិស្សិត AUPP ទទួលបានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យធនាគារ តាមរយៈកម្មវិធីកម្មសិក្សា និងសកម្មភាពសិក្សាផ្សារភ្ជាប់នឹងការអនុវត្តការងារពិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងបំពាក់បំប៉នជំនាញជាក់ស្តែង និងត្រៀមខ្លួនឱ្យនិស្សិតកាន់តែមានសមត្ថភាពសម្រាប់អាជីពនាពេលអនាគត។


លើសពីនេះ ធនាគារ ខេប៊ី ប្រាសាក់ និង AUPP ក៏បានស្វែងរកលទ្ធភាពសហការក្នុងការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយទូទាត់ថ្លៃសិក្សាប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលរបស់ធនាគារ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់និស្សិត និងមាតាបិតា។
ភាពជាដៃគូនេះក៏មានគោលបំណងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការផ្លាស់ប្តូរឌីជីថល ព្រមទាំងបង្កើតឱកាសអភិវឌ្ឍអាជីពតាមរយៈសិក្ខាសាលា និងកម្មវិធីភ្ជាប់ទំនាក់ទំនងជាមួយវិស័យឧស្សាហកម្ម។
ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចសហការនេះនឹងមិនត្រឹមតែជួយលើកកម្ពស់ការផ្ដល់សេវាសម្រាប់និស្សិត និងពង្រឹងទំនាក់ទំនងរវាងវិស័យទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ តាមរយៈការគាំទ្រវិស័យអប់រំ ការអភិវឌ្ឍកម្លាំងពលកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។
ស្ថាប័នទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមថា កិច្ចពិភាក្សានេះនឹងឈានទៅរកភាពជាដៃគូផ្លូវការនាពេលខាងមុខ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)។
សូមបញ្ជាក់ថា ធនាគារ ខេប៊ីប្រាសាក់ គឺជាធនាគារពាណិជ្ជឈានមុខមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2023 បន្ទាប់ពីការបញ្ចូលគ្នារវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងធនាគារ Kookmin Bank Cambodia ហើយជាបុត្រសម្ព័ន្ធដែលគ្រប់គ្រងទាំងស្រុងដោយ KB Kookmin Bank ដែលជាធនាគារពាណិជ្ជធំជាងគេនៅសាធារណរដ្ឋកូរ៉េ។
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយ ដែលប្តេជ្ញាផ្តល់ការអប់រំប្រកបដោយស្តង់ដារអន្តរជាតិ ឧត្តមភាពសិក្សា និងនវានុវត្តន៍ ដោយផ្តោតលើការបណ្តុះបណ្តាលនិស្សិតឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាពប្រកួតប្រជែងក្នុងកម្រិតសកល។




