ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ បានទទួលលិខិតសរសើរពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកោតសរសើរខេប៊ីប្រាសាក់ថាជាសហគ្រាសបង់ពន្ធច្រើនជាងគេបំផុតទី 8 នៅកម្ពុជា ក្នុងឆ្នាំ 2025 ។

នៅក្នុងលិខិតនោះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានចារថា «ខ្ញុំសូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ លោក-លោកស្រី នាយកធនាគារ ដែលបានចូលរួមចំណែកក្នុងការបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ និងជាសហគ្រាសជាប់ចំណាត់ថ្នាក់លេខ 8 ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ 2025»។
លិខិតបានបន្តទៀតថា «ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការរួមចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនិងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា»។
ជាកិច្ចឆ្លើយតប លោក រី វណ្ណា ប្រធាននាយកប្រតិបត្តិធនាគារ ខេប៊ីប្រាសាក់ បានមានប្រសាសន៍ថា «ការទទួលបានលិខិតសរសើរពីសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺជាកិត្តិយសដ៏ធំធេងសម្រាប់ធនាគារ ខេប៊ីប្រាសាក់។ ការទទួលស្គាល់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារក្នុងអភិបាលកិច្ចពន្ធសាជីវកម្ម ប្រកបដោយតម្លាភាព និងការអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពន្ធដាររបស់ កម្ពុជា។ ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញារក្សាបទដ្ឋានខ្ពស់បំផុតនៃការអនុលោមពន្ធដារ និងរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ»។
គួរកត់សម្គាល់ថា កាលពីខែកញ្ញាឆ្នាំមុន ធនាគារ ខេប៊ីប្រាសាក់ បានទទួលវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ «មាស» ពីអគ្គនាយកដ្ឋានពន្ធដារ កសម្រាប់រយៈពេល 2 ឆ្នាំ ចាប់ពីឆ្នាំ 2026 ដល់ឆ្នាំ 2027 ។ ការទទួលបានការទទួលស្គាល់ទាំងនេះ គូសបញ្ជាក់ពីឧត្តមភាពរបស់ធនាគារក្នុងការអនុលោមតាមបទប្បញ្ញត្តិពន្ធដារ ។
