

ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ក្នុងការចូលរួមចំណែកយ៉ាងសកម្មដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងនិរន្តរភាពនៃប្រព័ន្ធធនាគារ នៅកម្ពុជា
ក្នុងនាមជាគ្រឹះស្ថានធនាគារពាណិជ្ជឈានមុខ ធនាគារ ខេប៊ីប្រាសាក់ មានក្ដីរំភើបរីករាយដែលបានក្លាយជាអ្នកឧបត្ថម្ភធំ Diamond Sponsor ក្នុងសន្និសីទធនាគារនៅកម្ពុជាលើកទី 5 ក្រោមប្រធានបទ «ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត និងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី 19-20 ខែសីហា ឆ្នាំ 2026 ។
វេទិកានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យធនាគារ និយតករ អ្នកតាក់តែងគោលនយោបាយ វាគ្មិនមកពីតំបន់អាស៊ាន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញពាក់ព័ន្ធ ចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗ រួមមាន ស្ថិរភាពវិស័យធនាគារ គុណភាពឥណទាន ការដោះស្រាយបំណុល សុចរិតភាពហិរញ្ញវត្ថុ AML/CFT និងទណ្ឌកម្ម ការការពារអតិថិជន តួនាទីរបស់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC) ទំនុកចិត្តសាធារណៈ ការទូទាត់ឆ្លងដែន និងសុវត្ថិភាពឌីជីថល។
ធនាគារ ខេប៊ីប្រាសាក់ បន្តប្តេជ្ញាចិត្តរួមចំណែកលើកកម្ពស់ស្ថិរភាព និងភាពធន់នៃវិស័យធនាគារ ពង្រឹងស្តង់ដារអភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ ព្រមទាំងផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព តម្លាភាព និងទំនុកចិត្តជូនអតិថិជន និងសហគមន៍។








