ធនាគារ ខេប៊ីប្រាសាក់ ផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា លឹកជះ

កំពង់ធំ៖ នៅថ្ងៃទី 27 ខែសីហា ឆ្នាំ​ 2026 ធនាគារ ខេប៊ីប្រាសាក់ បានរៀបចំកម្មវិធីផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុជូនដល់សិស្សានុសិស្ស និងប្រគល់សៀវភៅបន្ថែមជូនបណ្ណាល័យសាលាបឋមសិក្សា លឹកជះ ស្ថិតក្នុងភូមិលឹកជះ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។

កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុជូនដល់សិស្សានុសិស្ស ព្រមទាំងបន្តគាំទ្រដល់ដំណើរការបណ្ណាល័យសាលាបឋមសិក្សា លឹកជះ ដែលធនាគារ ខេប៊ីប្រាសាក់ បានផ្តល់ជូនសាលារៀននេះកាលពីឆ្នាំ 2012។

នាឱកាសនោះ គណៈគ្រប់គ្រងធនាគារ ខេប៊ីប្រាសាក់ មានប្រសាសន៍ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាជំនាញដែលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយការស្វែងយល់អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុតាំងពីវ័យក្មេងជួយឱ្យកុមារកសាងមូលដ្ឋានគ្រឹះនៃជំនាញហិរញ្ញវត្ថុដ៏រឹងមាំ និងត្រៀមខ្លួនក្លាយជាពលរដ្ឋដែលមានសមត្ថភាពក្នុងការគ្រប់គ្រង ការសម្រេចចិត្ត និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពនាពេលខាងមុខ។

ក្នុងអំឡុងពេលកម្មវិធី សិស្សានុសិស្សបានចូលរួមយ៉ាងសប្បាយរីករាយក្នុងល្បែងឆ្លើយសំណួរកម្សាន្តដែលផ្តោតលើចំណេះដឹង និងបំណិនជីវិតផ្នែកហិរញ្ញវត្ថុ ដូចជា ការយល់ដឹងអំពីលុយ និងការសន្សំ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ។ មិនត្រឹមតែផ្តោតលើការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប៉ុណ្ណោះទេ ធនាគារ ខេប៊ីប្រាសាក់ ក៏បាននាំយកសៀវភៅអានល្អៗនិងថ្មីៗបន្ថែមទៀតប្រគល់ជូនបណ្ណាល័យសាលាបឋមសិក្សា លឹកជះ សម្រាប់សិស្សានុសិស្សចូលអាននិងសិក្សាស្រាវជ្រាវ៕